ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍ ចេញ​សារាចរ​ណែនាំ ៧​ចំណុច ដើម្បី​គ្រប់គ្រង​ចរន្ត​ទេសចរ នៅតាម​តំបន់​ទេសចរណ៍​ទូទាំងប្រទេស

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ បន្ទាប់ពី​រាជរដ្ឋាភិបាល សម្រេច​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​ការបញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស​រួចមក ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ បានចេញ​សារាចរ​ណែនាំ ស្តីពី…

​រាជធានី​ភ្នំពេញ​៖ បន្ទាប់ពី​រាជរដ្ឋាភិបាល សម្រេច​បញ្ចប់​ការហាមឃាត់​ការធ្វើដំណើរ និង​ការបញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស​រួចមក ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ បានចេញ​សារាចរ​ណែនាំ ស្តីពី ការរៀបចំ​គ្រប់គ្រង​ចរន្ត​ភ្ញៀវទេសចរ នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​ទូទាំងប្រទេស​។

សេចក្តីណែនាំ លើកឡើងថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​អាច​កើតមាន​ជាយថាហេតុ នៅតាម​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​ទូទាំងប្រទេស ក្រសួងទេសចរណ៍ បាន​ណែនាំ​ចំណុច​សំខាន់ ៧​ចំណុច ដូចខាងក្រោម​៖

១-​មន្ទីរ​ទេសចរណ៍​ខេត្ត​នានា ត្រូវ​សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​ពិនិត្យ​បើក​ឡើងវិញ​នូវ​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​ក្នុង​មូលដ្ឋាន​របស់ខ្លួន​។ ដោយឡែក ចំពោះ​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍ ដែល​ស្ថិតក្នុង​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល និង​ក្នុង​ខេត្ត ឬ​តំបន់​ដែល​បាន​ដាក់ចេញ​វិធាន​ការបិទ​ខ្ទប់ មន្ទីរ​ទេសចរណ៍​ត្រូវ​បន្ត​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​-​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ការបិទ​គោលដៅ​ខាងលើ​ជា​បណ្តោះអាសន្ន​បន្តទៀត រហូតដល់​មានការ​សម្រេច​ដាក់ចេញ​នូវ​វិធានការ​ថ្មី​។

២-​ចំពោះ​ខេត្ត ឬ​តំបន់​ដែល​មិនមាន​ការបិទ​ខ្ទប់ មន្ទីរ​ទេសចរណ៍​ត្រូវ​សហការ​ជាមួយ​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ចូលរួម​អនុវត្ត​វិធានការ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ម៉ត់ចត់ ដោយ​មិនត្រូវ​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក ឬ​ត្រូវ​ផ្តល់​សំណាក​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ចូលទៅ​កម្សាន្ត​ក្នុង​គោលដៅ​ទេសចរណ៍​ខាងលើ​ជាដាច់ខាត​។

៣-​គ្រប់​គោលដៅ​ទេសចរណ៍​ខាងលើ ត្រូវអនុវត្ត​ឲ្យ​បាន​យ៉ាង​ខ្ជាប់ខ្ជួន និង​ម៉ឺងម៉ាត់​នូវ​វិធានការ​ទាំងឡាយ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពិសេស​វិធានការ «៣ ការពារ​» គឺ​ពាក់​ម៉ាស់ លាងដៃ និង​រក្សា​គម្លាត​សុវត្ថិភាព និង​វិធានការ «៣ កុំ​» គឺ​កុំទៅ​កន្លែង​ដែលមាន​មនុស្សម្នា​ច្រើន​កុះករ កុំ​ចូលទៅ​កន្លែង​ដែល​បិទ​ជិតឈឹង និង​កុំ​ប៉ះពាល់​គ្នា ព្រមជាមួយ​ការខិតខំ​អនុវត្ត​ការគ្រប់គ្រង និង​អភិវឌ្ឍ​គោលដៅ​ទេសចរណ៍​ក្នុង «​គន្លង​ថ្មី ឬ New Normal Protocol»​។

