រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាសាលាខណ្ឌដូនពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី១ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១១ នៅសាលប្រជុំខណ្ឌដូនពេញ ដើម្បីអនុម័តកំណត់ហេតុរបាយការណ៍ និងផែនការសកម្មភាពការងាររដ្ឋបាលសាលាខណ្ឌដូនពេញ ក្រោមអធិបតីភាពលោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោកឯក ឃុតឌឿន អភិបាលរងខណ្ឌដូនពេញ អភិបាលរង សមាជិកក្រុមប្រឹក្សា និងក្រុមប្រឹក្សាសង្កាត់ទាំង១១ ចូលរួម។
លោកហែម អាន ប្រធានក្រុមប្រឹក្សា បានមានប្រសាសន៍ថា កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី១ ដើម្បីអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ កាលពីថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១១ ពិនិត្យអនុម័តរបាយការណ៍លទ្ធផលអនុវត្តផែនការការងាររយៈពេលបីខែ គឺមករា, កុម្ភៈ និងមីនា ឆ្នាំ២០១១ និងពិនិត្យអនុម័តផែនការសកម្មភាពរបស់រដ្ឋបាលសាលាខណ្ឌដូនពេញបន្តរយៈពេលបីខែ គឺមេសា, ឧសភា និងមិថុនា ឆ្នាំ២០១១ ដោយពិនិត្យអនុម័តសេចក្តីព្រាងកម្មវិធីនយោបាយសំរាប់ការកសាងផែនការអភិវឌ្ឍន៍របស់កម្មវិធីវិនិយោគបីឆ្នាំរំកិលសាលាខណ្ឌដូនពេញ និងបញ្ហាផ្សេងៗ។ សមាជិកក្រុមប្រឹក្សាបានអនុម័តទៅលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២១ របាយការណ៍លទ្ធផលអនុវត្តផែនការការងាររយៈពេលបីខែ គឺមករា, កុម្ភៈ និងមីនា ដោយសម្លេង១៤លើ១៥។
នៅក្នុងកិច្ចប្រជុំនោះ ដែរលោកអ៊ុក សាកល នាយករងរដ្ឋបាលខណ្ឌដូនពេញ បានឡើងអានរបាយការណ៍ផែនការសកម្មភាពរបស់រដ្ឋបាលខណ្ឌដូនពេញ រយៈពេលបីខែ គឺមេសា, ឧសភា និងមិថុនា ក្នុងនោះគឺបន្តអនុវត្តការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការងាររដ្ឋបាល ការងារសាធារណការ ការងាររៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាល ការងារបរិស្ថាន ពាណិជ្ជកម្ម សង្គមកិច្ច ទេសចរណ៍ សុខាភិបាល កាកបាទក្រហម និងផែនការអភិវឌ្ឍក្នុងមូលដ្ឋាន ៕
ចែករំលែកព័តមាននេះ