ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ព័ត៌​​មាន​​ផ្សព្វ​ផ្សាយ​​អនុ​ក្រឹត្យ​ហាម​ឃាត់​​​ការ​ផ្សាយ​​ពាណិជ្ជ​កម្ម​​បារី

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រសួង​ព័ត៌​​មាន​ បាន​សហ​ការ​ជា​មួយ​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ និង​អង្គ​ការ​​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា រៀប​ចំ​បើក​​សិក្ខា​សាលា​ផ្សព្វផ​្សាយ​​អនុ​ក្រឹត្យ​ស្តី​ពី​វិធាន​ការ​ហាម​​ឃាត់​ចំពោះ​​ការ​​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​​ផល​ថ្នាំ​ជក់​នៅ​​ទី​ស្តី​ការ​ក្រសួង ​​​​​កាល​ពីថ្ងៃ​ទី​៤ មីនា​ ក្រោម​​​អធិបតី​ភាព​​លោក​ថាច់ ផែន រដ្ឋ​លេខា​ធិការ​ក្រសួង​ព័ត៌​មាន ។ អនុ​ក្រឹត្យ​​នេះ​មាន​៦​ជំពូក និង​១៣​មាត្រា ​ដែល​មាត្រា​ទី​៤ បាន​ចែង​ថា ក្រសួង​សុខា​ភិបាល​​ជា​ស្ថាប័ន​​មាន​សមត្ថ​កិច្ច​ក្នុង​ការ​ណែ​នាំ​ និង​ត្រួត​ពិនិត្យ​​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល​ថ្នាំ​ជក់​​នៅ​ក្នុង​​ប្រទេស​កម្ពុជា ក្នុង​ករណី​​ចាំ​បាច់​​ក្រសួង​​នេះ ត្រូវ​សហ​ការ​ជា​មួយ​ស្ថាប័ន​​ពាក់​ព័ន្ធ ​ដែល​មាន​សមត្ថ​កិច្ច​ ។

លោក​ថាច់ ផែន បាន​ថ្លែង​ថា ​ផលិត​ផល​ថ្នាំ​ជក់​​បាន​ធ្វើ​ឱ្យ​មាន​អ្នក​​ស្លាប់​​៥,៤​លាន​នាក់ ក្នុង​មួយ​ឆ្នាំ​​ៗនៅ​លើ​ពិភព​លោក តាម​រយៈ​​ជំងឺ​ផ្សេងៗ​ដែល​កើត​ឡើង​ចំពោះ​អ្នក​ជក់​បារី និង​អ្នក​​ដែល​ស្រូប​ផ្សែង​បារី​ពី​គេ ជា​ពិសេស​ស្ត្រី​ និង​កុមារ ។ ​ថ្នាំ​ជក់​ មិន​ត្រឹម​តែ​បង្ក​មហន្ត​រាយ​ចំពោះ​សុខ​ភាព​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​ថែម​ទាំង​បាន​ធ្វើ​ឱ្យ​ខាត​បង់​សេដ្ឋ​កិច្ច​ជាតិ និង​ថវិកា​គ្រួសារ​​ទៀត​ផង ។ ជាក់​​ស្តែង​ ក្នុង​​១​ឆ្នាំៗ​ប្រជា​ពល​រដ្ឋ​​កម្ពុជា បាន​​ចំណាយ​ថវិកា​​​គ្រួសារ​​៦៩,៥​លាន​ដុល្លារ ​ទៅ​លើ​ការ​ទិញ​បារី​ជក់​ ។

ប្រឈម​មុខ​នឹង​មហន្ត​រាយ​នេះ​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា រួម​ជា​មួយ​ប្រទេស​ចំនួន​​១៦៨​​​នៅ​លើ​​សាកល​លោក បាន​ផ្តល់​សច្ចា​ប័ន​ចូល​ជា​សមា​ជិក​នៃ​អនុ​សញ្ញា​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ តាំង​ពី​​ថ្ងៃ​ទី​១៥ វិច្ឆិកា ​ឆ្នាំ​២០០៥ ។ ដោយ​ការ​ចូល​​ជា​សមា​ជិក​នេះ ភាគី​នីមួយៗ​ត្រូវ​មាន​កាតព្វ​កិច្ច​ក្រោម​មាត្រា​១៣ ហាម​ឃាត់​​ទាំង​ស្រុង​នូវ​រាល់​ទំរង់​​នៃ​ការ​ផ្សាយ​​ពាណិជ្ជ​កម្ម ការ​ផ្សព្វ​ផ្សាយ​​លក់​ផលិត​ផល​ថ្នាំ​ជក់ និង​ការ​ឧបត្ថម្ភ​កម្ម​វិធី​​របស់​ក្រុម​ហ៊ុន​ថ្នាំ​ជក់ ឱ្យ​បាន​ក្នុង​រយៈ​ពេល​៥​ឆ្នាំ បន្ទាប់​ពី​ប្រទេស​នោះ ចូល​ជា​សមា​ជិក​អនុ​​សញ្ញា។

ការ​អនុ​​ម័ត​ឱ្យ​មាន​វិធាន​ការ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​​ផ​លិត​ផល​ថ្នាំ​​ជក់​​គ្រប់​រូប​ភាព​របស់​​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​គឺ​ជា​ការ​​ឆ្លើយ​តប​ទៅ​នឹង​​កាតព្វ​កិច្ច​​ក្រោម​មាត្រា​១៣​នៃ​អនុ​សញ្ញា​ស្តី​ពី​ការ​ត្រួត​​ពិនិត្យ​​ថ្នាំ​​ជក់ ដើម្បី​​បង្ហាញ​សាកល​​លោក​ទាំងមូល​ថា កម្ពុជា​រួម​ចំណែក​​ការ​ពារ​មនុស្ស​ជំនាន់​ក្រោយ​​ពី​មហន្ត​រាយ​នៃ​ការ​ប្រើ​ប្រាស់​​ថ្នាំ​ជក់ ដោយ​ឡែក​ការ​ពារ​កុមារ​​ យុវ​ជន និង​ស្ត្រី​ ពី​អ​ន្ទាក់​​ទីផ្សារ​​ដែល​ទាក់​ទាញ​ឱ្យ​ធ្លាក់​​ទៅ​ក្នុង​​ការ​ញៀន​នីកូ​ទីន​ក្នុង​ផលិត​ផល​ថ្នាំ​ជក់​អស់​មួយ​ជីវិត ។ អនុ​ក្រឹត្យ​​ស្តី​ពី​វិធាន​ការ​ហាម​ឃាត់​​ចំពោះ​ការ​​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល​​​ថ្នាំ​ជក់ បាន​ហាម​ឃាត់​​គ្រប់​​រូប​ភាព និង​គ្រប់​មធ្យោ​បាយ​នៃ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ផលិត​ផល​ថ្នាំ​ជក់ និង​ទោស​ទណ្ឌ​​ក្នុង​ករណី​បំពាន​បាន​ដាក់​បន្ទុក​មិន​ត្រឹម​តែ​​ចំពោះ​ក្រុម​ហ៊ុន​ថ្នាក់​ជក់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ចំពោះ​​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​​ទៀត​ផង ៕