ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​សវន​កម្ម​ជាតិ​បង្ហាញ​ពី​សវន​កម្ម​លើ​គម្រោង​ជំនួយ​​ក្រៅ​ប្រទេស

15 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ អាជ្ញា​ធរ​សវន​កម្ម​ជាតិ​បាន​រៀបចំ​បើក​សិក្ខា​សាលា​ស្តី​អំពី​សវន​កម្ម​លើ​គម្រោង​ជំនួយ​ក្រៅ​ប្រទេស​កាល​ពី​ថ្ងៃ​ទី​២៩ មីនា នៅ​សណ្ឋា​គារ​អាំង​ទែរកុង​ទីណង់​តាល់ ក្រោម​អធិ​បតី​ភាព​លោក​ឆាយ គឹម អគ្គ​សវន​​ករ​រង​នៃ​អាជ្ញា​ធរ​សវន​កម្ម​ជាតិ។ ​លោក​ឆាយ គឹម ​ថ្លែង​​ថា អាជ្ញា​ធរ​សវន​កម្ម​ជាតិ (អ.ស.ជ) គឺ​ជា​ស្ថាប័ន​សវន​កម្ម​កំពូល​ដែល​ទើប​តែ​បង្កើត​ថ្មី អនុ​លោម​តាម​ច្បាប់​ស្តីពី​សវន​កម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះ​រាជ​ក្រម​ ចុះ​​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០០០។ អ.ស.ជ បាន​ចាប់​ផ្តើម​ដំណើរ​ការ​ការ​ងារ​របស់​ខ្លួន​នៅ​ដើម​ឆ្នាំ​២០០២ ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​មួយ​ចំនួន​ដែល​បាន​ផ្ទេរ​មក​ពី​ក្រសួង​នានា​នៃ​រាជ​រដ្ឋា​ភិបាល ភាគ​ច្រើន​មក​ពី​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ ពិសេស​ពី​ខាង​អគ្គា​ធិការ​ដ្ឋាន។ ក្រៅ​ពី​នេះ មន្ត្រី​សវន​កម្ម​មួយ​ចំនួន​ធំ​គឺ​ជា​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​នានា ផ្នែក​គណ​នេយ្យ គ្រប់​គ្រង សេដ្ឋ​កិច្ច ច្បាប់ វិស្វ​កម្ម និង​ព័ត៌​មាន​វិទ្យា ហើយ​​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ចូល​បម្រើ​ការ​នៅ​ឆ្នាំ​២០០៣ និង​ឆ្នាំ​២០០៦។

