ខេត្តបាត់ដំបង ៖ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានចេញបញ្ជាភ្លាមៗតាមរយៈសារជាសម្លេង កាលពីថ្ងៃទី២៤ មេសា ទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចតាមបណ្ដាស្រុកនានា ជាពិសេសស្រុកចំនួន០៣ ដែលមានព្រំប្រទល់ជាប់ខេត្តបន្ទាយមានជ័យ ដែលការបញ្ជានេះបានធ្វើឡើង ក្រោយពីប្ដីប្រពន្ធ០២នាក់ ធ្វើដំណើរពីក្រុងប៉ោយប៉ែត លួចឆ្លងព្រំប្រទលខេត្ត ឆ្ពោះទៅកាន់ផ្ទះរបស់ខ្លួននៅស្រុកមោងប្ញស្សី មាន
«វិជ្ជមានកូវីដ១៩» ក្រោយធ្វើតេស្តលើកដំបូង ។
តាមរយៈសារជាសម្លេង ដែលលោកអភិបាលខេត្ត ផ្ញើជាពិសេសទៅកាន់លោកអភិបាលស្រុក និងកងកម្លាំងសមត្ថកិច្ចចំនួន០៣ ដែលជាប់ព្រំប្រទលខេត្តបន្ទាយមានជ័យ គឺស្រុកថ្មគោល ស្រុកបវេល និង ស្រុកសំពៅលូន លោក ងួន រតនៈ បានមានប្រសាសន៍ដូច្នេះថា «ឥឡូវនេះ កូវីដ១៩ផ្ទុះខ្លាំងនៅប៉ោយប៉ែត មនុស្សបុកច្រាលខ្លាំងចេញពីប៉ោយប៉ែតមកបាត់ដំបង តាមគ្រប់មធ្យោបាយ ឥឡូវមកដល់ស្រុកមោង ពីរនាក់មានទាំងពីរ ។ អីចឹង គាត់មកតាមម៉ាឡៃ មកតាមបឹងប្រាំ រូងជ្រៃ ឬ ក៏ផ្លូវផ្សេងទៀត អីចឹងសូមឲ្យគណៈបញ្ជាការកងឯកភាពស្រុកនីមួយៗ ចាត់តាំងកម្លាំងល្បាតភ្លាម ព្រោះកម្លាំងសមត្ថកិច្ចជាច្រើនបានដាក់ពង្រាយតាមផ្លូវធំៗអស់ហើយ»។
នៅក្នុងសារជាសម្លេងនោះ លោកអភិបាលខេត្តបានបញ្ជាកម្លាំងគណៈបញ្ជាការកងឯកភាពស្រុកទាំង០៣នេះ ត្រូវដាក់ពង្រាយនៅតាមផ្លូវនានា គ្រប់ច្រកល្ហកទាំងអស់នៅក្នុងភូមិសាស្ត្រទឹកដីរបស់ខ្លួន។ ជាមួយនឹងការរឹតត្បិតនេះ លោកអភិបាលខេត្ត ក៏បានចេញបញ្ជាយ៉ាងតឹងរឹង ឲ្យចាប់ឃាត់ខ្លួនអ្នកដំណើរទាំងអស់ ដើម្បីសួរនាំ។ ត្រង់ចំណុចនេះ លោក ងួន រតនៈ បានសង្កត់ធ្ងន់ថា «ខ្ញុំមិនជឿថា អ្នករត់តាក់ស៊ីមករត់តាមផ្លូវជនបទអីចឹងទេ ដូច្នេះ ត្រូវចាប់ទាំងអស់ចាប់យកមកសួរនាំ»។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៣ មេសា កន្លងទៅនេះ មានរដ្ឋចំនួន០២នាក់ ជាប្ដីប្រពន្ធ គឺប្ដីឈ្មោះ ផាត់ ផន អាយុ៥១ឆ្នាំ និងប្រពន្ធឈ្មោះ ទឹម សាម៉ន អាយុ៤២ឆ្នាំ បានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត តាមមធ្យោបាយគ្រប់យ៉ាង លួចឆ្លងព្រំប្រទល់ខេត្ត គេចវែសពីគោលដៅត្រូតពិនិត្យរបស់សមត្ថកិច្ចនានា ជាពិសេសគេចពីគោលដៅលើផ្លូវជាតិលេខ៥ ឆ្ពោះមកកាន់ផ្ទះរបស់គាត់នៅភូមិទូលតាផូ ឃុំរបស់មង្គល ស្រុកមោងឬស្សី។ ប៉ុន្តែពេលមកដល់ផ្ទះ អាជ្ញាធរមូលដ្ឋានក៏បានរាយការណ៏និងបាននាំប្ដីប្រពន្ធនេះ ទៅកាន់មណ្ឌលចត្តាឡីស័ក ដើម្បីធ្វើតេស្តរកមេរោគភ្លាមៗដែរ។
បើតាមរបាយការណ៏បឋមរបស់គ្រូពេទ្យ ក៏ដូចមន្ត្រីរដ្ឋបាលស្រុកមោងឬស្សី បានអះអាងថា ការធ្វើតេស្ដរហ័សលើកទីដំបូង គឺប្ដីប្រពន្ធនេះមាន«វិជ្ជមានកូវីដ១៩»។ ប៉ុន្តែបើយោងលើរបាយការណ៏របស់លោក វឿង ប៊ុនរេត ប្រធានមន្ទីសុខាភិបាលខេត្ត ដែលបានបញ្ជាក់អំពីការធ្វើតេស្ដជំហ៊ានទី០២ ទៅលើប្ដីប្រពន្ធនេះ បានឲ្យដឹងថា លទ្ធផលបញ្ជាក់តេស្ដ Gyne Expert នៅមន្ទីរពិសោធន៏ នៃមន្ទីរពេទ្យខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៤ មេសា គឺ ប្ដីប្រពន្ធនេះ «អវិជ្ជមាន» ហើយសំណាកទាំង០២ នឹងត្រូវធ្វើតេស្ដ នៅ៤៨ម៉ោងក្រោយម្ដងទៀត។
