ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ដាក់​បម្រាម​គោរ​ចរ​ផ្អាក​ធ្វើ​ចរាចរណ៍​ពេល​យប់ និង​បើក​អាជីវកម្ម​លក់ដូរ​​ជា​បណ្តោះអាសន្ន

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​ដាក់​ចេញ​នូវ​បម្រាម​គោ​ចរណ៍​ហាមប្រាម​ការ​ធ្វើ​ដំណើរ និង​ការ​ធ្វើ​អាជីវកម្ម​លក់ដូរ​ជា​ពិសេស​ការ​លក់ដូរ​គ្រឿង​ស្រវឹង​នៅ​ពេល​យប់​ជា​បណ្តោះអាសន្ន រយៈពេល​ពី​៥​ថ្ងៃ​ទៅ​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២០ មេ​សា​២០២១ ។ ដោយ​ភ្ជាប់​ជាមួយនឹង​ការ​ដាស់តឿន​ដល់​សាធារណជន​ប្រជាពលរដ្ឋ…

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​ដាក់​ចេញ​នូវ​បម្រាម​គោ​ចរណ៍​ហាមប្រាម​ការ​ធ្វើ​ដំណើរ និង​ការ​ធ្វើ​អាជីវកម្ម​លក់ដូរ​ជា​ពិសេស​ការ​លក់ដូរ​គ្រឿង​ស្រវឹង​នៅ​ពេល​យប់​ជា​បណ្តោះអាសន្ន រយៈពេល​ពី​៥​ថ្ងៃ​ទៅ​៧​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២០ មេ​សា​២០២១ ។

ដោយ​ភ្ជាប់​ជាមួយនឹង​ការ​ដាស់តឿន​ដល់​សាធារណជន​ប្រជាពលរដ្ឋ អ្នកដំណើរ ក្រុមហ៊ុន ម្ចាស់​អាជីវកម្ម ម្ចាស់​រថយន្ត​ដឹក​ជញ្ជូន អាជីវកម្ម​រមណី​ដ្ឋា​ន និង​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ឲ្យ​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​ក្នុង​គោលដៅ​ធានា​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចូល​មូលដ្ឋាន​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន សុខភាព​សាធារណៈ និង​សន្តិសុខ​សាធារណៈ ។

ក្រោយ​ការ​ដាក់​ចេញ នូវ​បម្រាម​គោ​ចរណ៍​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​សហការ​ជាមួយ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​មានការ​ចូលរួម​ពី​មន្ត្រីខេត្ត និង​ក្រុង​ស្ទឹង​ត្រែង ចាប់ពី​យប់​ថ្ងៃ​ទី​១៤​មេ​សា​ឆ្នាំ​២០២ ១ បាន​ដាក់​ពង្រាយ​កម្លាំង​ក្នុង​ក្រុង ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល ដោយ​បិទ​ការ​ធ្វើ​ដំណើរ​ក្នុង​ខេត្ត ចាប់ពី​ម៉ោង​៨​យប់ រហូត​ដល់​ម៉ោង​៥​ភ្លឺ ដែល​ការ​ហាមប្រាម​នោះ​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៤ មេ​សា រហូត​ដល់​ថ្ងៃ​ទី​២០ មេ​សា ឆ្នាំ​២០២១ ជា​បណ្តោះអាសន្ន ។

នៅ​ក្នុង​សកម្មភាព​នោះ​ត្រូវ​គេ​ឃើញ​កម្លាំង​សមត្ថកិច្ច ដែល​ជា​មន្ត្រី​អនុវត្ត​ច្បាប់​បាន​ឃាត់​យានយន្ត​គ្រប់​ប្រភេទ​ដែល​បាន​ធ្វើ​ចរាចរណ៍​លើស​ម៉ោង​កំណត់​នៅ​ពេល​យប់​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង និង​មន្ត្រី​ជំនាញ​បាន​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​បាន​ធ្វើការ​ពន្យល់ ណែនាំ​ដល់​ប្រជាពលរដ្ឋ អ្នកដំណើរ អំពី​គោលបំណង នៃ​ការ​ដាក់​បម្រាម​គោ​ចរណ៍​របស់ រដ្ឋបាល​ខេត្តស្ទឹងត្រែង ។

