រាជធានីភ្នំពេញ ៖ នៅក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ កាន់តែច្រើនឡើងៗ ជាពិសេសនោះ គឺការឆ្លងចូលក្នុងរោងចក្រ និងផ្សារអូរឬស្សី ដែលមានអ្នកឆ្លងខ្ទង់រយនាក់ទៅហើយ ។
ក្នុងដំណាក់កាលនេះ សហជីព ហាក់ទល់តម្រិះនឹងការផ្ដល់យោបល់ជូនក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងបញ្ឈប់ការចម្លង ។
បើតាមលោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានឱ្យដឹងថា ស្ថានភាពបែបនេះ គឺជាស្ថានភាពមួយដែលអាក្រក់បំផុត និងមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែលយើងរំពឹងទុក និងព្រួយបារម្ភនោះវាមកដល់ហើយជាក់ស្ដែងករណីឆ្លងចូលក្នុងរោងចក្រឌីន ហានជាដើម ដែលធ្វើឱ្យមានការតក់ស្លុតខ្លាំង និងមិននឹកស្មានដល់ ។
លោកបន្តថា អ្វីដែលត្រូវអារម្មណ៍បំផុតនោះ គឺសុំឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏ដូចជា ក្រសួងសុខាភិបាល មេត្តាយកចិត្តទុកខ្ពស់លើបញ្ហានេះ ហើយក៏អំពាវនាវឱ្យបងប្អូនកម្មករកម្មការិនីមេត្តាដាក់ខ្លួនធ្វើចត្តាឡីស័កជាពិសេសកម្មករ កម្មការិនី ក្នុងរោងចក្រឌីន ហានទាំងអស់ ។
នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាខ្មែរដែលនឹងចូលមកដល់នៅពេលខាងមុខនេះ កម្មករទាំងអស់នឹងត្រូវឈប់សម្រាក ហើយសូមស្នាក់នៅក្នុងផ្ទះ ឬបន្ទប់ជួលរៀងៗខ្លួនកុំធ្វើដំណើរការចល័តទៅស្រុក ព្រោះបើទៅស្រុកក៏គ្មានអ្វីដែរ បើសិនជាយើងយកជំងឺទៅជាមួយ និងចម្លងដល់គេឯងនោះ ។
លោកបន្ថែមថា ក្នុងករណីនៃការឆ្លងចូលរោងចក្រឌីន ហាននេះ ក្រសួងពាក់ព័ន្ធក៏ដូចជា អាជ្ញាធរទាំងអស់ត្រូវតាមដាន និងត្រួតពិនិត្យទៅលើកម្មករក្រៅពីរោងចក្រមួយនេះ ជាពិសេសនៅតំបន់ជុំវិញនោះព្រោះកម្មករក្នុងរោងចក្រឌីន ហាន ក៏អាចមានទំនាក់ទំនងជាមួយកម្មកររោងចក្រផ្សេងដែលនៅជិតៗនោះដែរ ។
លោកថា ៖« ពេលនេះយើងពិតជាពិបាកក្នុងការសម្រេចថា សុំឱ្យពួកគាត់ឈប់សម្រាកមុនថ្ងៃចូលឆ្នាំ ឬបន្តធ្វើការទៀត ព្រោះបើឱ្យគាត់ឈប់សម្រាក ហើយពួកគាត់មានជំងឺនោះនឹងរាលដាលនៅក្នុងតំបន់ជិតៗ កន្លែងគាត់រស់នៅ តែបើសិនជាឱ្យគាត់ធ្វើការក៏ប្រឈម ដូច្នេះមានតែក្រុមជំនាញជាអ្នកចាត់ចែងលើបញ្ហានេះប៉ុណ្ណោះ » ។
លោកបន្ថែមទៀតថា អ្វីដែលជាការព្រួយបារម្ភនោះ គឺព្រួយបារម្ភណាស់ តែយើងសូមអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ចេះថែរក្សា ការពារ និងត្រូវអនុវត្តន៍តាមវិធានរបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមសហការជាមួយស្ថាប័នរោងចក្រសហគ្រាសដែលពួកគាត់ធ្វើការ ។
មានអ្នកជំនាញជាច្រើនបានបង្ហាញពីការព្រួយបារម្ភចំពោះការឆ្លងចូលក្នុងសហគមន៍រោងចក្រ ហើយត្រូវទប់ឱ្យជាប់ បើមិនជាប់ទេ វានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែរោងចក្រ ត្រូវធ្វើការប្រាស្រ័យទាក់ទងគ្នាពីមួយទៅមួយ ។
គិតត្រឹមថ្ងៃទី០៩ មេសា ២០២១នេះ ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន៥៧៦នាក់ ក្នុងនោះរាជធានីភ្នំពេញមានចំនួន ៥៤៤ ខេត្តស្វាយរៀង១៦ ខេត្តព្រះសីហនុ១២ ខេត្តកំពង់ចាម១ ខេត្ត សៀមរាប២ និងខេត្តកណ្ដាល១ ៕
ចែករំលែកព័តមាននេះ