យ៉ាងណាក៏ដោយ ប្ដីប្រពន្ធទាំង០២នាក់នេះ ពេលនេះកំពុងត្រូវបានឲ្យចត្តាឡីស័ក នៅវិទ្យាល័យមោងឬស្សី។ ប៉ុន្តែលោកប្រធានមន្ទីរ ក៏បានបញ្ជាក់ដែរថា ជាមួយនឹងការរកឃើញប្ដីប្រពន្ធមាន«វិជ្ជមាន»ខាងលើនេះ ក្រុមការងារក៏បានស្រាវជ្រាវរកឃើញមនុស្សចំនួន០៣នាក់ទៀត ដែលជាប់ពាក់ព័ន្ធដែលត្រូវជាកូននិងក្មួយ តែពួកគេ អវិជ្ជមាន ក្រោយធ្វើតេស្ដ។ ពេលនេះកំពុងដាក់ឲ្យចត្តាឡីស័កទាំងអស់គ្នា។
ពាក់ព័ន្ធនឹងការរឹតបន្ដឹងនៅតាមដងផ្លូវ ឬ តាមបណ្ដាច្រកនានា នៅក្នុងភូមិសាស្ត្រ ស្រុកចំនួន០៣ នៅក្នុងខេត្តបាត់ដំបង ដែលមានព្រំប្រទល់ជាប់ខេត្តបន្ទាយមានជ័យ តាមបទបញ្ជារបស់លោកអភិបាលខេត្តបាត់ដំបង ខាងលើនេះ បើតាមសមត្ថកិច្ចប្រចាំការតាមគោលដៅនីមួយៗបានឲ្យដឹងថា ពេលនេះកម្លាំងសមត្ថកិច្ចបានដាក់ពង្រាយស្ទើរគ្រប់ច្រកហ្ហកទាំងអស់ មិនថា ផ្លូវតូចឬផ្លូវធំនោះទេ។
លោក សុខ សារិន អធិការស្រុកបវេល បានប្រាប់កោះសន្តិភាពថា នៅក្នុងភូមិសាស្ត្រទឹកដីរបស់លោក មានចំនួន០៥គោលដៅ ដែលកម្លាំងចម្រុះរបស់លោកកំពុងដាក់ពង្រាយត្រូតពិនិត្យអ្នកដំណើរ។ ក្នុងនោះមាននៅក្នុងភូមិសាស្ត្រឃុំបឹងប្រាំ មាន០២គោលដៅ និង នៅក្នុងឃុំល្វា មានចំនួន០៣គោលដៅ។
ដោយឡែក នៅក្នុងភូមិសស្ត្រ ស្រុកថ្មគោលវិញ លោក ផង់ សុភាព អធិការស្រុកនេះ បានឲ្យដឹងដែរថា កម្លាំងចម្រុះរបស់លោកមួយចំនួនធំ ឈរនៅលើគោលដៅធំ ផ្លូវជាតិលេង៥ ព្រំប្រទល់ខេត្តបន្ទាយមានជ័យ រីឯកម្លាំងមួយចំនួនទៀត បានដាក់ពង្រាយនៅតាមផ្លូវនានា ដែលចុះទៅតាមមូលដ្ឋាន។
ជាមួយនឹងវិធានការក្រឡាញឹករបស់អាជ្ញាធរខេត្ត ដើម្បីទប់ស្គាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការគាំទ្រទាំងស្រុងចំពោះផែនការនេះ។ សម្ដេចក្រឡាហោម បានផ្ញើសារជាសម្លេង ទៅកាន់អាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ទូទាំងប្រទេសយ៉ាងដូច្នេះថា « ធ្វើម៉េចត្រូវគ្រប់គ្រង ការចេញចូលរបស់ពលរដ្ឋនៅក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានណែន តែបើក្ដាមមិនបានអាហ្នឹងវារីកសាយហើយ។ ធ្វើម៉េចប្រចាំថ្ងៃហ្នឹង ឲ្យក្ដាប់ឲ្យជាប់ បើមានអីត្រូវដោះស្រាយភ្លាម មានតែធ្វើចឹងទេ ឲ្យគ្រប់ភូមិ
ប៉ុស្តិ៍នគរបាល សំខាន់ភូមិតែម្ដង ដែលនៅផ្ទាល់ដឹងថា មានអ្នកថ្មី ឬក៏អ្នកភូមិហ្នឹងក្ដី ដែលទៅណាបាត់.. ហើយត្រឡប់មកវិញ អាហ្នឹងត្រូវតែផ្ដល់ព័ត៏មាន ឬ ក៏ត្រូតពិនិត្យបែបណានោះ ដើម្បីឲ្យដឹង ។ ចឹងធ្វើហ្នឹងល្អហើយ.. (វិធានការរឹតបន្ដឹងតាមមូលដ្ឋាន) បិទទៅ.. បើទុកដូចនៅប៉ោយប៉ែត ស្រាប់តែផ្ទុះឡើង៧០-៨០នាក់ចឹងអន្តរធានហើយ..» ៕ ដោយ៖ ឆោម ពិសម័យ
ចែករំលែកព័តមាននេះ