ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះប្រតិកម្មរឿងយកលុយពីអ្នកដំណើរពេលឆ្លងស្រឡាងភ្ជាប់ពីកោះពេជ្រទៅកោះនរា៖ អ្នកនាំពាក្យបកស្រាយហេតុផល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៩ ខែមេសា​ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរការស្រឡាងខ្នាតធំចំនួន ២គ្រឿងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រ…


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៩ ខែមេសា​ ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរការស្រឡាងខ្នាតធំចំនួន ២គ្រឿងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ២០:០០យប់ ដើម្បីរំដោះចរាចរណ៍ដែលបានកកស្ទះខ្លាំង លើស្ពានព្រះមុន្នីវង្ស ឬស្ពានច្បារអំពៅ​ ដោយសារការដ្ឋាន​អ៊ុតកៅស៊ូលើស្ពានច្បារអំពៅនេះ ត្រូវធ្វើទាំងយប់ទាំងថ្ងៃ ក្នុងរយៈពេល ៣ថ្ងៃ​ ចាប់ពីថ្ងៃទី៨មេសា ។

យ៉ាងណាមិញដូចការគ្រោងទុកមែន ស្រឡាងខ្នាតធំចំនួន ២គ្រឿង បានដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា តែការដឹកជញ្ជួននេះ មិនមែនធ្វើឡើងដោយ មិនគិតប្រាក់នោះទេ ។ ពលរដ្ឋដែលបានឆ្លងស្រឡាង ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ក្នុងដឹកដីខណ្ឌចំការមននិងខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី ៩ ខែមេសា នេះបានអះអាងថា ពួកគាត់ដែលជិះម៉ូតូឆ្លងស្រឡាង ត្រូវបានក្រុមសន្តិសុខគិតប្រាក់ សម្រាប់ម៉ូតូមួយតម្លៃ ១០០០ រៀល ខណះរថយន្តមួយគ្រឿង ត្រូវបង់់ ចំនួន ៦០០០ រៀល ។

នៅពេលរថយន្ត ឬម៉ូតូ រៀបនឹងឆ្លងឡើងស្រឡាងគឺមានសន្តិសុខប្រមូលលុយជាមុនសិន ទើបឱ្យឡើងស្រឡាងឆ្លង ចំណែកម្ខាងទៀតពីខណ្ឌចំការមន ពីកោះពេជ្រ ក៏ធ្វើដូចគ្នាដែរ គឺត្រូវបង់លុយមុខ ទើបឡើងស្រឡាងឆ្លងបាន ។


សូមរម្លឹកថា ឈានដល់​ម៉ោង​៨​យប់​ ថ្ងៃ​ទី​០៨ មេ​សា ២០២១ ដល់ម៉ោង​បម្រាម​គោចរហើយនោះ គឺនៅតែមានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង នៅ​ស្ពាន​អាកាស​ក្បាលថ្នល់​និង​ស្ពាន​ព្រះ​មុនី​វង្ស​, ម្តុំ​ផ្សារ​ច្បារ​អំពៅ​, ផ្លូវ​ព្រះ​នរោត្តម​, ផ្លូវជាតិ​លេខ​១. ផ្លូវជាតិ​លេខ​២, ផ្លូវ​ព្រះ​មុនី​វង្ស និងផ្លូវមួយចំនួនទៀត នៅក្បែរតំបន់នោះ ដោយសារតែការ​បិទ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​ចំនួន ០៣​ថ្ងៃ ដែល​នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ម៉ោង ៨:០០​ព្រឹក ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ ដើម្បី​ធ្វើការ​ជួសជុល ។ ចំពោះ​ការ​ធ្វើ​ចរាចរ​នឹង​ត្រូវធ្វើ​ទៅ​-​មក នៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ។

ជុំវិញប្រតិកម្មនៃការយកប្រាក់ពីម្ចាស់យានយន្តឆ្លងស្រឡាង រំដោះចរាចរណ៍កកស្ទះខ្លាំងលើស្ពានព្រះមុន្នីវង្ស នេះផងដែរ លោក ស៊ាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួនក្រុង បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ នៅពេលសាកសួរអំពីការយកថ្លៃឆ្លងសាឡាង តែលោកបានបង្វែរសំណួរទៅអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លើបញ្ហានេះ ។


លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាពថា លោកចង់បញ្ជាក់ថា កាលពីរយៈពេលប្រមាណ ១ ខែ ឬ ២ ខែមុន គឺសាលារាជធានីភ្នំពេញធ្លាប់បានផ្សព្វផ្សាយហើយថា នឹងត្រៀមរៀបចំស្រឡាង ឆ្លងកោះនរា-កោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍ ជាទូទៅ ព្រោះថារាល់ថ្ងៃគឺមានបញ្ហាស្ទះ ទើបយើងគ្រោងធ្វើស្ពានមួយនៅព្រែកប្រា ។ ដោយសារតែគម្រោងសាងសង់ស្ពានថ្មី ដើម្បីរំដោះការកកស្ទះចរាចរណ៍ ទើបគ្រោងរៀបចំស្រឡាងឆ្លងកាត់ ដោយយើងផ្តល់ការវិនិយោគទៅក្រុមហ៊ុនឯកជន ដូចដំណើរការឆ្លងសាឡាង (ដ) អរិយក្សត្រ ឬ ដព្រែកតាម៉ាក់ និងទីទាំងឆ្លងស្រឡាងផ្សេងៗទៀត ដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ។

លោកបានពន្យល់បន្ថែមថា «ដោយសារតែបញ្ហាកូវីដ-១៩ គេ (ក្រុមហ៊ុន) មិនទាន់បានចាប់ដំណើរការ រហូតមកដល់យើងមានបញ្ហានេះ យើងក៏ដាក់បញ្ជាឱ្យស្រូត ហើយចាប់ផ្តើមធ្វើពីពេលនេះតែម្តង ។ អ៊ីចឹងមានន័យថា ការដាក់នេះ មិនមែនសម្រាប់តែការរំដោះ (ចរាចរណ៍) តែ ៣ ថ្ងៃទេ គឺជាការដែលត្រូវធ្វើចរចរណ៍រហូតទៅ រហូតស្ពានយើងធ្វើហើយ ដើម្បីមានជម្រើសនៃការឆ្លងផ្សេងៗគ្នា ក្រោយពីស្ពានសង់ថ្មីហើយ យើងនឹងពិចារណាថាយើងនឹងបញ្ឈប់ស្រឡាងហ្នឹង ឬអត់» ។

នៅពេលសាកសួររឿងឆ្លងស្រឡាងយកលុយពីអ្នកឆ្លងសាឡា លោកបានបញ្ជាក់ថា «អ៊ីចឹងករណីស្រឡាងហ្នឹង គឺដូចករណីស្រឡាង យើងឆ្លងនៅទីតាំងផ្សេងៗ ដព្រែកតាមាក់ ដកោះដាច់ ដស្វាយជ្រុំ អីនេះ ដូចគ្នាចឹង គឺជាអ្វីដែលយើងហៅថា ការបង់សេវាជូនគេ» ។

យ៉ាងណាមិញ អ្នកដំណើរបានបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ មិនគួរគិតប្រាក់ពីអ្នកធ្វើដំណើរឡើយ ដោយសារតែបញ្ហាកូវីដ កំពុងរីករាលដាល ហើយស្ពានព្រះមុន្នីវង្សកំពុងជួសជុល គួរតែពិចារណាអនុគ្រោះមួយគ្រាសិន ។

សូមបញ្ជាក់ជូនផងដែរថា លំហូរចរាចរណ៍នៅតំបន់ ស្ពានព្រះមុន្នីវង្ស ក៏ដូចជាបណ្តោយផ្លូវជាតិលេខ ១ ស្ថានភាពនៅតែមានការកកស្ទះ ដែរ តែមិនជាណែនណាន់ខ្លាំងធ្វើដំណើរមិនបានទេ ព្រោះមានកងកម្លាំងសមត្ថកិច្ចជួយសម្រួលចរាចរណ៍ធ្វើដំណើរ គិតចាប់ពីក្បាលថ្នល់ ។




អត្ថបទសរសេរ ដោយ

កែសម្រួលដោយ