មេដឹកនាំប្រឆាំង៧នាក់ត្រូវចាប់ខ្លួនកាលពីថ្ងៃទី១៧ មីនា នៅបារ៉ែនក្រោយការបង្ក្រាបបាតុកម្មរបស់ពួកស៊ីអ៊ីត ដែលមានភាគច្រើនញ៉ាំងឱ្យមានការភ័យខ្លាចចំពោះជម្លោះតំបន់មួយ ។
ចលនាតវ៉ារបស់ប្រជាជនដែលផ្ទុះឡើងពីពាក់កណ្តាលខែកុម្ភៈមក ទាមទារលទ្ធិប្រជាធិបតេយ្យក្នុងព្រះរាជាណាចក្រនេះ ញ៉ាំងឱ្យរជ្ជកាលស្តេចខាលីហ្វា ហៅកងទ័ព និងប៉ូលិសរបស់បណ្តាប្រទេសគ្រប់គ្រងដោយពួកស៊ុននីត ជិតខាងលើកចូលប្រទេសនេះ ហើយព្រះមហាក្សត្របានចេញច្បាប់អាជ្ញាសឹក ។
លោក ALI SALMAN មេដឹកនាំរបស់ចលនាប្រឆាំងបារ៉ែនដ៏សំខាន់មួយថ្លែងតាមទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ា ថា ពួកយោធាអារ៉ាប៊ីសាអូឌីត ត្រូវដកចេញពីបារ៉ែន ហើយនេះជាការអំពាវនាវមួយចំពោះព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ។ យើងទាមទារឱ្យមានការស៊ើបអង្កេតមួយរបស់ អ.ស.ប លើអ្វីដែលកើតមានឡើងរវាងថ្ងៃទី៤ កុម្ភៈ រហូតមកទល់ពេលនេះ ។
បាតុករបារ៉ែន៣នាក់បានត្រូវស្លាប់ក្នុងការបង្ក្រាបកាលពីថ្ងៃទី១៦ មីនា ហើយប៉ូលិស៣នាក់ក៏ត្រូវស្លាប់ដែរ ។ ការបង្ក្រាបពួកបាតុករស៊ីអុីតនៅបារ៉ែនញ៉ាំងឱ្យមានបាតុកម្មសម្តែងសមានចិត្តនានារបស់បណ្តាសហគមន៍ស៊ីអុីតក្នុងតំបន់ ពិសេសនៅអីុរ៉ង់ជាប្រទេសដែលបានដាក់ពាក្យប្តឹងដល់ អ.ស.ប ។ ក្រុងតេហេរ៉ង់បានស្នើដល់ប្រទេសដទៃៗទៀតនៅក្នុងតំបន់ឱ្យធ្វើការគាបសង្កត់លើអារ៉ាប៊ី សាអូឌីត ដើម្បីឱ្យដកកងទ័ពរបស់ខ្លួនចេញពីបារ៉ែន ៕
ចែករំលែកព័តមាននេះ