ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ផ្ដល់​កម្ចី​60​លាន​ដុល្លារ​សម្រាប់​កែ​លម្អ​ប្រព័ន្ធ​ធារាសាស្ត្រ ក្នុង​ខេត្តកំពង់ធំ​និង​បាត់ដំបង

8 ឆ្នាំ មុន

ទីក្រុង​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា​ADB ថ្ងៃ​ទី​២៩ កញ្ញា ២០១៥ បាន​ឲ្យ​ថា ដឹង​ធនាគារ​នេះ​បាន​អនុម័ត​លើ​កម្ចី​ក្នុង​ទឹកប្រាក់​៦០​លាន​ដុល្លារ​ក្នុង​គោលបំណង

ទីក្រុង​ម៉ានីល ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា​ADB ថ្ងៃ​ទី​២៩ កញ្ញា ២០១៥ បាន​ឲ្យ​ថា ដឹង​ធនាគារ​នេះ​បាន​អនុម័ត​លើ​កម្ចី​ក្នុង​ទឹកប្រាក់​៦០​លាន​ដុល្លារ​ក្នុង​គោលបំណង​បង្កើន​ផលិតកម្ម កសិកម្ម តាម​រយៈ​ការ​ស្ដារ​ឡើង​វិញ ការ​ធ្វើ​ទំនើប​កម្ម និង​ការ​ធ្វើ​អោយ​ប្រព័ន្ធ​ធារាសាស្ត្រ ក្នុង​ខេត្តកំពង់ធំ និង​បាត់ដំបង កាន់តែ​ធន់​ជាមួយនឹង​អាកាសធាតុ ។

លោក Raza Mahmood Farrukh អ្នកឯកទេស​ខាង​ធនធានទឹក​នៃ​នាយកដ្ឋាន​តំបន់​អាស៊ី​អាគ្នេយ៍​របស់ ADB បាន​មាន​ប្រសាសន៍​ថា ផលិតភាព​កសិកម្ម​ទាប គឺជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​សម្រាប់​កសិករ​ខ្មែរ ដែល​ពឹងពាក់​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​និង​មិនសូវ​ទទួល​បានការ​ថែទាំ​សម្រាប់​បង្កបង្កើន​ផល​ស្រូវ​របស់​ខ្លួន ។ លោក​ថា « ការ​ផ្ដល់​ហិរញ្ញប្បទាន​នេះ នឹង​ផ្ដល់​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល ដើម្បី​ពង្រីក​ទំហំ​ដី ដែល​ទទួល​បានការ​ស្រោចស្រព និង​ការ​គ្រប់គ្រង​ធនធានទឹក​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។ ហិរញ្ញប្បទាន​នេះ នឹង​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​របស់​ប្រជា​កសិករ ដោយសារ​តែ​មុខសញ្ញា​គ្រោះថ្នាក់​ធម្មជាតិ ដូច​ជា​ទឹកជំនន់​ជាដើម ដែល​កើតឡើង មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ » ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ADB​ដដែល គម្រោង​នេះ នឹង​បង្កើន​ប្រសិទ្ធភាព និង​ភាព​ធន់​ទៅ​នឹង​អាកាសធាតុ​នៃ​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​ខេត្តកំពង់ធំ និង​បាត់ដំបង ។ ត្រឹម​ឆ្នាំ​២០២១ ផ្ទៃដី​ដាំ​ដុះ​សរុប ទាំង​រដូវប្រាំង និង​រដូវវស្សា នឹង​កើនឡើង​ទ្វេ​ដង​រហូត​ដល់ ២៩.៥០០​ហិ​កតា ខណៈ​ឆ្នាំ​២០១៥ មាន​តែ ១៣.៥០០​ហិ​កតា ហើយ​ប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន​៣ នឹង​សម្រេច​បាន​នូវ​ប្រសិទ្ធភាព​ស្រោចស្រព​បាន​១០០% ។

