ខេត្តក្រចេះ ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងព្រៃក្បែរចំការ និងមានស្នាមភ្លើងឆេះជើង ដែលការស្លាប់នេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា អាចជារឿងឃាតកម្មព្រោះនៅលើខ្លួនជនរងគ្រោះមានស្លាកស្នាមកាប់ និងវាយដំ។ ការប្រទះឃើញសាកសពនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់កំលាំងសមត្ថកិច្ច កាលពីព្រឹកថ្ងៃទី២៨ កុម្ភៈ ត្រង់ចំណុចអូរស្នួល ខាងក្រោយភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ហើយបុរសដែលស្លាប់នេះក៏ត្រូវបានសមត្ថកិច្ចស្គាល់អត្ដសញ្ញាណ គឺឈ្មោះអន ទឺយ អាយុ៥២ឆ្នាំ មានមុខរបរជាអ្នកចំការ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីគ្រួសារសពឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៧ កុម្ភៈ បុរសរងគ្រោះបានចេញពីផ្ទះទៅចំការហើយក៏មិនឃើញត្រឡប់មកវិញ រហូតដល់ព្រឹកថ្ងៃទី២៨ កុម្ភៈ ស្រាប់តែមានគេប្រទះឃើញបុរសនេះ ដេកស្លាប់ក្នុងព្រៃដោយត្រូវភ្លើងព្រៃឆេះជើងត្រឹមជង្គង់។ ការស្លាប់របស់បុរសរងគ្រោះរូបនេះ ជំហានដំបូងសមត្ថកិច្ចសន្និដ្ឋានថា អាចបណ្ដាលមកពីភ្លើងឆេះព្រៃ ខណៈពេលដែលបុរសរងគ្រោះខ្យល់គរដួលសន្លប់ហើយក៏ត្រូវភ្លើងព្រៃឆាបឆេះ ក៏បណ្ដាលឱ្យស្លាប់ តែក្រោយពីការចុះស្រាវជ្រាវមកបានរកឃើញថា ការស្លាប់របស់បុរសរងគ្រោះជាករណីឃាតកម្មទៅវិញ។
លោកវរសេនីយ៍ត្រី ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានមានប្រសាសន៍ឱ្យដឹងថា បន្ទាប់ពីកំលាំងនគរបាលចុះពិនិត្យដល់កន្លែងកើតហេតុឃើញថា បុរសរងគ្រោះស្លាប់ដោយសារការវាយសំលាប់ ព្រោះនៅលើក្បាលមានស្នាមកាប់នឹងពូថៅវាយបែកភ្នែកខាងឆ្វេង។ លោកអធិការបានបន្ដថា នៅកន្លែងកើតហេតុប៉ូលិសបានរកឃើញពូថៅមួយមានប្រឡាក់ឈាមហើយ សមត្ថកិច្ចសន្និដ្ឋានថា ពូថៅនេះជនដៃដល់បានយកមកធ្វើសកម្មភាពកាប់ជនរងគ្រោះ។ តាមការអះអាងរបស់សាច់ញាតិថា ពូថៅនេះជារបស់ជនរងគ្រោះយកពីផ្ទះទៅចំការ។
តាមសាក្សីនៅកន្លែងកើតហេតុបានឱ្យសមត្ថកិច្ចដឹងថា ភ្លើងឆេះព្រៃអាចឆេះមុនមានករណីឃាតកម្មនេះ ហើយក៏ឆេះរាលទៅដល់សាកសព ព្រោះនៅលើខ្លួនសពមានភ្លើងឆេះត្រឹមជង្គក់ តែមិនឆេះសំលៀកបំពាក់ទេ។ មិនមានប្រភពព័ត៌មានណាមួយបញ្ជាក់ថា ការស្លាប់របស់បុរសនេះបណ្ដាលមកពីរឿងអ្វីនោះឡើយ ព្រោះកន្លងមកបុរសរងគ្រោះពុំធ្លាប់មានទំនាស់ជាមួយនរណាទេ ហើយគេសន្និដ្ឋានថា ការស្លាប់នេះគឺបណ្ដាលមកពីបុរសរងគ្រោះទៅលួចដកដំឡូងគេ ព្រោះនៅនឹងក្រមាជនរងគ្រោះមានខ្ចប់ដំឡូងជាច្រើនដុំ។ លោកអធិការស្រុកបានបន្ដថា ចំពោះមុខសញ្ញាជនដៃដល់ គឺកម្លាំងនគរបាលកំពុងតែតាមស្រាវជ្រាវ ព្រោះក្រោយពីចុះពិនិត្យដល់កន្លែងកើតហេតុដើម្បីប្រមូលផ្ដុំព័ត៌មានលើជនសង្ស័យឱ្យបានច្រើន ទើបអាចកំណត់មុខសញ្ញា ៕
ចែករំលែកព័តមាននេះ