រដ្ឋបាល​ខេត្តស្ទឹងត្រែង បាន​ចេញ​លិខិត លេខ​២២២/២១ ស ជ ណ ចុះ​ថ្ងៃ​ទី​១៥​មេ​សា​ឆ្នាំ​២០២១ ជូនដំណឹង​ដល់ អភិបាល នៃ​គណៈ​អភិបាលក្រុង​-​ស្រុក ដែល​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង ៦ ស្តី​ពី​ការ​អនុវត្ត​វិធានការ​រដ្ឋបាល ដើម្បី​ផ្អាក​ពី​ការ​លក់ដូរ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ នៅ​ក្នុង​មូលដ្ឋាន នៃ​ដែន​សមត្ថកិច្ច​រដ្ឋបាល​ក្រុង​-​ស្រុក ដែល​ខ្លួន​គ្រប់គ្រង និង​សេចក្តីសម្រេច​លេខ​០៣៥/២១ សសរ ចុះ​ថ្ងៃ​ទី​១៣ មេ​សា ឆ្នាំ​២០២១ ដែល​បាន​ដាក់​ចេញ​គោលការណ៍​អនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត មាន​រយៈពេល ១​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​១៤​មេ​សា ដល់​ថ្ងៃ​ទី​២០​មេ​សា​ឆ្នាំ​២០២១ ។

មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តស្ទឹងត្រែង លោក ម៉ែ​ន គង់ ដែល​ជា​នាយករង​រដ្ឋបាល​ខេត្ត ឲ្យ​ដឹង​ថា ការ​ដាក់​ចេញ​នូវ​បម្រាម​គោចរ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ទទួល​បាន​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី តាម​ការ​ចាំបាច់ និង​ការងារ​បន្ទាន់​របស់ រដ្ឋបាល​ខេត្តស្ទឹងត្រែង ដោយ​តម្រូវ​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន ចំពោះ​សកម្មភាព​អាជីវកម្ម​លក់ដូរ តូប​អាហារ ភេសជ្ជៈ អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​ភោជនីយដ្ឋាន​នៅ​តាម​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​ជាដើម​។​ល​។

អតិថិជន​ចូ​មក​ទទួលទាន​អាហារ ភេសជ្ជៈ និង​ការ​ទទួលទាន​គ្រឿង​ស្រឹ​វឹង ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៥​ទៀប​ភ្លឺ ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៤ មេ​សា ដល់​ថ្ងៃ​ទី​២០ មេ​សា ឆ្នាំ​២០២១ ជា​ការ​កំណត់ ។ ប៉ុន្តែ ក៏​មានការ​លើកលែង​ចំពោះ​ការ​ជួបជុំ​រៀបចំ​ពិធី​បុណ្យសព ដោយ​ត្រូវ​គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ការ​ជួបជុំ​របស់​មន្ត្រី​សុខាភិបាល និង​មន្ត្រី​មាន​សមត្ថកិច្ច ដែល​បំពេញភារកិច្ច និង​កាតព្វកិច្ច ការ​ជួបជុំ ដែល​មាន​គោលដៅ​បម្រើ​ផលប្រយោជន៍​សង្គម និង​ការ​ជួប​ក្នុង​ភាព​ចាំបាច់​មួយ​ចំនួន​ទៀត តាម​ការ​កំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ។

លោក ម៉ែ​ន គង់ នាយករង​រដ្ឋបាល​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់​ថា រាល់​ការ​អនុវត្ត​វិធានការ​រដ្ឋបាល ប្រសិនបើ​មាន​បុគ្គល​ណាមួយ មិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំ​របស់ អាជ្ញា​ធរមាន​សមត្ថកិច្ច បុគ្គល​នោះ​នឹង​ទទួល​ការ​ផាកពិន័យ​អន្តរការណ៍ ដែល​ស្រប​តាម​ស្មារតី នៃ​ប្រកាស​អន្តរក្រសួង លេខ ១០៤៥ ប្រក ចុះ​ថ្ងៃ​ទី​៨​មេ​សា​ឆ្នាំ​២០២១ របស់​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​បទបញ្ញត្តិ​ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ។

លោក​បាន​បញ្ជាក់​ទៀត​ថា ការ​ដាក់​ចេញ​នូវ​សេចក្តីសម្រេច​របស់ រដ្ឋបាល​ខេត្ត​នា​ពេល​នេះ គឺ​ដើម្បី​ធានា​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ និង​ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន សុខភាព​សាធារណៈ និង​សន្តិសុខ​សាធារណៈ​នៅ​ក្នុង​មូលដ្ឋាន​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង ស្រប​ពេល​ដែល​រាជធានី​-​ខេត្ត​មួយ​ចំនួន​កំពុង​បន្ត​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍ គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត បើ​ទោះបី​ខេត្តស្ទឹងត្រែង ពុំ​ទាន់​មាន​អ្នក​វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩ ក៏​មែនពិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