ទីភ្នាក់ងារព័ត៌មានបារ៉ែនរាយការណ៍ឱ្យដឹងថា កងកម្លាំងការពារជាតិបារ៉ែននឹងទទួលបន្ទុកសន្តិសុខជាតិ ហើយដាក់បំរាមគោចរនៅកន្លែងមួយចំនួន ដែលស្ថិតក្រោមច្បាប់គ្រាអាសន្ន ។ ការដាក់បំរាមគោចរនេះគឺក្រោយពីការស្លាប់បាតុករ២នាក់ទៀត និង១៥០នាក់ទៀតរងរបួសកាលពីថ្ងៃទី១៥ មីនា កន្លងមក ដោយសារការបាញ់រះដោយកាំភ្លើងប្រើគ្រាប់ជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងទីក្រុងស៊ីត្រាភាគខាងត្បូងប្រទេស ។
កាលពីថ្ងៃទី១៥ មីនា កន្លងមក ព្រះមហាក្សត្របារ៉ែន ព្រះចៅ Hamad bin Isa Al Khalifa ទ្រង់បានប្រកាសពីស្ថានភាពគ្រាអាសន្នរយៈពេល៣ខែ ដែលចូលជាធរមានភ្លាមៗ ។ ដោយឡែក នៅថ្ងៃនោះដែរ ប្រទេសអារ៉ាប៊ី សាអូឌីត និងអេមីរ៉ាត អារ៉ាប់រួម បានបញ្ជូនកងទ័ពទៅកាន់ប្រទេសបារ៉ែន ហើយត្រៀមធ្វើអន្តរាគមន៍ដើម្បីការពារជនស៊ីវិល ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រីហ៊ីលឡារី គ្លីនតុន បច្ចុប្បន្នកំពុងស្នាក់នៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅក្នុងប្រទេសបារ៉ែន ។ លោកស្រីសម្តែងពីការព្រួយបារម្ភនោះក្នុងអំឡុងពេលនៃការសន្ទនាគ្នាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ី សាអូឌីត ។ លោកស្រីគ្លីនតុន ថ្លែងថា វាមានសារសំខាន់ណាស់ ប្រសិនបើភាគីទាំងអស់ជម្រុញឱ្យមានការចរចាជាជាងការបង្កអំពើហិង្សា ។
ព្រះចៅ Hamad បានប្រកាសច្បាប់គ្រាអាសន្នរយៈពេល៣ខែ នៅក្នុងប្រទេសចំពេលមានការមិនប្រាកដប្រជាក្រោយពីកងទ័ពបរទេសបានលើកចូលដល់ប្រទេសបារ៉ែន ដើម្បីជួយរដ្ឋាភិបាលបង្ក្រាបបាតុករដែលធ្វើបាតុកម្មរយៈពេលជាច្រើនសប្តាហ៍មកហើយ ៕
ចែករំលែកព័តមាននេះ