ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់​បន្លែ​តាម​ផ្ទះ និង​រទេះរុញ​ត្អូញត្អែរ​ ខ្សត់​អ្នកទិញ អត់​លុយ​បង់​ធនាគារ ក្រោយ​បិទ​​ផ្សារ​ទាំង​២២

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជីវករ​ដែល​លក់​នៅ​តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បិទ​ខ្ទប់​ជា​បន្តបន្ទាប់​នោះ អាជីវករ​មួយ​ចំនួន​បាន​ផ្លាស់​ប្តូរ​មក​លក់ ត្រី​សាច់ និង​គ្រឿងទេស​នៅផ្ទះ​របស់​ខ្លួន​វិញ ។ អ្នកខ្លះ​ទៀត​ក៏​ឆ្នៃ​រទេះរុញ…

រាជធានី​ភ្នំពេញ ៖ អាជីវករ​ដែល​លក់​នៅ​តាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ បិទ​ខ្ទប់​ជា​បន្តបន្ទាប់​នោះ អាជីវករ​មួយ​ចំនួន​បាន​ផ្លាស់​ប្តូរ​មក​លក់ ត្រី​សាច់ និង​គ្រឿងទេស​នៅផ្ទះ​របស់​ខ្លួន​វិញ ។ អ្នកខ្លះ​ទៀត​ក៏​ឆ្នៃ​រទេះរុញ រ៉ឺ​ម៉ក់​ម៉ូតូ​ដាក់​បន្លែ​គ្រប់មុខ​លក់​ចល័ត ប៉ុន្តែ​ការ​លក់​បែប​នេះ មិនសូវ​មាន​ប្រជាពលរដ្ឋ​ទិញ​នោះ​ទេ ។

អ្នកស្រី យន់ ច​ន្ថា អាយុ​ជាង​៤០​ឆ្នាំ ទីលំនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៤ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ជា​អ្នក​បន្លែ ត្រី សាច់ នៅផ្ទះ បាន​និយាយ​ឲ្យ​ដឹង​ថា ៖ ក្រោយ​ពី​ផ្សារ​សេរីភាព ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ផ្អាក​ឈប់​ឲ្យ​លក់ បន្ទាប់​ពី​រក​ឃើញ​អាជីវករ​ម្នាក់​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ រូប​គាត់​ក៏​បាន​បង្វែ​ការ​លក់​បន្លែ ត្រី សាច់ នៅផ្ទះ​វិញ បើ​មិន​ដូច្នេះ​ទេ គាត់​ប្រឈម​ការ​គ្មាន​លុយ​បង់​ឲ្យ​ធនាគារ​នោះ​ទេ ។ ហើយ​ការ​លក់ដូរ​របស់​គាត់​មិនសូវ​ដាច់​ដូច​លក់​ក្នុង​ផ្សារ​នោះ​ទេ ទំនង​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​ខ្លាច​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ទើប​មិន​ហ៊ាន​ចេញពីផ្ទះ ។

ស្ត្រី​ម្នាក់​វ័យ​ប្រមាណ​៣០​ឆ្នាំ​ម្នាក់​ទៀត​បាន​ឆ្នៃ​រទេះរុញ​ដាក់​បន្លែ​គ្រប់មុខ​លក់​ចល័ត​នៅ​ម្តុំ​ផ្សារ​អូរ​ឫស្សី បាន​និយាយ​ថា ៖ គាត់​នៅ​តែ​បន្ត​លក់ដូរ​ដូច​សព្វដង ក្រោយ​ពីសា​លា​រាជធានី​ភ្នំពេញ ផ្អាក​ការ​លក់ដូរ​នៅ​ផ្សា​របឹង​ព្រលិត ខណ្ឌ​៧​មក​រា ។ ប៉ុន្តែ​ការ​លក់ដូរ​ចល័ត​នេះ មិនសូវ​កាក់កប​នោះ​ទេ ដោយសារ​តែ​សមត្ថកិច្ច​មូលដ្ឋាន​ចេះ​តែ​មក​ដេញ ព្រោះ​មានការ​ប្រមូល​ម្តុំ​ពី​ប្រជាពលរដ្ឋ​ចោមរោម​ទិញ​បន្លែ សាច់​។​តែ​យ៉ាងណា​ក៏​ដោយ ការ​លក់ដូរ​របស់​អាជីវករ​រូប​នេះ បាន​ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល នៅ​ក្នុង​បិទ​ខ្ទប់​នេះ​។

មិន​ខុស​ពី​អាជីវករ​ខាងលើ អ្នកស្រី យ៉ា រុំ ដែល​លក់​បន្លែ និង​សាច់​ជ្រូក សាច់​គោ​នៅ​លើ​ចិញ្ចើម​ផ្លូវ​លេខ​៩៣ (​ខាងត្បូង​ផ្សារ​ទួល​សង្កែ​) ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បាន​លើក​ឡើង​ថា ៖ ក្នុងអំឡុងពេល​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ថា ការ​លក់ដូរ​របស់​គាត់​ហាក់​គាប់ប្រសើរ​។ ស្ត្រី​រូប​នេះ អាច​លក់​បន្លែ​បាន​ដល់​ទៅ​៥០​គីឡូក្រាម​ឯណោះ​ក្នុង​មួយ​ថ្ងៃ​។ លក់​បន្លែបង្ការ​ដាច់​គួរសម ។ ប៉ុន្តែ​ការ​លក់ដូរ​របស់​គាត់​ក៏​ដូច​អ្នក​ផ្សេង​ៗ​ទៀត​ដែល​លក់​លើ​ចិញ្ចើម​ផ្លូវ​លេខ​៩៣​នេះ ប្រឈម​នឹង​ការ​ឲ្យ​ឈប់​លក់​ពី​អាជ្ញាធរ​មូលដ្ឋាន​តាម​បទបញ្ជា​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ ដាក់​ចេញ​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២១ ។ ពេល​នេះ​រូប​គាត់​ក៏​ដូច​ជា​អាជីវករ​ផ្សេង​ៗ​ទៀត ប្រឈម​នឹង​ការ​ខ្វះខាត​លុយកាក់​បង់​ទៅ​ឲ្យ​ធនាគារ​តែ​ម្តង​។