តាម​រយៈ​ការ​កែ​លម្អ​ប្រព័ន្ធ​ធារាសាស្ត្រ និង​ការ​ផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​ដល់​កសិករ ក្នុង​ខេត្តកំពង់ធំ និង​ខេត្តបាត់ដំបង កម្ចី​នេះ​នឹង​ជួយ​បង្កើន​ផលិតភាព​កសិកម្ម​និង​បង្កើន​ប្រាក់​ចំណូល​ដល់​កសិករ​នៅ​តាម​មូលដ្ឋាន ដោយសារ​តែ​ពួក​គេ​អាច​មាន​លទ្ធភាព​បង្កបង្កើន​ផល​ស្រូវ បន្លែ និង​ដំណាំ​ហូប​ផ្លែ​ផ្សេង​ៗ​បាន​ម្ដងទៀត នៅ​រដូវប្រាំង ។

មួយវិញទៀត​គម្រោង​នេះ ក៏​នឹង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​រដ្ឋាភិបាល និង​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក អំពី​របៀប​គ្រប់គ្រង​ធនធានទឹក​ឱ្យ​បាន​ត្រឹមត្រូវ ដែល​ក្នុង​នោះ​សមាជិក​និង​អ្នកគ្រប់គ្រង​សហគមន៍​នេះ​យ៉ាងតិច​បំផុត​៣០%​ត្រូវ​តែ​ជា​ស្ត្រី ។ សហគមន៍​កសិករ​ប្រើប្រាស់​ទឹក នឹង​ទទួលខុសត្រូវ​លើ​ការ​ប្រើប្រាស់ និង​ការ​ថែទាំ​ប្រឡាយ​រង​ទី​២ ។

គម្រោង​នេះ​ដែរ ក៏​នឹង​បំពេញបន្ថែម​ឱ្យ​គំនិត​ផ្ដួចផ្ដើម ដែល​គាំទ្រ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​ផ្សេង​ទៀត ក្នុង​តំបន់​នេះ ដូច​ជា​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជ​ភាវូបនីយកម្ម​ស្រូវ​ធន់​នឹង​អាកាសធាតុ ដែល​កំពុង​តែ​អនុវត្ត ក្នុង​នោះ​កសិករ អាច​ទទួល​បាន គ្រាប់ពូជ​ដែល​មានគុណ​ភាព​ខ្ពស់ ដោយ​មានការ​បញ្ជាក់​ត្រឹមត្រូវ ។ កម្ចី​នេះ មាន​ប្រភព​ពី​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី ដែល​ជា​កម្ចីសម្បទាន​របស់​ADB ហើយ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ផ្ដល់​ថវិកាបដិភាគ​ចំនួន​៦,១​លាន​ដុល្លារ​អា​មេ​រិ​ក ។ គម្រោង​នេះ នឹង​មាន​រយៈពេល​៥​ឆ្នាំ ដោយ​នឹង​បញ្ចប់​ក្នុង​ខែមីនា ឆ្នាំ ២០២១ ។

គួរ​បញ្ជាក់​ថា ធនាគារ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ម៉ានីល​មួយ​នេះ​ប្ដេជ្ញា កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក តាម​រយៈ​កំណើនសេដ្ឋកិច្ច​ដើម្បី​ទាំងអស់​គ្នា កំណើន​ដែល​ធានា​និរន្ត​ភាព​បរិស្ថាន និង​សមាហរណកម្ម​តំបន់ ។ ADB បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៦៦ ហើយ​ធនាគារ​នេះ គឺជា​កម្មសិទ្ធិ​របស់​សមាជិក​ចំនួន​៦៧​ប្រទេស ដែល​ក្នុង​នោះ​រួម​មាន ៤៨​ប្រទេស មក​ពី​តំបន់​អាស៊ី ។ ក្នុង​អំឡុង​ឆ្នាំ​២០១៤ ជំនួយ​ដែល​ផ្ដល់​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី​សរុប មាន​ចំនួន​២២,៩​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក បូក​រួម​ទាំង​សហ​ប្រទាន​ចំនួន​៩,២​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ៕