ទ្វីបអាស៊ីនឹងក្លាយជាទីផ្សារអាកាសយានដ្ឋានដ៏ធំបំផុតក្នុងឆ្នាំ២០០២ស្មើនឹង១ភាគ៣នៃទីផ្សារពិភពលោក ព្រោះតំរូវការរបស់អ្នកប្រើប្រាស់មានការកើនឡើង។
តាមក្រុមហ៊ុនអ៊ែរ៍បាស កាលពីថ្ងៃទី៧ មីនា ឱ្យដឹងថា ការបញ្ជាទិញយន្តហោះខ្នាតតូចពីអតិថិជននៅប្រទេសចិនកើនឡើងជាបន្តបន្ទាប់ស្មើនឹងចំនួនលក់នៅក្នុងតំបន់មជ្ឈិមបូព៌ាកាលពីប៉ុន្មានឆ្នាំកន្លងទៅ។ ការធ្វើចរាចរតាមផ្លូវអាកាសនៅទូទាំងពិភពលោកនឹងមានលក្ខណៈចង្អៀតដល់ទៅទ្វេដងក្នុងរយៈពេល១៥ឆ្នាំខាងមុខ ដោយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងក្លាយជាទីផ្សារហោះហើរដ៏ធំបំផុតនាំមុខអាមេរិកខាងជើង និងអឺរ៉ុប ដោយចំនួនយន្តហោះបញ្ជាទិញថ្មីមានចំនួន៨.៥៦០គ្រឿង តំលៃសរុប១,២លានលានដុល្លារ មានន័យថា នៅតំបន់អាស៊ីប៉ាស៊ីហ្វិកមានអ្នកបញ្ជាទិញចំនួន៣៣%ពីអត្រាទិញនៅទូទាំងពិភពលោក ដោយមុននេះមានត្រឹមតែ២៦%ពី ឆ្នាំ១៩៩០ដល់២០០៩។
ឧស្សាហកម្មផ្នែកហោះហើរនឹងរីកចំរើនប្រហែល៤,៨%ក្នុងមួយឆ្នាំគិតក្នុងរយៈពេល២ទសវត្សខាងមុខ ខណៈពេលប្រាក់ចំណេញកាលពីឆ្នាំ២០១០កើនខ្ពស់ដល់ទៅ៣០.០០០លានដុល្លារ។ ទីផ្សារផ្នែកហោះហើរនៅទ្វីបអាស៊ីរីកចំរើនឆាប់ជាងភូមិភាគផ្សេងៗទៀត ដោយចំនួនអ្នកដំណើរបានកើនឡើងប្រហែល៥,៨%ក្នុងមួយឆ្នាំ ចំណែកមុខជំនួញដឹកជញ្ជូនទំនិញនឹងរីកចំរើនជាង៧%ធៀបនឹងអត្រាមធ្យម៥,៩%នៅទូទាំងពិភពលោក។ លោកគ្រីស អេម័រសុន អនុប្រធានយុទ្ធសាស្ត្រផលិតផល និងផ្នែកវាយតំលៃទីផ្សាររបស់អ៊ែរ៍បាស់បញ្ជាក់ឱ្យដឹងថា អាស៊ីមានជើងហោះហើរថ្មីៗនៅលើសាកលលោក និងប្រើប្រាស់ថាមពលតិចជាងយន្តហោះស៊េរីចាស់ ខណៈពេលក្រុមហ៊ុនអាកាសចរណ៍ដើមទុនទាបក៏មានការរីកចំរើនយ៉ាងឆាប់រហ័សនៅ ក្នុងភូមិភាគនេះ។
លោកហ្វ្រង់ស្វ័រ ឆាសេល មន្ត្រីរបស់ក្រុមហ៊ុន AIRBUS ថ្លែងថា អត្រាបញ្ជាទិញយន្តហោះខ្នាតតូចពីអតិថិជនរបស់ចិនមានប្រហែល២៥%នៃអត្រាលក់សរុបកាលពីឆ្នាំមុនដោយតួលេខនោះអាចកើនឡើងប្រហាក់ប្រហែលនឹងអត្រាលក់៥០%ក្នុងតំបន់មជ្ឈិមបូព៌ាក្នុងរយៈពេល១ទៅ២ឆ្នាំខាងមុខ ៕
ចែករំលែកព័តមាននេះ