និយាយ​រួម មន្ត្រី​ទាំង​អស់​នៅ​មាន​ចំណេះ​ដឹង​ផ្នែក​វិជ្ជា​ជីវៈ​សវន​កម្ម​មាន​កម្រិត​នៅ​ឡើយ។ គោល​ការណ៍​របស់​យើង គឺ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​ជាក់​ស្តែង ដើម្បី​ប្រែក្លាយ​បុគ្គ​លិក​ទាំង​នោះ​ឱ្យ​ក្លាយ​ជា​សវន​ករ​របស់​អាជ្ញា​ធរ​សវន​កម្ម​ជាតិ​ប្រកប​ដោយ​វិជ្ជា​ជីវៈ។ លោក​ឆាយ គឹម បន្ត​ថា ការ​កសាង​សមត្ថ​ភាព​ស្ថាប័ន គឺ​ជា​សកម្ម​ភាព​ដែល​ត្រូវ​ធ្វើ​ជា​បន្ត​បន្ទាប់ និង​មាន​​តម្រូវ​ការ​ជា​និច្ច ហើយ​ចាំ​បាច់​ត្រូវ​មាន​ពេល​វេលា និង​ការតាំង​ចិត្ត​ខ្ពស់។ តួនាទី​នៃ​ស្ថាប័ន​សវន​កម្ម​កំពូល​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ប្លែក​ពី​ស្ថាប័ន​ដទៃ​ទៀត។ ស្ថាប័ន​សវន​កម្ម​កំពូល មិន​ត្រឹម​តែ​ផ្តោត​លើ​ចំណេះ​ដឹង​ផ្នែក​ជំនាញ​​វិជ្ជា​ជីវៈ​សវន​កម្ម​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​សមត្ថ​ភាព​ ចំណេះ​ដឹង​គ្រប់​គ្រាន់​លើ​​ផ្នែក​ច្បាប់​ហិរញ្ញ​វត្ថុ ដំណើរ​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ និង​ថវិកា ក្រប​ខណ្ឌ​គ្រប់​គ្រង​កម្ម​វិធី​គ្រប់​វិស័យ ច្បាប់​ពន្ធ​ដារ និង​ការ​អនុ​វត្ត​នីតិ​វិធី​នៃ​អង្គ​នីតិ​ប្បញ្ញត្តិ​ជា​ដើម។ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​បរិយា​កាស​គ្រប់​គ្រង​ដែល​តែង​មាន​ការ​ផ្លាស់​ប្តូរ សវន​ករ​ត្រូវ​មាន​ជំនាញ​ពេញ​លេញ​ទាំង​លើ​ការ​ងារ​សវន​កម្ម និង​ការ​វាយ​តម្លៃ។ ទន្ទឹម​នឹង​នោះ​សវន​ករ​ក៏​ជា​បុគ្គល​ដែល​មាន​ចំណេះ​ដឹង​ទូទៅ​ទាក់​ទង​នឹង​កិច្ច​ការ​លទ្ធ​កម្ម ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ វិទ្យា​សាស្ត្រ​សង្គម ការ​ងារ​អប់រំ សុខ​ភាព​សាធា​រណៈ វិស្វ​កម្ម វិទ្យា​សាស្ត្រ​ ស្រាវ​ជ្រាវ ពាណិជ្ជ​កម្ម គោល​នយោ​បាយ​ ការ​បរ​ទេស សន្តិ​សុខ​ផ្ទៃ​ក្នុង និង​ផ្ទៃ​ក្រៅ​ផង​ដែរ។

ដើម្បី​សម្រេច​បាន​​នូវ​កេរ​មរតក​នៃ​ស្ថាប័ន​​មួយ ចាំបាច់​ត្រូវ​ចំណាយ​ពេល​វេលាច្រើន​ទស​វត្ស​ក្នុង​ការ​កសាង។ យ៉ាង​ណាមិញ ស្ថាប័ន​សវន​កម្ម​កំពូល​ដែល​មាន​ភាព​រឹង​មាំ​លើ​ឆាក​អន្តរ​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​យូរ​ឆ្នាំ​មក​ហើយ ខ្លះ​៥០​ឆ្នាំ ខ្លះ​៣០​ឆ្នាំ នៅ​ក្នុង​ប្រវត្តិ​របស់​ខ្លួន។ អាជ្ញា​ធរ​សវន​កម្ម​ជាតិ ​បាន​បណ្តុះ​បណ្តាល​បំពាក់​បំប៉ន​បុគ្គ​លិក​សវន​កម្ម​​លើ​គ្រប់​ផ្នែក​នៃ​សវន​កម្ម​សាធា​រណៈ ទាំង​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស និង​បាន​រៀបចំ​ផែន​ការ​មេ សម្រាប់ អ.ស.ជ ដូច​ជា​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍ​ឆ្នាំ​២០០៧-២០១១ ក្រោម​ការ​គាំទ្រ​​របស់ GIZ ព្រម​ទាំង​បាន​ធ្វើ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តីពី​សវន​កម្ម​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ទូទាំង​ប្រទេស។ សព្វ​ថ្ងៃ​​កំពុង​រៀបចំ​បង្កើត​ឱ្យ​មាន​ស្តង់​ដារ​សវន​កម្ម​ផ្ទាល់​របស់​ អ.ស.ជ ដោយ​ឈរ​លើ​មូល​ដ្ឋាន​ស្តង់​ដារ​របស់ INTOSAI ដែល​ការ​ងារ​នេះ​គាំទ្រ​ដោយ GIZ។ ដើម្បី​អនុ​វត្ត​អាណត្តិ​ច្បាប់​សវន​កម្ម​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព អ.ស.ជ កំពុង​ព្រាង​អនុ​ក្រឹត្យ​ស្តីពី​ការ​ណែនាំ​អនុ​វត្ត​ច្បាប់​សវន​កម្ម​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​ការ​ងារ​នេះ​រៀបចំ​ឡើង​ក្រោម​​គម្រោង​ជំនួយ​បច្ចេក​ទេស ADB-TA។

