ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កាយ​២ ស៊ុំ ពៅ ឲ្យ​បុរស​៥​នាក់ ក្លែង​ធ្វើ​ជា​មន្ត្រី​យោធា រត់ពន្ធ​មនុស្ស​ពេល​បម្រាម​បិទ​ខ្ទប់

2 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ឧត្តមសេនីយ៍​យោធា ផ្កាយ​២ ស៊ុំ ពៅ និង​បក្សពួក​០៦​នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ខេត្តស្វាយរៀង ចាប់ខ្លួន​ពី​បទ​បំពាន បទបញ្ជា​របស់​រាជរដ្ឋាភិបាល…

ខេត្តស្វាយរៀង ៖ ឧត្តមសេនីយ៍​យោធា ផ្កាយ​២ ស៊ុំ ពៅ និង​បក្សពួក​០៦​នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ខេត្តស្វាយរៀង ចាប់ខ្លួន​ពី​បទ​បំពាន បទបញ្ជា​របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​-​ចូល​ឆ្លង​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត ទូ​ទាំង​ប្រទេស ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក៏​ប៉ុន្តែ​លោក​ផ្កាយ​២ និង​បក្សពួក​ហ៊ាន​ប្រឆាំង​បទបញ្ជា លួច​រត់ពន្ធ​ដឹក​ជនជាតិ​ចិន​ចំនួន​២៨​នាក់ ពី​ខេត្តស្វាយរៀង ទៅ​រាជធានី​ភ្នំពេញ និង​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បា​វិត ដោយ​ខុសច្បាប់ ។

ការ​ចាប់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​វេលា​យប់​ម៉ោង​៣​និង​០០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២១ នៅ​ខាង​មុខ​សណ្ឋាគារ​TTP1 ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

ប្រភព​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​សមត្ថកិច្ច​ដើរ​ល្បាត​បាន​ប្រទះ​ឃើញ​រថយន្ត​សង្ស័យ​ចំនួន​៤​គ្រឿង នៅ​ខាង​មុខ​សណ្ឋាគារ​ TTP1 ក្រុង​បា​វិត និង​កំពុង​នាំ​ជនជាតិ​ចិន​ទាំងនោះ ឡើង​ចូល​ក្នុង​រថយន្ត ដោយ​សង្ស័យ​ក៏​ឃាត់​សាកសួរ​នាំ ទើប​បែកធ្លាយ​រឿង​រត់ពន្ធ​ដឹក​ចិន​ទៅ​រាជធានី​ភ្នំពេញ ទើប​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ក្រោយ​ពី​សាកសួរ​រួច ជនជាតិ​ចិន​ទាំង​២៨​នាក់​នោះ ត្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​ខាងលើ​បណ្តោះអាសន្ន​សិន រង់ចាំ​យក​សំណាក​ពិនិត្យ​ចេញ​លទ្ធផល បាន​រក​ទីតាំង​ដាក់​ជា​ក្រោយ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា អ្នកជា​មេខ្លោង​ផ្កាយ​២ ឈ្មោះ ស៊ុំ ពៅ មាន​តួនាទី​ជា​អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា នៃ​អគ្គបញ្ជាការ​កង​យោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ហើយ​បុរស​ម្នាក់​ទៀត ឈ្មោះ ស៊ូ សុភា (​ពាក់អាវ​ក្រហម ខោ​ក្រហម​) ជា​មេខ្យល់​ប្រមូល​ភ្ញៀវ​ជនជាតិ​ចិន (​ពីរ​ស្រុក​ស្វាយ​ជ្រំ ពី​ស្រុក​រមាស​ហែក មក​ដាក់​ឲ្យ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ TTP1 ក្រុង​បា​វិត រួច​ឲ្យ​ក្រុម​លោក​ផ្កាយ​២​នេះ ដឹក​ពី​ក្រុង​បា​វិត ទៅ​រាជធានី​ភ្នំពេញ និង​ដឹក​ពី​រាជធានី​ភ្នំពេញ មក​ក្រុង​បា​វិត​ខេត្តស្វាយរៀង​) ។

សមត្ថកិច្ច បន្ត​ទៀត​ថា ចំណែក​៥​នាក់​ផ្សេង​ទៀត គឺ​មិនមែន​ជា​មន្ត្រី​យោធា​ទេ គឺ​ពួក​គេ​ត្រូវ​លោក​ផ្កាយ​២ បាន​ឲ្យ​ក្លែង​ជា​មន្ត្រី​យោធា ហើយ​ជួល​ឲ្យ​បើករថយន្ត​ប៉ុណ្ណោះ នេះ​បើ​តាម​ចម្លើយ​សារភាព​អ្នក​ទាំង​៥​នាក់ (​នេះ​ជា​បទល្មើស​មួយទៀត​) ។

គិតត្រឹមវេលា​ម៉ោង​៦​ល្ងាចថ្ងៃ​២២ ខែមេសា ជនសង្ស័យ​ទាំង​០៧​នាក់ ត្រូវ​បាន​ក្រុម​សមត្ថកិច្ចអធិការ​នគរបាល​ក្រុង​បា​វិត បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ។

សូមជម្រាបដែរថា «លើកទី៣ហើយ ទើបបែកការណ៍! ឧត្តមសេនីយ៍យោធា ផ្កាយ២ ស៊ុំ ពៅ ប្រើរថយន្តទំនើប ៤គ្រឿង និងឲ្យកូនចៅ បន្លំធ្វើជាទាហាន ដឹកចិន ២៨នាក់ ពីបាវិត ទៅភ្នំពេញ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