ក្រុងប៉ោយប៉ែត ៖ ស្ត្រីប្រកបរបរផ្លូវភេទ៣នាក់រត់ទៅប្តឹងការិយាល័យប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានខេត្តដែលប្រចាំការនៅក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៩មីនា ថា ពួកនាងត្រូវថៅកែវាយធ្វើបាបនឹងឈើច្រត់ ។ នៅម៉ោង៣ និង៥៧នាទីរសៀលថ្ងៃដដែលប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានខេត្តសហការជាមួយប៉ូលិសអធិការដ្ឋានក្រុងឃាត់ខ្លួនថៅកែបនស្រីនោះ និងឈានទៅបង្ក្រាបទីតាំងបញ្ចាំងវីដេអូអាសអាភាសពេលកំពុងបញ្ចាំងជាក់ស្តែង ដែលទីតាំងនោះមានម្ចាស់តែមួយ ។
ស្ត្រីរកស៊ីផ្លូវភេទទាំង៣នោះ១-ឈ្មោះពៅ នាង អាយុ២៤ឆ្នាំ ២-ឈ្មោះឃុត ស្រី អាយុ២៣ឆ្នាំ និង៣-ឈ្មោះឃុត ខួច អាយុ២១ឆ្នាំ។ នាងពៅ នាង ត្រូវថៅកែបនវាយជាំភ្នែកខាងស្តាំ និងរងរបួសស្មងជើងខាងឆ្វេង ឯនាង២នាក់ទៀតក៏អះអាងថា ត្រូវថៅកែវាយដែរ ។
លោកវរសេនីយ៍ត្រីឮ ចាន់ ដារ៉ា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំកម្លាំងអនុវត្តផ្ទាល់បានប្រាប់កោះសន្តិភាពថា ទីតាំងបញ្ចាំងវីដេអូក្តៅសាច់គឺថៅកែបនឈ្មោះជុំ រតនា ហៅថូង អាយុ២៩ឆ្នាំ ត្រូវបានឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ស្ត្រីរកស៊ីផ្លូវភេទទាំង៣នាក់ ។ ចំណែកកន្លែងបញ្ចាំងវីដេអូក្តៅសាច់ គឺសមត្ថកិច្ចបង្ក្រាបជាក់ស្តែងក្រោយពីសុំគោលការណ៍ពីព្រះរាជអាជ្ញាធរគឺលោកឡុង ជាប ។
ការបង្ក្រាបទីតាំងបញ្ចាំងវីដេអូក្តៅសាច់នេះដកហូតឌីសអាសអាភាសកំពុងបញ្ចាំងចំនួន១ និងឌីសផ្សេងទៀតជាច្រើន ក្បាលស៊ីឌីចំនួន២ និងទូរទស្សន៍ចំនួន១ ។ លោកនាយរងបន្តថា ការបង្ក្រាបនេះធ្វើឡើងក្រោយពីសុំគោលការណ៍ទៅលោកឧត្តមសេនីយ៍ត្រីស្នងការ និងសុំគោលករណ៍ពីព្រះរាជអាជ្ញារងអមសាលាដំបូង ។ ចំពោះប្រពន្ធថៅកែបនដោយសារមានកូនតូចពុំត្រូវបានឃាត់ខ្លួនទេ ដែលវត្ថុតាង និងថៅកែបន ដែលជាម្ចាស់ទីតាំងបញ្ចាំងវីដេអូអាសអាភាសនោះ មន្ត្រីប៉ូលិសប្រាប់ថា ជាគោលការណ៍ត្រូវបញ្ជូនទៅស្នងការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។ ស្ត្រីប្រកបរបរផ្លូវភេទទាំងនោះជាគោលការណ៍នឹងយកទៅអប់រំ ព្រមទាំងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងមណ្ឌលតាមរយៈមន្ទីរសង្គមកិច្ចខេត្ត ៕




ចែករំលែកព័តមាននេះ