រាជធានីភ្នំពេញ ៖ កាលពីជាងមួយខែមុននេះ តម្លៃមាន់រស់របស់កសិករចិញ្ចឹមមាន់បានធ្លាក់ថ្លៃសឹងតែហៅលែងលឺពោលមាន់មួយគីឡូក្រាមត្រឹមតែ១៥០០រៀលទៅ២០០០រៀលហើយស្ទើរតែគ្មានអ្នកទិញទៅទៀត តែក្រោយពេលជំងឺកូវីដ១៩ ចាប់ផ្ដើមវាយលុកជាពិសេសនៅរាជធានីភ្នំពេញ និងឈានដល់ការរឹតបន្តឹងការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ធ្វើឱ្យតម្លៃមាន់រស់របស់កសិករចាប់ផ្ដើមឡើងថ្លៃវិញបន្តិច តែតម្លៃនេះមិនទាន់អាចឱ្យកសិករចំនេញបាននៅឡើយ ។
លោកសុធារ័ត្នតំណាងកសិករចិញ្ចឹមមាន់នៅក្នុងខេត្តកំពង់ស្ពឺបានឱ្យដឹងថា កាលពីមុនតម្លៃមាន់ពិតជាបានធ្លាក់ចុះដល់ត្រឹម១៥០០រៀលទៅ២០០០រៀលមែន ហើយក៏សឹងតែមិនមានអ្នកមកទិញទៅទៀត ព្រោះកាលនោះ កម្មវិធីអាពាហ៍ពិពាហ៍បុណ្យទាន ឬកម្មវិធីជប់លៀងនានាត្រូវបានបិទអស់ តែមកដល់បច្ចុប្បន្ននេះ ក្រោយពេលរដ្ឋាភិបាលចាប់ផ្ដើមរឹតបន្តឹងការធ្វើដំណើរ ឃើញថាតម្លៃមាន់ចាប់ផ្ដើមឡើងថ្លៃបន្តិចឡើងវិញ មកដល់ត្រឹម៥០០០រៀលទៅ៥៥០០រៀលក្នុងមួយគីឡូក្រាម ក៏ប៉ុន្តែតម្លៃនេះ មិនអាចឱ្យកសិករទទួលបានប្រាក់ចំណេញនៅឡើយ ។លោកថា៖« ទោះបីជាតម្លៃនេះមិនទាន់អាចឱ្យកសិកររកប្រាក់ចំណេញបានក្ដី តែវាប្រសើរជាងតម្លៃចាស់ដែលទទួលបានត្រឹមតែ១៥០០រៀលទៅ២០០០រៀលក្នុងមួយគីឡូក្រាមដែរ »។
លោកបន្តថា ចាប់តាំងពីចូលខែមេសាមក តម្លៃមាន់រស់បានចាប់ផ្ដើមហក់ឡើងបន្តិចម្ដងៗ ដោយសារតែការរឹតត្បិតការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ហើយវាបានហក់ឡើងពី១៥០០រៀលទៅដល់៣០០០រៀលឬ៤០០០រៀលក្នុងមួយគីឡូក្រាម ហើយនៅក្នុងរយៈពេលជាង១សប្ដាហ៍ចុងក្រោយនេះ តម្លៃមាន់រស់របស់កសិករបានហក់ឡើងបន្ថែមទៀតដល់៥០០០រៀលទៅ៥៥០០រៀលក្នុងមួយគីឡូក្រាម គឺបន្ទាប់ពីមានការបិទខ្ទប់ទីក្រុងភ្នំពេញ ។
បើតាមលោក សុធារ័ត្នបានឱ្យដឹងថា តម្លៃមាន់ត្រឹម៥០០០រៀលទៅ៥៥០០រៀលនេះ គឺមិនទាន់ជាទទួលប្រាក់ចំណេញទេ ហើយតម្លៃដែលអាចឱ្យកសិកររកប្រាក់ចំណេញបានគឺក្នុងរង្វង់៦០០០រៀលទៅ៦៥០០រៀលនោះទើបអាចចំណេញបានព្រោះការចិញ្ចឹមមាន់កត្រូវការចំណាយច្រើនផងដែរ ទំរាំតែវាធំធាត់អាចលក់ចេញបាន។
លោកបានបន្ថែមថា អ្វីដែលជាបញ្ហាសម្រាប់កសិករពេលនេះ គឺការរឹតបន្តឹងការធ្វើដំណើរដែលរារាំងដល់ការដឹកជញ្ជូន ទើបធ្វើឱ្យឈ្មួញមកអាចចុះមកចាប់មាន់បានច្រើនដូចមុននិងរង់ចាំចាប់មាន់ពីកសិករបានតែបន្តិចម្ដងៗប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងការដឹកជញ្ជូនេះដែរ លោកឧកញ៉ាស៊ិន ចន្ធីប្រធានសមាគមភស្ដុភារកម្មកម្ពុជាបានឱ្យដឹងថា វិស័យដឹកជញ្ជូនកម្ពុជាត្រូវផ្អាកស្ទើរតែទាំងស្រុងក្រោយបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយសារតែកូវីដ១៩ ។លោកថា៖« ថ្វីត្បិតតែវិស័យដឹកជញ្ជូនត្រូវបានរាជរដ្ឋាភិបាលលើកលែងមិនហាមប្រាមនិងឱ្យធ្វើអាជីវកម្មដដែលក្ដី តែក្នុងនោះចំនួនធ្វើការត្រូវកាត់ឱ្យនៅតិចបំផុតត្រឹមតែ២ភាគរយ ដូច្នេះមនុស្សធ្លាប់ធ្វើ១០០នាក់មកនៅត្រឹមពីរបីនាក់ក៏មិនអាចលើកដាក់បានដែរ ។
ដូច្នេះមានតែផ្អាកដំណើរការដើម្បីចូលរួមទប់ស្កាត់ជាមួយរដ្ឋាភិបាល និងមានតែការស្នើសុំដល់អគ្គនាយកដ្ឋានពន្ធដារពិនិត្យមើលនិងយោគយល់ចំពោះការរឹតត្បិតអាជីវកម្មនេះផងដែរ ៕
ចែករំលែកព័តមាននេះ