គួ​រំលឹក​ថា ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​បិទ​ខ្ទប់​ភូមិសាស្ត្ររ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ រយៈពេល​២​ស​ប្តា​ហ៍ គឺ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៨ ខែមេសា ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩​។ ក្នុងអំឡុងពេល​បិទ​ខ្ទប់ អាជ្ញាធរ​ក៏​បាន​ផ្អាក​បណ្ដោះអាសន្ន ផ្សា​របោះ​ដុំ​បន្លែ និង​ផ្សារ​នានា​ចំនួន​២២​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ពី​រក​ឃើញ​អាជីវករ និង​សន្តិសុខ​ផ្សារ​តេស្ត​វិជ្ជមាន​កូ​វី​ដ​-១៩​។ ផ្សារ​ខ្លះ​ត្រូវ​បិទ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ករណី​ឆ្លង​កូ​វី​ដ​-១៩​។

សេចក្តីជូនដំណឹង​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ៖ ផ្សា​រដ្ឋ និង​ផ្សារ​មិន​រៀបរយ​ទាំងអស់ ដែល​ត្រូវ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន មាន​ដូច​ជា ផ្សារ​ក្រមួន ផ្សារ​ចាត់តាំង ផ្សា​រោងចក្រ ផ្សារ​សហគមន៍ ផ្សារ​ក្នុង​ដី​ឡូ​តិ៍​ឯកជន ផ្សារ​ជុំវិញ​មន្ទីរពេទ្យ និង​ផ្សារ​តាម​ចិញ្ចើម​ផ្លូវ​ជាដើម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ៖ ផ្សារ​ទាំង​២២ ដែល​ត្រូវ​បាន​បិត​បណ្តោះអាសន្ន នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នោះ ៖
១. មជ្ឈមណ្ឌល ពាណិជ្ជកម្ម ផ្សារ​អូរ​ឫស្សី ( ខណ្ឌ​៧​មក​រា )
២. ផ្សារ​ដើម​គរ និង​ផ្សារ​បន្លែ ( ខណ្ឌទួលគោក និង​ខណ្ឌ​បឹង​កេងកង )
៣. ផ្សារ ចាស់ ( ខណ្ឌដូនពេញ )
៤. ផ្សារ ធំ​ទួល​សង្កែ ( ខណ្ឌឫស្សីកែវ )
៥. ផ្សារ បឹង​ត្របែក​ផ្លា​ហ្សា ( ខណ្ឌចំការមន )
៦. ផ្សារ ត្រពាំង​ថ្លឹង ( ខណ្ឌ​ពោធិ៍​សែន​ជ័យ )
៧. ផ្សារ ឯករាជ្យ​១ ( ខណ្ឌ​ពោធិ៍​សែន​ជ័យ )
៨. ផ្សារ ទួល​ពង្រ ( ខណ្ឌ​ពោធិ៍​សែន​ជ័យ )
៩. ផ្សារ សេន​ជូ​រី​ផ្លា​ហ្សា ( ខណ្ឌ​ពោធិ៍​សែន​ជ័យ )
១០. ផ្សារ ពោធិ៍​ចិន​តុង ( ខណ្ឌ​ពោធិ៍​សែន​ជ័យ )

១១. ផ្សារ​កណ្ដាល ( ខណ្ឌដូនពេញ )
១២. ផ្សារ ដេប៉ូ ( ខណ្ឌទួលគោក )
១៣. ផ្សារ ពិភព​ថ្មី​ឈូក​មាស ( ខណ្ឌ​សែន​សុខ )
១៤. ផ្សារ រីករាយ ( ខណ្ឌ​សែន​សុខ )
១៥. ផ្សារ អូ​ឡាំ​ពិ​ក ( ខណ្ឌ​បឹង​កេងកង )
១៦. ផ្សារ ទឹកថ្លា ( ខណ្ឌ​សែន​សុខ )
១៧. ផ្សារ ងិ​ន​អាន ( ខណ្ឌ​ឬ​ស្សី​កែវ )
១៨. ផ្សារ ច្បារ​អំពៅ ( ខណ្ឌ​ច្បារ​អំពៅ )
១៩. ផ្សារ បន្លែ​ច្បារ​អំពៅ ( ខណ្ឌ​ច្បារ​អំពៅ )
២០. ផ្សារ ឆេ​កូ ឬ ផ្សារ គីឡូម៉ែត្រ​លេខ​៦ ( ខណ្ឌ​ឬ​ស្សី​កែវ )
២១. ផ្សារ ច្រាំង​ចំរេះ ( ខណ្ឌ​ឬ​ស្សី​កែវ )
២២. ផ្សារ ទួល​សង្កែ ( ខណ្ឌឫស្សីកែវ )៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