៤-​គ្រប់​គោលដៅ​ទេសចរណ៍​ខាងលើ ត្រូវធ្វើ​ការកត់ត្រា​ភ្ញៀវទេសចរ​ទាំងអស់ ជាពិសេស​អាសយដ្ឋាន និង​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ពិសេស​គ្រប់​មូលដ្ឋាន​ទាំងអស់ ត្រូវ​ចុះឈ្មោះ​បង្កើត និង​ប្រើប្រាស់​ប្រព័ន្ធ QR Code ទប់ស្កាត់​កូ​វីដ​-១៩ និង​តម្រូវ​ឲ្យ​ភ្ញៀវទេសចរ​ត្រូវតែ​ស្កេ​ន​ជាដាច់ខាត មុន​ចូលទៅក្នុង​កន្លែង​របស់​ខ្លួន​។ ទន្ទឹមនឹងនេះ ត្រូវ​រៀបចំ​នូវ​ការត្រួតពិនិត្យ​កម្ដៅ ការបាញ់​អាល់កុល​សម្លាប់​មេរោគ ហើយ​ភ្ញៀវទេសចរ​ត្រូវតម្រូវ​ឲ្យ​ពាក់​ម៉ាស់​ស្របតាម​គោលការណ៍​សុខាភិបាល​។

៥-​គ្រប់​គោលដៅ​ទេសចរណ៍​ខាងលើ ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ឲ្យ​បានល្អ​ប្រសើរ ពិសេស​ត្រូវ​កំណត់​សមត្ថភាព​ផ្ទុក (Carrying Capacity) អតិបរមា ដែល​អាច​ទទួលភ្ញៀវ​បាន​ក្នុងពេល​តែមួយ​អនុលោម​តាម​ស្តង់ដា​គម្លាត​សុវត្ថិភាព និង​មិនត្រូវ​ទទួលភ្ញៀវ​លើសពី​ចំណុះ​នេះ​ជាដាច់ខាត​។ ទន្ទឹមនឹងនេះ ត្រូវ​ជំរុញ​លើកទឹកចិត្ត​ភ្ញៀវទេសចរ​ឲ្យ​ទៅ​លម្ហែ​កម្សាន្ត​តែ​ជាមួយ​ធម្មជាតិ និង​សក្តានុពល​ដែលមាន​ក្នុង​គោលដៅ​ទេសចរណ៍​ខាងលើ ដោយ​មិនត្រូវ​រៀបចំ​ឲ្យ​មានការ​ជួបជុំ​ជាដាច់ខាត​។ ចំពោះ​ការជួបជុំ​ជា​ក្រុម​តូច​ដែល​ចាំបាច់ (​លក្ខណៈ​ជា​ក្រុមគ្រួសារ​ផ្ទាល់​) នៅក្នុង​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ឬ​កន្លែង​ទទួល ទាន​អាហារ​ដែលមាន​នៅក្នុង​គោលដៅ​ទេសចរណ៍​ខាងលើ ក៏​ចាំបាច់​ត្រូវតែ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ឲ្យ​បាន​ត្រឹមត្រូវ (​យ៉ាងតិច ១.៥ ម៉ែត្រ​ពីគ្នា​)​។

៦-​ព្រមជាមួយ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ គ្រប់​គោលដៅ​ទេសចរណ៍​ខាងលើ ត្រូវ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ថែរក្សា​បរិស្ថាន​-​អនាម័យ និង​រក្សា​តម្លៃ​ផលិតផល និង​សេវាកម្ម​ឲ្យ​បាន​សមរម្យ​។

៧-​គ្រប់​គោលដៅ​ខាងលើ ត្រូវអនុវត្ត​សារាចរ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ករណី​ខកខាន​មិនបាន​អនុវត្ត ឬ​អនុវត្ត​មិនបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​សារាចរ​ណែនាំ​នេះ មន្ទីរ​ទេសចរណ៍​មិនត្រូវ​អនុញ្ញាត​ឲ្យ​គោលដៅ​ទេសចរណ៍​ខាងលើ បើក​ដំណើរការ​ជាដាច់ខាត និង​អាច​ប្រឈម​ទៅនឹង​វិធានការ​ច្បាប់​ជា​ធរមាន ពិសេស​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​៕ សុខ សា​រ៉ា​យ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