ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនតុងទីនឆោឡោកក្រើកក្រុងស្វាយរៀងពេលមេរត់បាត់

15 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​កណ្តាល​ក្រុង​ស្វាយ​រៀង​ដោយ​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ជួយ​រឿងពីរ​នាក់​ប្តី​-ប្រពន្ធ​ធ្វើ​​មេ​តុង​ទីនផង​ និង​ធ្វើ​កូន​ផង​​បោក​យក​លុយ​អស់​ជិត​កន្លះ​លាន​ដុល្លារ​ ហើយ​ល្បី​ថា ប្រុង​រត់​ចេញ​ទៅ​ក្រៅ​ប្រទេស​។ តាម​​ស្ត្រី​​​ឈ្មោះ​​ម៉ុក ស្រី​ម៉ៅ ហៅពត អាយុ​៣៦​ឆ្នាំ ជា​អ្នក​លក់​កាហ្វេ​ នៅ​ភូមិ​វាល​យន្ត​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ​ប្រាប់​កោះ​សន្តិ​ភាពថា​ មេតុង​ទីន​ឈ្មោះ​ណាវ​ អាយុ៣៩​ឆ្នាំ និង​ប្តី​ឈ្មោះ​​ម៉ាន់ អាយុ​៣៧​ឆ្នាំ​ នៅ​ភូមិ​ស្រះ​វង់​ សង្កាត់​ស្វាយ​រៀង​ បាន​បោក​យក​ប្រាក់​តុង​ទីន​របស់នាង​​​សរុប​ជាង​៦.០០០​ដុល្លារ​។

នាងម៉ុក ស្រី​ម៉ៅ បន្ត​ទៀត​ថា ​ពីរ​នាក់​ប្តី​ប្រពន្ធ​នេះ​ធ្វើ​មេ​តុង​ទីន​ផង​ធ្វើ​កូន​តុង​ទីន​ផង​។ ពួក​គេ​បានលេង​ក្នុង​ក្រុម​តុង​ទីន​របស់នាង​​ក្បាល​២០០​ដុល្លារមាន​សមា​ជិក​​​២៣​នាក់​ដេញ​មួយ​ខែ​ម្តង ហើយ​​​នៅ​រស់​១៤​នាក់​ ។ ទី​២​ ក្បាល​៧០ម៉ឺន​រៀល​​ដេញ​មួយ​ខែ​ម្តង​ មានសមា​ជិក​​១៥​នាក់​​នៅ​រស់​៥​នាក់​ ។ ទី៣​ ក្បាល​១​មឺុន​រៀល​ដេញ​រាល់​ថ្ងៃ​មាន​៥២​នាក់​។ លើស​ពី​នេះ​ទាំង​២​នាក់​ប្តី​-ប្រពន្ធ​នោះ​​ធ្វើ​មេ​៣​ក្បាល​ដែរ ទី​១ ក្បាល​៣០០​ដុល្លារ​​ដេញ​១​ខែ​ម្តង​មាន​សមា​ជិក​២៨​នាក់​ដេញ​បាន​៣​លើក​ ។ ក្បាល​ទី​២ ចំនួន​៣០០​ដុល្លារ​​មានសមា​ជិក​​២៦​នាក់​ ដេញ​បាន​៩​នាក់។  ក្បាល​ទី​៣​ដេញ​រាល់​ថ្ងៃ​ គឺ​​ក្បាល​មួយ​ម៉ឺន​រៀល​មាន​សមា​ជិក​​៥២​នាក់​ ។ ទាំង​បី​ក្បាល​នេះ​គ្មាន​កូន​តុង​ទីន​ណា​ដេញ​បាន​ទេ គឺ​មេ​តុង​ទីន​ពីរ​នាក់​ប្តី​ប្រពន្ធ​បង្កើត​ឈ្មោះ​ខ្មោច​ដេញ​យក​ខ្លួន​ឯង​រហូត ។

