ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង ស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលកម្ពុជា ទិញពីចិន នឹងមកដល់ម៉ោង ១០ព្រឹក ថ្ងៃទី១៧មេសា រីឯស៊ីណូហ្វាម ៤០ម៉ឺនដូស នឹងមកដល់ថ្ងៃទី២៧មេសា

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានប្រកាសនៅថ្ងៃទី១៦ ខែមេសានេះថា វ៉ាក់សាំងចិន Sinovac ដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៥០ម៉ឺនដូស…

ភ្នំពេញ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានប្រកាសនៅថ្ងៃទី១៦ ខែមេសានេះថា វ៉ាក់សាំងចិន Sinovac ដែលជាការបញ្ជាទិញជំហានទីពីររបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៥០ម៉ឺនដូស នឹងដឹក​ជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមេសាខាងមុខនេះ។

ស្ថានទូតចិន បន្ថែមថា ទោះបីជាប្រទេសចិន ស្ថិតក្នុងស្ថានភាព ដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែប ប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ សង្ឃឹមថា វ៉ាក់សាំងចិន អាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។

អ្នកព័ត៌មាន​កាសែតចិន ប្រចាំកម្ពុជា បាន​ឲ្យដឹងថា វ៉ាក់សាំង​ ស៊ីណូវ៉ាក់ ៥០ម៉ឺនដូសនេះ នឹងដឹកតាមយន្តហោះ មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ១០ព្រឹក ថ្ងៃទី១៧ ខែមេសា​ស្អែកនេះ​។

យ៉ាងណាក៏ដោយ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល ដែលជាប្រធានគណៈកម្មការចំពោះកិច្ច​ចាក់វ៉ាក់សាំងកូវីដ១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រាប់អ្នកកាសែតថា ក្នុងពេលវ៉ាក់សាំង​កូវីដ១៩ ស៊ីណូវ៉ាក់ ៥០ម៉ឺនដូស មកដល់នៅព្រឹកថ្ងៃទី១៧មេសាស្អែកនេះ នឹង​មិនមានពិធីទទួលអ្វី​ទេ។ ប៉ុន្តែ​លោកជំទាវ បានប្រកាសឲ្យ​អ្នកកាសែត រង់ចាំដល់ថ្ងៃទី២៧មេសា​ ប្រហែលជាមានពិធីប្រគល់ និងទទួលវ៉ាក់សាំង​កូវីដ១៩ ប្រភេទ ស៊ីណូហ្វាម ដែលចិន គ្រោងនឹងផ្តល់​ឲ្យកម្ពុជា បន្ថែមចំនួន ៤០ម៉ឺនដូសទៀត​។

ពាក់ព័ន្ធវ៉ាក់សាំង​ជំនួយជាលើកទី៣ ដល់កម្ពុជានេះ ស្ថានទូតចិនប្រចាំកម្ពុជា បានប្រកាសថា ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេច​ផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀតដល់​ភាគីកម្ពុជា។ វ៉ាក់សាំងទាំងនេះ នឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា នាចុងខែមេសាខាងមុខនេះ តាមរយៈជើងហោះហើរពាណិជ្ជកម្ម​។

សូមរម្លឹកថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ចិន​បានផ្តល់វ៉ាក់សាំង​លើកដំបូងដល់កម្ពុជា ប្រភេទ Sinopharm ចំនួន ៦០ម៉ឺនដូស​។ នៅថ្ងៃទី២៦ ខែមីនា វ៉ាក់សាំង​ Sinovac ចំនួន ១លាន ៥សែនដូស ដែលកម្ពុជា​ ទិញពីចិន ត្រូវបាន​ដឹក​មកដល់ភ្នំពេញ​។ កាលពីយប់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២១ ជំនួយវ៉ាក់សាំងរបស់ចិន Sinopharm ចំនួន ៧០ម៉ឺនដូស ត្រូវបានដឹកមកដល់​កម្ពុជា​។​

កាល​ពី​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានទទួលជំនួយពីអង្គការសុខភាព​ពិភពលោក ប្រភេទ AstraZeneca ផលិតនៅប្រទេសឥណ្ឌា ចំនួន ៣២៤ ០០០ដូស​។

នៅពេលទទួលបានវ៉ាក់សាំង​ទាំងនោះភ្លាម កម្ពុជាបានដំណើរការចាក់វ៉ាក់សាំងដល់​ជនអាទិភាពនៅទូទាំងប្រទេស ហើយចុងក្រោយនេះ បានចាក់ជូន​​ប្រជាជន​សាមញ្ញ​​ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ​។ គិតត្រឹមថ្ងៃទី១៥មេសា កម្ពុជា​បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាន ១ ២២៣ ៣២២ នាក់ហើយ។​​

ជុំវិញវ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ថា គិតចាប់ពីថ្ងៃទី១៧ ខែមេសា រហូតដល់ខែសីហា ឆ្នាំ២០២១ កម្ពុជា​នឹងទទួលបានវ៉ាក់សាំងសរុប ៨លានដូស ក្នុងនោះ រួមមាន៖ ថ្ងៃទី១៧មេសា ចំនួន ៥០ម៉ឺនដូស ខែឧសភា ចំនួន ១លាន ៥សែនដូស ខែមិថុនា ចំនួន ៣លានដូស ខែកក្កដាចំនួន ២លានដូស និងខែសីហា ចំនួន ១លានដូស​​៕