ខេត្តសៀមរាប ៖ ដើមឈើទាល ១ដើម នៅផ្លូវបំបែកមុខវត្តរាជបូណ៌ ត្រូវបានមន្ត្រីជំនាញកាប់ចេញ ដោយសាររលួយពុកគល់ ដើម្បីយកទៅទុកនៅអតីតអាងក្រពើ ទុកសម្រាប់ធ្វើរោងឲ្យប្រជាការពារភូមិ និងប៉ុស្តិ៍ ដែលមានការខ្វះខាត ។
ករណីកាប់ដើមឈើនេះ ធ្វើនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចផ្លូវបំបែកខាងមុខវត្តរាជបូណ៌ ក្នុងភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ។
បើតាមប្រសាសន៍របស់មន្ត្រីសាលាក្រុងសៀមរាប បានអោយដឹងតាមទូរស័ព្ទ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះថា បន្ទាប់ពីក្រុមការងារ នៃរដ្ឋបាលក្រុងសៀមរាប សហការណ៍ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ទីរសាធារណការ រួមទាំងក្រុមការងារ នៃកងវិស្វកម្ម បានចុះធ្វើការពិនិត្យស្ថានភាពដើមឈើទាល១ដើមខាងលើ ជាលទ្ធផលឃើញថា ដើមឈើនេះ មានស្ថានភាពចាប់ផ្តើមរលួយពុកគល់ ម្យ៉ាងវិញទៀតដោយសារទីតាំងនេះប៉ះពាល់លើគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែផងដែរ ។
ប្រភពពីមន្ត្រីរដ្ឋបាលក្រុង បានបញ្ជាក់ថា ករណីនេះក្រុមការងារចម្រុះ បានប្រើប្រាស់គ្រឿងចក្រ ធ្វើការ កាប់ និងដឹកជញ្ជូនយកចេញ ទៅរក្សាទុកដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ ជាពិសេសចំពោះការរលំបាក់ប៉ះលើបងប្អូនប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