ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការប្រឹក្សាការងារ​សំរេច​ផ្តល់​៧​ដុល្លារ ​និង​​២.០០០​រៀល​ ឬបាយមួយ​​​ពេល​​ដល់​កម្មករ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីថ្លែង​ការណ៍ចុះថ្ងៃទី៧ មីនា ​របស់គណៈ​កម្ម​ការ​ប្រឹក្សា​ការងារ​ដែល​ចុះហត្ថលេខាដោយលោក​វង សូត រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជា​ជីវៈ និងជាប្រធានគណៈកម្មការប្រឹក្សា​ការ​ងារ ​លោកឧកញ៉ា ណាង សុធី អនុប្រធានគណៈ​កម្ម​ការ​ប្រឹក្សាការងារ​ ភាគីតំណាងនិយោជក និង​លោក​ជួន មុំថុល ភាគីតំណាងកម្មករនិយោ​ជិត​ បាន​សំរេចផ្តល់​ប្រាក់រង្វាន់ដល់កម្មករ​ដែល​ធ្វើ​​ការ​ទៀង​ទាត់តាមចំនួនថ្ងៃ​ធ្វើការ​ក្នុងខែនីមួយៗចំនួនយ៉ាងតិច៧ដុល្លារ ក្នុងមួយខែ និងកម្មករ​ស្ម័គ្រចិត្តធ្វើការបន្ថែមម៉ោងនឹងទទួលបានប្រាក់​ថ្លៃបាយចំនួន២.០០០រៀលក្នុង​មួយថ្ងៃ ឬទទួល​បា​នការផ្តល់បាយមួយពេលដោយឥតគិតថ្លៃ។

កាល​ពី​ថ្ងៃ​ទី៧ មីនា ឆ្នាំ២០១១ វេលា​ម៉ោង​៨​ព្រឹក គណៈ​កម្មការប្រឹក្សាការងារ​បាន​បើក​កិច្ច​ប្រជុំ​អាណត្តិទី៧ លើកទី៣ នៅ​សាល​ប្រជុំរបស់​បេឡា​ជាតិរបប​សន្តិសុខសង្គមនៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ​ដើម្បី​ពិភាក្សា​អំពី​ការផ្តល់​អត្ថប្រយោជន៍​ផ្សេងៗដល់​កម្មករ​និយោ​ជិត​ធ្វើ​ការនៅផ្នែកវាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង។ ក្រោយពីបានពិគ្រោះ​យោ​បល់​យ៉ាង​ផុលផុស និងគ្រប់ជ្រុងជ្រោយ​រួច​មក ​គណៈ​កម្ម​ការ​ប្រឹក្សាការងារ​បានឯកភាព ទី១-កម្មករ​និយោ​ជិតដែល​បាន​មក​ធ្វើ​ការ​ងា​រ​ទៀង​ទាត់តាម​ចំនួនថ្ងៃ នៃថ្ងៃធ្វើការងារ​ក្នុង​ខែនីមួយៗត្រូវ​ទទួល​បានប្រាក់រង្វាន់យ៉ាងតិច៧​ដុល្លារ​អាមេ​​រិក​ក្នុងមួយខែ។ ទី២-កម្មករ​និយោ​ជិត​ដែល​​ស្ម័គ្រ​ចិត្តធ្វើការ​ងារបន្ថែមម៉ោងតាម​សំណូម​​ពរ​របស់​និយោជកត្រូវទទួលបាន​ប្រាក់​ថ្លៃ​បាយ​ចំនួន​២.០០០​រៀលក្នុងមួយថ្ងៃ ឬ​ទទួលបានការ​ផ្តល់​បាយមួយពេលដោយឥតគិត​ថ្លៃ។

ចំណែក​ប្រាក់រង្វាន់អតីតភាពការងារមាន​ដូច​តទៅ៖
ក-កម្មករនិយោជិតដែលបាន​ធ្វើការ​ងារ​នៅ​ក្នុង​រោងចក្រ សហគ្រាស ​គ្រឹះ​ស្ថានណា​មួយ​លើស​​ពី១ឆ្នាំឡើងទៅ ត្រូវទទួលបានប្រាក់រង្វាន់​អតីតភាពការងារដូចមាននៅក្នុងតារាងលំអិត​របស់គណៈ​កម្មការប្រឹក្សាការងារ។ យោង​តាម​តារាង​អតីតភាពការងារ និង​ប្រាក់រង្វាន់ដែល​កោះ​សន្តិភាព​បាន​ទទួល​ឲ្យដឹងថា ចំពោះកម្មករ​ដែលមានអតីតភាពការងារ២ឆ្នាំឡើង​ទទួល​បាន២​ដុល្លារ​ ហើយ​អតីត​ភាព​​ការ​ងារ​​ដល់​១១​ឆ្នាំទទួលបាន​១១​ដុល្លារ។ ​

ខ-កម្មករនិយោជិតមានអតីតភាព​ការ​ងារ​នៅឆ្នាំណា (ចាប់​ពី​២ឆ្នាំឡើង) ​ត្រូវ​ទទួលបាន​ប្រាក់​​រង្វាន់​ស្មើនឹងចំនួនឆ្នាំនោះ លើកលែង​តែ​​កម្ម​ករ​និយោ​ជិតណាដែលមានអតីតភាពការ​ងារ​លើស​ពី១១​ឆ្នាំឡើងទៅត្រូវទទួលបាន​ប្រាក់​អតីត​ភាព​ការ​ងារ​នៅក្នុងឆ្នាំទី១១ គឺចំនួន១១​ដុល្លារ​អាមេរិក​ក្នុងមួយខែ។ គណៈកម្មការប្រឹក្សា​បន្តថា ការ​ផ្តល់​អត្ថ​ប្រយោជន៍​​ផ្សេងៗ ​ដូចមានចែងក្នុង​ចំណុច​ទាំង​បី​ខាងលើនៃសេចក្តីថ្លែង​ការណ៍​នេះ ចាប់​អនុ​វត្ត​ពី​ថ្ងៃទី១ មីនា ២០១១ តទៅ៕