ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ជា​ច្រើន​កន្លែង​ត្រូវ​បិទ​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តព្រៃវែង ៖ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ទៅ​ដល់​សហគមន៍​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​បច្ចុប្បន្ន​ពុំ​ទាន់​បាន​ថមថយ​នៅឡើយ​នោះ អាជ្ញាធរ​ខេត្តព្រៃវែង សម្រេច​បិទ​ផ្អាក​គោលដៅ​ទេសចរណ៍​ជា​ច្រើន​កន្លែង​ជា​បណ្តោះអាសន្ន​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។ បើ​តាម​លោក ទឹម ទេព​វង្សា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ទៅ​ដល់​សហគមន៍​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​បច្ចុប្បន្ន​ពុំ​ទាន់​បាន​ថមថយ​នៅឡើយ​នោះ អាជ្ញាធរ​ខេត្តព្រៃវែង សម្រេច​បិទ​ផ្អាក​គោលដៅ​ទេសចរណ៍​ជា​ច្រើន​កន្លែង​ជា​បណ្តោះអាសន្ន​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​។

បើ​តាម​លោក ទឹម ទេព​វង្សា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រៃវែង បាន​ប្រាប់​អោយ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១​ថា ដោយ​អនុវត្តន៍​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ​៤៤ សសរ ស្តី​ពី ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ​-​ចូល ពី​ខេត្ត​មួយ​ទោ​ខេត្ត​មួយ និង​ការ​បិទ​រមណីយដ្ឋាន​គោលដៅ​តំបន់​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ អាជ្ញាធរ​ខេត្តព្រៃវែង​បាន​បិទ​ផ្អាក​ទាំងស្រុង​នូវ​រមណីយដ្ឋាន គោលដៅ តំបន់​ទេសចរណ៍​ចំនួន​៨​កន្លែង​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ​នៃ​ថ្ងៃ​ទី​០៧​ខែមេសា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២០ ខែមេសា ក្នុង​គោលបំណង​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ពី​ភូមិសាស្ត្រ​នៃ​ខេត្ត​មួយ​ទៅ​ភូមិសាស្ត្រ​នៃ​ខេត្ត​មួយទៀត​។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បន្ត​ថា រមណីយដ្ឋាន គោលដៅ តំបន់​ទេសចរណ៍​កន្លែង​កម្សាន្ត​ទាំង​តូច​ទាំង​ធំ ដែល​បាន​បិទ​ផ្អាក​ជា​បណ្តោះអាសន្ន​នោះ​រួម​មាន ៖ រមណីយដ្ឋាន​នគរ​ភ្នំ​(​ភ្នំ​ឈើ​កាច​) ស្រុក​បាភ្នំ​, រមណីយដ្ឋាន​ទួល​សារាយអណ្តែត ក្រុង​ព្រៃវែង​, តំបន់​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី​បឹង​ស្នេហ៍​ធា​យ​(​ទ័ព​ស្តេច​)​ស្រុក​បាភ្នំ​, គោលដៅ​ទេសចរណ៍​ស្ទឹង​ចារ​(​ត្រពាំង​រមាស​)​ស្រុក​កំចាយមារ​, គោលដៅ​ទេសចរណ៍​ដីដុះ​(​ស្វាយ​ភ្លោះ​)​ស្រុក​ពាម​ជរ​, គោលដៅ​ទេសចរណ៍​ចុង​ប៉ម​ក្រុង​ព្រៃវែង​, គោលដៅ​សួនសត្វ​តា​ដា​បា​យ៉ាប​ស្រុក​កំចាយមារ និង​តំបន់​ទេសចរណ៍​ប្រាសាទព្រៃ​ដើម​ស្រុក​។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​បន្ថែម​ថា មុន​នឹង​អនុវត្តន៍​មន្ទីរ​បាន​ជូនដំណឹង​រម្លឹក​ជា​បន្តបន្ទាប់​ទៅ​ដល់​ម្ចាស់​រមណីយដ្ឋាន គោលដៅ​តំបន់ សហគមន៍​ទេសចរណ៍ និង​កន្លែង​ដែល​មាន​សក្តានុពល​ទេសចរណ៍​បាន​ជ្រាប​ស្រេចបាច់​ទាំងស្រុង ដើម្បី​ចូលរួម​គ្រប់​ភាគី​ទាំង​វិស័យ​ឯកជន និង​រដ្ឋ​អោយ​គោរព និង​អនុវត្ត​តាម​អោយ​មាន​ប្រសិទ្ធភាព​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ គោលដៅ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ចូល​ក្នុង​សហគមន៍​។ ហើយ​ចំពោះ​ការ​បិទ​នេះ គឺ​បិទ​ទាំង​មនុស្ស​ចេញ​-​ចូល និង​បិទ​មិន​អោយ​មានការ​លក់ដូរ​ជា​ដាច់ខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