ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​ជាប់ចិត្ត​អង្ករ​ថៃ​និង​វៀតណាម ចង់​ទិញ​1,5​លាន​តោន​នៅ​ដើមឆ្នាំ​2016

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មាន​បំណង​ចង់​ទិញ​អង្ករ​ពី​ថៃ និង​វៀតណាម ចំនួន​១,៥​លាន​តោន​នៅ​ខែមករា​ឆ្នាំ​២០១៦​ខាង​មុខ ស្រប​ពេល​ដែល​ផល​ប៉ះពាល់​នៃ​បាតុភូត​អាកាសធាតុ​ពី​ធម្មជាតិ El Nino​នៅ​ក្នុង​ប្រទេស​នេះ

ប្រទេស​ថៃ ៖ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​មាន​បំណង​ចង់​ទិញ​អង្ករ​ពី​ថៃ និង​វៀតណាម ចំនួន​១,៥​លាន​តោន​នៅ​ខែមករា​ឆ្នាំ​២០១៦​ខាង​មុខ ស្រប​ពេល​ដែល​ផល​ប៉ះពាល់​នៃ​បាតុភូត​អាកាសធាតុ​ពី​ធម្មជាតិ El Nino​នៅ​ក្នុង​ប្រទេស​នេះ បាន​កាត់​បន្ថយ​ដល់​ការ​ផ្គត់ផ្គង់​អង្ករ​ក្នុងស្រុក ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​កាសែត​បាងកក​ប៉ុស្តិ៍ ។
ប្រធានកិត្តិយស​នៃ​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ លោក Chookiat Ophaswongse បាន​បង្ហើប​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​បាន​ប្រកាស​នូវ​គម្រោង​ទិញ​អង្ករ​តាម​រយៈ​កិច្ចព្រមព្រៀង​ថ្នាក់​រដ្ឋាភិបាល​-​រដ្ឋាភិបាល ហើយ​តំណាង​របស់​សមាគម នឹង​ចាប់ផ្តើម​ចរចា​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

លោក​Chookiat បាន​ឲ្យ​ដឹង​ទៀត​ថា តម្លៃ​អាច​នឹង​ប្រែប្រួល​ខុស​គ្នា ខណៈ​ដែល​អង្ករ​ថៃ​គឺ​មានគុណ​ភាពល្អ​ជាង និង​ថ្លៃ​ជាង​អង្ករ​វៀតណាម ។

លោក​បាន​ថ្លែង​ថា ឥណ្ឌូ​ណេ​ស៊ី​អាច​នឹង​នាំ​ចូល​ពី​ប្រភព​ដទៃ​ទៀត​ផង​ដែរ ពីព្រោះ​ថា ថៃ​និង​វៀតណាម មិន​អាច​បំពេញតម្រូវការ​១,៥​លាន​តោន​ក្នុងអំឡុងពេល​នៃ​សេចក្តី​ត្រូវការ​របស់​ឥណ្ឌូ​ណេ​ស៊ី​បាន​ឡើយ ។

លោក​បាន​ថ្លែង​ថា ឥណ្ឌូ​ណេ​ស៊ី​ត្រូវការ​អង្ករ​ក្នុង​ចន្លោះ​ខែវិច្ឆិកា និង​ខែមករា ស្រប​ពេល​ដែល​រដូវ​ប្រមូល​ផល​អង្ករ​របស់​ប្រទេស​នេះ​នឹង​ចាប់ផ្តើម​នៅ​ខែមីនា ឯណោះ ។
លោក​បាន​បន្ត​ទៀត​ថា «​អង្ករ​ប្រមាណ​ជា​១,៥​លាន​តោន​ដែល​ឥណ្ឌូ​ណេ​ស៊ី​ត្រូវការ​គឺជា​ប្រភេទ​អង្ក​រស​៥%​និង​អង្ករ​បាក់​១៥% ហើយ​វា​ចាំបាច់​ត្រូវ​តែ​ជា​អង្ករ​ថ្មី ។ ហេតុ​ដូច្នេះ វា​គឺជា​រឿង​ល្អ​មួយ​នៃ​ការ​ប្រមូល​ផល​អង្ករ​ថៃ​នៅ​ចុងឆ្នាំ​នេះ​ដែល​មាន​ទីផ្សារ​ស្រាប់ »​។

តាម​របាយការណ៍​របស់​កាសែត​ថៃ​មួយ​នេះ​ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្នុងអំឡុងពេល​៩​ខែ​ដើមឆ្នាំ​២០១៥​នេះ ប្រទេស​ថៃ​បាន​នាំ​ចេញ​អង្ករ​ជិត​៧​លាន​តោន ហើយ​ក្រសួង​ពាណិជ្ជ​កម្ម​មានការ​ជឿជាក់​ទៅ​លើ​ទិស​ដៅ​នាំ​ចេញ​១០​លាន​តោន​នឹង​ត្រូវ​សម្រេច​បាន​នៅ​ឆ្នាំ​នេះ ៕