លោក​ឆាយ គឹម ​​បញ្ជាក់​ថា អាជ្ញា​ធរ​សវន​កម្ម​ជាតិ បាន​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ​ពី​ការ​ងារ​សវន​កម្ម​សាធា​រណៈចាប់​តាំង​ពី​ពេល​ចាប់​ផ្តើម​ការ​ងារ​ដំបូង។ វា​ពិត​ជា​ចាំបាច់​ណាស់​សម្រាប់ អ.ស.ជ ក្នុង​ការ​ស្វែង​យល់ និង​ទទួល​យក​​តួនាទី​ពេញ​លេញ​មួយ ដែល​ជា​មុខ​ងារ​ប្រតិ​បត្តិ​នៃ​ស្ថាប័ន​សវន​កម្ម​កំពូល​នា​ពេល​បច្ចុ​ប្បន្ន។ អ.ស.ជ បាន​សម្រេច​​គោល​បំណង​ជា​ច្រើន ឆ្លង​តាម​ការ​រៀន​សូត្រ និង​ស្វែង​យល់​ពី​ការ​ងារ​សវន​កម្ម​ក្នុង​រយៈ​ពេល​ជាង​៨​ឆ្នាំ​កន្លង​មក​នេះ ហើយ​ក៏​ពុំ​ភ្លេច​ពី​ការ​ជួយ​គាំទ្រ​ជំនួយ​បច្ចេក​ទេស និង​ហិរញ្ញ​វត្ថុ​ក្នុង​ទ្រង់​ទ្រាយ​ផ្សេង​ៗ​ពី​ដៃគូ​អភិ​វឌ្ឍន៍​មាន​ជា​អាទិ៍ GIZ, ADB, WB និង DANIDA។

អ.ស.ជ ជា​សមា​ជិក​មួយ​ក្នុង​ចំណោម​សមា​ជិក​ទាំង​១៨៩ របស់​អង្គ​ការ​អន្តរ​ជាតិ​នៃ​ស្ថាប័ន​សវន​កម្ម​កំពូល (INTOSAI) ដែល​បាន​អនុ​វត្ត​ការ​ងារ​ជា​ធ្លុង​មួយ​នៃ​សហ​គមន៍​សវន​កម្ម​ផ្ទៃ​ក្រៅ​របស់​រាជ​រដ្ឋា​ភិបាល។ អង្គ​ការ​អន្តរ​ជាតិ​នៃ​ស្ថាប័ន​សវន​កម្ម​កំពូល គឺ​ជា​អង្គ​ភាព​អន្តរ​ជាតិ​ដែល​ផ្តល់​គ្រប​ខណ្ឌ​ស្ថាប័ន​សវន​កម្ម​កំពូល​ដើម្បី​លើក​កម្ពស់ ការ​អភិ​វឌ្ឍ និង​ការ​ផ្ទេរ​ចំណេះ​ដឹង សំដៅ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ងារ​សវន​កម្ម​សាធា​រណៈ​ទូទាំង​សាកល​លោក ព្រម​ទាំង​ពង្រឹង​សមត្ថ​ភាព​វិជ្ជា​ជីវៈ​សវន​កម្ម​នៃ​គ្រប់​ស្ថាប័ន​ជា​សមា​ជិក​នីមួយ​ៗ។ ការ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​​នានា​របស់ INTOSAI ក៏​ដូច​ជា​ការ​ចូល​រួម​ក្នុង​ការ​អភិ​វឌ្ឍ​ស្តង់​ដារ​វិជ្ជា​ជីវៈ​ផ្សេង​ៗ​បាន​ផ្តល់​នូវ​ចំណេះ​ដឹង​ពី​បទ​ពិសោធន៍​អន្តរ​ជាតិ​ដ៏​ល្អ​ៗ ពិសេស​បាន​ជួយ​ដល់ អ.ស.ជ ក្នុង​ការ​អនុ​វត្ត​តាម​បទ​ពិសោធន៍​ដ៏​ប្រសើរ​ទាំង​នោះ។ ក្នុង​ក្រប​ខណ្ឌ​តំបន់ អ.ស.ជ ក៏​ជា​សមា​ជិក​មួយ​នៃ​អង្គ​ការ​អាស៊ី​នៃ​ស្ថាប័ន​សវន​កម្ម​កំពូល ASOSAI ដែល​បាន​ជួយ​គាំទ្រ អ.ស.ជ ក្នុង​ការ​បណ្តុះ​បណ្តាល​ និង​ការ​អភិ​វឌ្ឍ​វិជ្ជា​ជីវៈ។

