រាជធានីភ្នំពេញ៖ ក្រោយពីរាជរដ្ឋាភិបាលប្រកាសឬហាមប្រជាពលរដ្ឋមិនឱ្យមានការធ្វើដំណើរឆ្លងកាត់ពីកន្លែងមួយទៅកន្លែងមួយ ក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជកម្មនិងសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ទៅប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល កុំឱ្យមានការព្រួយបារម្ភលើបញ្ហាខ្វះអង្ករ។
យោងតាមសេចក្តីប្រកាសរួមរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី១៥មេសាថា បញ្ហាអង្ករនៅក្នុងប្រទេសកម្ពុជាមានបរិមាណសន្និធិគ្រប់គ្រាន់ ទាំងស្រូវវស្សាជាង២,៥លានហិកតា ដែលទើបបញ្ចប់ការប្រមូលផលផលក្នុងខែមករា និងស្រូវប្រាំង ជិត១លានហិកតាបាននឹងកំពុងប្រមូលផលជាង៩០% ហើយដែលមានសុវត្ថិភាពនិងធានាបានូវសន្តិសុខស្បៀងអាហារគោលប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងអាចនាំចេញទៅក្រៅប្រទេសរហូតដល់ការប្រមូលផលរដូវកាលបន្ទប់ខាងមុខ។
សេចក្តីប្រកាសដដែលសង្កត់ធ្ងន់ថា «ហេតុដូចនេះបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលជាហេតុនាំឱ្យមានជនឆ្លៀតឱកាសនិយម មួយចំនួនដែលឆ្លៀតដំឡើងថ្លៃអង្ករបាន។ដើម្បីជួយសម្រួលបន្ទុកនិងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រនៃរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ក្រុមហ៊ុន ហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម នឹងបន្តដំណើរការបញ្ចេញលក់អង្ករជាធម្មតា បន្ថែមលើទីតាំងកន្លែងលក់អង្កររបស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានចាប់ពីថ្ងៃទី ១៥មេសាឆ្នាំ២០២១រហូតស្ថានការណ៍វិលមករកភាពប្រក្រតីឡើងវិញ»។
ឯកឧត្តម ប៉ែនសុវិជាតិ អគ្គនាយកពាណិជ្ជកម្ម ក្នុងប្រទេសនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងនៅថ្ងៃទី ១៨មេសានេះថា សកម្មភាពលក់អង្ករចល័តរបស់យើង(ក្រុមហ៊ុនហ្គ្រីនត្រេដ)នឹងបន្តសកម្មភាពរហូតដល់ស្ថានការណ៍មានភាពធូរស្រាលឡើងវិញ ហើយយើងបានកំណត់ទីតាំងមួយចំនួនដោយយើងប្រឹងប្រែងចល័តរថយន្តលក់អង្ករទៅតំបន់ណាដែលមានកម្មកររស់នៅច្រើន តួយ៉ាងដូចនៅតំបន់ស្ទឹងមានជ័យ ផ្លូវវេងស្រេង និងតំបន់ផ្សេងទៀតដែលប្រជាពលរដ្ឋពិបាកធ្វើដំណើរចេញ ចូល»។
ឯកឧត្តមបញ្ជាក់ថា «ទំនិញដែលដឹកលក់ចល័តនេះមានតែអង្ករនិងមី ហើយ ដើម្បីទប់ស្កាត់បាតុភាពនៃការឡើងថ្លៃទំនិញក្រសួងបានបង្កើតក្រុមការងារមួយចុះអង្កេតតាមដានថ្លៃទំនិញនៅតាមទីផ្សារ។ក្រុមការងាររបស់ក្រសួងនឹងចុះធ្វើការជាក់ស្តែងជាមួយអាជ្ញាធរផ្សារនិងអាជ្ញាធរមូលដ្ឋានដើម្បីជួយពិនិត្យនិងជួយតាមដានគ្នា កាលណាមានបញ្ហាកើតឡើង យើងនិងរៀបចំឱ្យមានដំណោះស្រាយជាក់ស្តែងទៅតាមលទ្ធភាពរបស់ក្រសួងនៅពេលមានការបិទខ្ទុបនេះ»។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថានៅពេលនេះស្តុកអង្ករមិនខ្វះទេ ។ដូចនេះប្រជាជនកុំជ្រួលច្របល់ខ្លាចអង្ករឡើងថ្លៃ។ គ្រប់ដេប៉ូទាំងអស់អង្ករនៅពេញឃ្លាំង ហើយស្របពេលក្រុមហ៊ុន ហ្គ្រីនត្រេដមានអង្ករត្រៀមក្នុងស្តុកជាង១ម៉ឺនតោន។
លោកលើកឡើងថា« ការលក់អង្ករមានការកើនឡើងជាងពេលមុនៗបន្តិច ព្រោះជាទូទៅអង្ករជាប្រភេទទំនិញមិនត្រូវទិញរាល់ថ្ងៃ បើសម្រាប់អ្នករស់នៅក្រុងភ្នំពេញទិញមួយបាវ អាចហូបបានពីរបីខែ។ដូចនេះការលក់អង្ករមានការកើនខ្លះដែរតែមិនកំហុក»។
បើតាមលោកលន់ យ៉េង ទំនិញមានឡើងថ្លៃនៅពេលមានការបិទរាំងខ្ទប់ មិនមែនអង្ករនោះទេ គឺចំណីអាហារ ម្ហូបដែលប្រជាពលរដ្ឋរក្សាទុកយូរមិនបាន ហើយថ្លៃអង្ករផ្អែកទៅតាមប្រភេទអង្ករថ្លៃចាប់ពីជាង៨ម៉ឺនទៅជិត២០ម៉ឺនរៀលក្នុងមួយបេឬបាវ៕
ចែករំលែកព័តមាននេះ