ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់ត្រូវគេស្គាល់ថាជាប្រពន្ធរបស់អ្នកសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍មួយរូបប្រចាំខេត្តប៉ៃលិន រងរបួសធ្ងន់ បាក់ជើងឆ្វេង ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង រីឯយុវជនម្នាក់ទៀតរងរបួសស្រាល ខណ:ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែមានបុរសម្នាក់ស្រវឹងស្រាជោកជាំបើកបររថយន្តស្ទូច១គ្រឿង បុកចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ស្រាលតែម្តង ។ ក្រោយជនបង្កបើកបររថយន្តបុកម៉ូតូជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ស្រាល ក៏បើករថយន្តបម្រុងគេចខ្លួនទៅផ្ទះរបស់ខ្លួន ស្របពេលសាច់ញាតិជនរងគ្រោះឃើញទាន់ ក៏ជិះម៉ូតូតាមទៅសួរនាំ ស្រាប់តែចេញមករករឿងបម្រុងវាយដំថែមទៀត ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ខាងលើ ម្នាក់ឈ្មោះ នួន ផានិត ភេទប្រុស អាយុ២០ឆ្នាំ រងរបួសស្រាល ជាអ្នកបើកបរម៉ូតូមួយគ្រឿង ម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ប៉ៃលិន 1C-3597 រងការខូចខាតមធ្យម និងម្នាក់ទៀតឈ្មោះ សេង សារី ភេទស្រី អាយុ៤៧ឆ្នាំ រងរបួសធ្ងន់ បាក់ជើងឆ្វេង ត្រូវជាប្រពន្ធអ្នកសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍មួយរូប រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ចំណែកជនបង្កមានឈ្មោះ ទៀង ប្រុស អាយុ៤៨ឆ្នាំ ជាអ្នកបើកបររថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ (ប្រភេទ២,៥តោន) ពាក់ស្លាកលេខ ន ០១៧៥-ភព៣ រស់នៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះ និងយុវជនម្នាក់បានបើកបរម៉ូតូ១គ្រឿងទៅទិញអង្ករនៅផ្សារប៉ាហ៊ី លុះត្រឡប់មកវិញ ត្រង់ផ្លូវបំបែកជាបួន បម្រុងនឹងបត់ឆ្វេង ស្រាប់តែរថយន្តខាងលើ បានជ្រុលចង្កូតទៅបុកចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យដួលរងរបួសធ្ងន់ស្រាលទាំង២នាក់តែម្តង ។ ក្រោយពេលកើតហេតុ ជនបង្កបានបើករថយន្តគេចទៅផ្ទះរបស់ខ្លួន តែត្រូវបានបងប្អូន និងក្រុមគ្រួសាររបស់ជនរងគ្រោះឃើញទាន់ ក៏ដេញតាមទៅដល់ផ្ទះ ស្រាប់តែរូបគេចេញមករករឿងដេញវាយទាត់ធាក់ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ចំណែកមន្ត្រីនគរបាលចរាចរណ៍ជើងគោកខេត្តប៉ៃលិនម្នាក់ បានឱ្យដឹងថា ជនរងគ្រោះធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ បត់ឆ្វេងក៏ត្រូវរថយន្តខាងលើបុកចំពីក្រោយយ៉ាងពេញទំហឹង លុះឃើញបែបនេះ ជនបង្កក៏បានបើករថយន្តគេចទៅផ្ទះ ។
តាមប្រភពដដែលបានបន្តទៀតថា ជនបង្កពិតជាបានផឹកស្រាស្រវឹងពិតប្រាកដមែន ។
តាមប្រភពដដែលបានបន្តទៀតថា តែខាងនគរបាលនឹងសាកសួរភាគីម្ខាងទៀត ដើម្បីបានចំលើយត្រឹមត្រូវ ហើយរៀបចំធ្វើការដោះស្រាយជូនជនរងគ្រោះខាងលើ ឱ្យមានតម្លាភាពផងដែរ ៕
ចែករំលែកព័តមាននេះ