ប៉ុន្តែ​បច្ចុ​ប្បន្ន​​នៅ​ខ្វះ​ធន​ធាន​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើន​ចំនួន​សវន​កម្ម​លើ​គម្រោង​ជំនួយ​ក្រៅ​ប្រទេស​ទៅ​តាមកម្រិត​ដែល​ចង់​បាន។ ​នៅ​ខ្វះ​ចន្លោះ​ជំនាញ​មួយ​ចំនួន​សម្រាប់​ការ​ងារ​សវន​កម្ម​លើ​សេចក្តី​ថ្លែង​ការណ៍​ហិរញ្ញ​វត្ថុ និង​សវន​កម្ម​លើ​កិច្ច​ប្រតិ​បត្តិ​ការ។ ការ​ងារ​នេះ​ទាម​ទារ​ពេល​វេលា​យ៉ាង​ហោច​ណាស់​ពី​២​ទៅ​៣​ឆ្នាំ​ខាង​មុខ​នេះ​ទៀត។ ក្រៅ​ពី​នេះ​​នៅ​ខ្វះ​ខាត​ធន​ធាន​ហិរញ្ញ​វត្ថុ​​សម្រាប់​អនុ​វត្ត​ឱ្យ​បាន​គ្រប់​ភារ​កិច្ច​ដែល​ច្បាប់​តម្រូវ។

លោក​អគ្គ​សវន​ករ​រង​ថ្លែង​ថា កន្លង​មក​ក្រោម​សកម្ម​ភាព​គម្រោង ADB-TA យើង​បាន​បណ្តុះ​បណ្តាល​មន្ត្រី​សវន​កម្ម​របស់​យើង អំពី​ការ​ងារ​សវន​កម្ម​លើ​គម្រោង​ជំនួយ​ក្រៅ​ប្រទេស​បាន​ចំនួន​៦​វគ្គ។ យើង​ក៏​បាន​រៀបចំ​សៀវ​ភៅ​ណែនាំ​ស្តី​ពី​សវន​កម្ម​លើ​ភាព​អនុ​លោម​តាម​ច្បាប់​នៃ​គម្រោង​ជំនួយ​ក្រៅ​ប្រទេស។ យើង​បាន​បង្កើន​ចំនួន​សវន​កម្ម​លើ​គម្រោង​ជំនួយ​​ពី​ក្រៅប្រទេស​ចំនួន​៤​គម្រោង​នៅ​ក្នុង​ឆ្នាំ​២០១០ ឱ្យ​ដល់​១៣ ក្នុង​ផែន​ការ​សវន​កម្ម​ឆ្នាំ​២០១១។ យើង​បាន​ពិនិត្យ​ពី​គោល​នយោ​បាយ​សម្រាប់​ការ​ងារ​សវន​កម្ម​លើ​គម្រោង​ជំនួយ​ក្រៅ​ប្រទេស។ បន្ថែម​លើ​ការ​ធ្វើ​សវន​កម្ម​តែ​មួយ​ដង​ក្នុង​វដ្តនៃ​គម្រោង យើង​បាន​ធ្វើ​សវន​កម្ម​ច្រើន​ដង​ក្នុង​អំឡុង​ពេល​ដំណើរ​ការ​របស់​គម្រោង ដោយ​កំណត់​វិសាល​ភាព​នៃ​រយៈ​ពេល​ខ្លី​សម្រាប់​ការ​ងារ​សវន​កម្ម​លើ​ភាព​អនុ​លោម​តាម​ច្បាប់។ ​វិធី​សាស្ត្រ​នេះ​នឹង​សម្រួល​ដល់​ការ​បង្កើន​ការ​គ្រប​ដណ្តប់​កាន់​តែ​ច្រើន​ ហើយ​រំពឹង​ថា ការ​ងារ​សវនកម្ម​នីមួយ​ៗ​នឹង​កាន់​តែ​ស៊ី​ជម្រៅ៕