រាជធានីភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសឱ្យមានការរឹតបណ្តឹងលើការធ្វើដំណើរឆ្លងកាត់ ឬដឹកជញ្ជូនពីតំបន់មួយទៅតំបន់ផ្សេងទៀតនាពេលបច្ចុប្បន្នបាន និងកំពុងក្លាយជាបញ្ហាចោទសម្រាប់វិស័យចិញ្ចឹមសត្វកម្ពុជា ពាក់ព័ន្ធទៅ និងចំណី វត្ថុធាតុដើម និងសាច់ជាដើម។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានឱ្យដឹងនៅថ្ងៃទី១៩មេសានេះថា ផលលំបាករបស់អ្នកចិញ្ចឹមសត្វក្នុងពេលសព្វថ្ងៃនេះ គឺពិបាកក្នុងការដឹកជញ្ជូន ជាហេតុធ្វើឱ្យស្ទះដំណើរការរបស់ប្រជាកសិករអ្នកចិញ្ចឹមសត្វមួយចំនួន ពិសេសទៅលើការដឹកចំណី វត្ថុធាតុដើម និងសាច់។
លោកបន្តថា មកដល់សព្វថ្ងៃនេះ ខាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា សូមពឹងពាក់ ឬអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយ ទេព្រោះសមាគមអត់មានបណ្តាញទំនាក់ទំនងធ្វើដំណើរមានភាពទូលាយដូចមុនឡើយ។បើមានកសិករទាក់ទងមកខាងសមាគមដើម្បីរកដំណោះស្រាយ សមាគមអត់មានលទ្ធភាពរកដំណោះស្រាយជូនកសិករបានដូចគ្រាមុននោះទេ។ ក្តីបារម្ភរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅពេលជំងឺកូវីដ១៩ត្រូវបានបញ្ចប់ទៅ បើសិនណារាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នពាក់ព័ន្ធមិនមានការសម្រួល ឬមានការដោះស្រាយដល់ប្រជាកសិករអ្នកចិញ្ចឹមសត្វនោះនឹងជួបបញ្ហា។
ទន្ទឹមនឹងមានការរឹងបណ្តឹងលើការដឹកជញ្ជូនឬធ្វើដំណើរពីតំបន់មួយទៅតំបន់មួយផ្សេងទៀតធ្វើឱ្យប៉ះពាល់ដល់វិស័យចិញ្ចឹមសត្វ គេសង្កេតឃើញថាក្នុងកំឡុងពេលចូលឆ្នាំថ្មីប្រពៃខ្មែររយៈពេល៣ថ្ងៃកន្លងផុតទៅថ្មីៗតម្រូវការជ្រូករស់នៅលើទីផ្សារទូទាំងប្រទេសមានការថមថយ បើប្រៀបធៀបទៅនិងឆ្នាំមុនឬចូលឆ្នាំថ្មីប្រពៃណីរបស់ពលរដ្ឋចិន-វៀតណាម ។
លោកស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងថាតម្រូវការជ្រូករស់នៅក្នុងកំឡុងពេលបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ គឺកំណើនអត់មានទេ តែធ្លាក់ចុះតិចតួច តែកត្តាសំខាន់គឺយើងពិបាកក្នុងការធ្វើដំណើរ ចេញចូលក្រុងភ្នំពេញ។
លោកមានប្រសាសន៍ថា« សព្វថ្ងៃនេះ សម្រាប់តែតម្រូវការជ្រូករស់នៅលើទីផ្សារមានពី៥.០០០ទៅ៦.០០០ក្បាលក្នុងមួយថ្ងៃ។បើតាមខ្ញុំមើលទៅលើសមាជិករបស់សមាគមដែលបានលក់ជ្រូកចូលទៅកាន់ទីផ្សារ មានសភាពជាធម្មតា អត់មានឡើង គឺមានការធ្លាក់ចុះជាងពេលចូលឆ្នាំខ្មែរនិងធ្លាក់ចុះជាងពេលចូលឆ្នាំចិន ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឱ្យប៉ះពាល់ទៅដល់ការរកប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
តាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជារូបនេះបញ្ជាក់ថា«តម្រូវការជ្រូករស់ក្នុងកំឡុងពេលចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃកន្លងមកនេះមានត្រឹមតែ៥០០០ទៅ៦០០០ក្បាលក្នុងមួយថ្ងៃ ពោលគឺមានភាពប្រហាក់ប្រហែលគ្នាទៅនិងតម្រូវការប្រចាំថ្ងៃធម្មតាដែលមាននៅលើទីផ្សារ»៕
ចែករំលែកព័តមាននេះ