ពីរ​នាក់​ប្តី​ប្រពន្ធ​​នេះ​មាន​​លេង​ជា​ច្រើន​ក្បាល​ទៀត​ដែល​​អ្នក​ខ្លះ​មិន​ទាន់​ចេញ​មុខ​ប្តឹង​ ដូច​ជា​ក្បាល​​៣​ម៉ឺន​រៀល ក្បាល​៥០.០០០​រៀល ​​ក្បាល​១០​មឺុន​រៀល​ ។ ​បើ​តាម​កូន​តុង​ទីន​ជា​ច្រើន​នាក់​មក​ជួប​គ្នា ហើយ​​សួរ​គ្នាដឹង​ថា ការ​​បោក​ប្រាក់​នោះ​សរុប​ទៅ​​មិន​ខ្វះ​កន្លះ​លាន​ដុល្លា​រ​ទេ​។ មាន​​កូន​តុង​ទីន​ម្នាក់ប្តឹងពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​​ចូល​តុលា​ការ​អស់​រយៈ​ពេល​២​ខែ​មក​ហើយ​ទាក់​ទិន​រឿង​លុយ​៨០​លាន​រៀល​ ហើយចុង​ក្រោយ​កូន​តុង​ទីន​សុំឱ្យ​សង​ត្រឹម​តែ​៥០​លានរៀល​​ប៉ុណ្ណោះ​ តែ​មិន​ព្រម​សង​។

អ្នក​ខ្លះ​និយាយ​ថា ពី​រនាក់​ប្តី​ប្រពន្ធ​នេះ​បាន​ខ្ចី​ប្រាក់​គេ​ក្នុង​ម្នាក់ៗ​១​ម៉ឺន​ដុល្លារ ២​ម៉ឺន​ដុល្លារ​យក​ទៅ​ចង​ការ​បន្ត​ និង​រាប់​ឱ្យ​អ្នក​លក់​ដូរ​តូច​តាច​ក្នុង​ផ្សារ​រាល់​ថ្ងៃ​ និង​ចុង​ក្រោយ​យក​ប័ណ្ណ​កម្ម​​សិទ្ធិ​ប្លង់​ដី ផ្ទះ​ទៅ​បញ្ចាំ​ឱ្យ​ធនា​គារ​យក​ប្រាក់​២​ម៉ឺន​ដុល្លារ ដូច្នេះ​ពី​រនាក់​ប្តី​ប្រពន្ធ​នេះ​គឺ​បាន​ធ្វើ​ផែន​ការ​ច្បាស់​លាស់​ក្នុង​ការ​បោក​យក​ប្រាក់​តុង​ទីន និង​ខ្ចី​ប្រាក់​យក​ទៅ​ចង​ការ​បន្ត​។ ចុង​ក្រោយ​នេះ​ដោយ​បាត់​ពីរ​នាក់​ប្តី​ប្រពន្ធ​​មិន​ឃើញ​​យក​ប្រាក់​ប្រចាំ​ថ្ងៃ​ទៅ​បង់​​តុង​ទីន​ទើប​មាន​ការ​សង្ស័យ​​ថា គេច​ខ្លួន​។ រហូត​ដល់​ថ្ងៃ​ទី​១៩ មីនា ២០១១ ទើប​គេ​ដឹង​ច្បាស់​​ថា មាន​គេ​ឃើញ​មេ​តុង​ទីន​ឡើង​ជិះ​រថ​យន្ត​តាក់​ស៊ី​ទៅ​ភ្នំពេញ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ និង​កូន​ប្រុស​ពៅ​ ​អាយុ​៨​ឆ្នាំ​​ ។ ចំណែក​​អ្នក​ខ្លះថា ​បាន​ឃើញ​ឡើង​រថ​យន្ត​បន្ត​ទៅ​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​ធ្វើ​ឱ្យ​គេ​​សង្ស័យ​ថា ចេញ​ទៅ​ក្រៅ​ប្រទេស​ ៕