ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​កាន់បិណ្ឌ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ

8 ឆ្នាំ មុន

យោង​តាម​ឯកសារ​ដែល​ស្រាវជ្រាវ​ចង.ក្រង​ដោយ​លោក​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ បង្ហាញ ថា​បុណ្យកាន់បិណ្ឌ​មាន​អត្ថន័យ​២​យ៉ាង​គឺ ៖ ១-​បុណ្យ​សាសនា​, ២-​បុណ្យប្រពៃណី។

១-​បុណ្យ​សាសនា
ដោយ​យល់​ឃើញ​ថា នៅ​រដូវវស្សា​មេឃមីរ​ដេរដាស

យោង​តាម​ឯកសារ​ដែល​ស្រាវជ្រាវ​ចងក្រង​ដោយ​លោក​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ បង្ហាញ ថា​បុណ្យកាន់បិណ្ឌ​មាន​អត្ថន័យ​២​យ៉ាង​គឺ ៖ ១-​បុណ្យ​សាសនា​, ២-​បុណ្យប្រពៃណី។

១-​បុណ្យ​សាសនា
ដោយ​យល់​ឃើញ​ថា នៅ​រដូវវស្សា​មេឃមីរ​ដេរដាស ភ្លៀង​បង្អុរ​ចុះ​ស្ទើរ​គ្មាន​លស់​ថ្ងៃ​ណា​ព្រះសង្ឃ​គ្រប់​វត្ត​ដែល​គង់​ចាំ​ព្រះ​វស្សា ជួប​ការ​លំបាក​ច្រើន ក្នុង​ការ​ត្រាច់ចរ​និមន្ត​បិណ្ឌ​បាត្រ​តាម​ភូមិ​ស្រុក ព្រោះ​វត្ត ឬ​ភូមិ​ខ្លះ​ត្រូវ​លិច​ទឹក ជួនកាល​នៅ​តាម​ផ្លូវ​ដែល​ព្រះសង្ឃ​និមន្ត​បិណ្ឌ​បាត្រ មាន​ភក់ជ្រាំ​ជា​ច្រើន ម្ល៉ោះហើយ​ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ព្រះសង្ឃ ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ​ក៏​បាន​នាំ​គ្នា​ចាត់ចែង​ធ្វើ​ពិធី​កាន់បិណ្ឌ​នេះ​ចំនួន​១៤​ថ្ងៃ​គិត​ពី​ថ្ងៃ​១​រោច ខែភទ្របទ រហូត​ដល់​ថ្ងៃ​១៤​រោច ខែភទ្របទ (​មាន​រយៈពេល​១៤​ថ្ងៃ រីឯ​ថ្ងៃ​ភ្ជុំបិណ្ឌៈ ប្រជុំ​បិណ្ឌ ឬ​ថ្ងៃជា​គម្រប់​១៥​ថ្ងៃ​នោះ​គឺជា​ថ្ងៃ​ពិសេស​) ។ ក្នុង​រយៈពេល​នេះ​ព្រះសង្ឃ​មាន​ចង្ហាន់​ស្រាប់​នៅ​ក្នុង​វត្ត​ដោយ​ពុំ​ចាំបាច់​និមន្ត​បិណ្ឌ​បាត្រ​ទៅ​តាម​ភូមិ​ឡើយ ដោយសារ​យាយ ចាស់​ៗ​គ្រប់​ភូមិ​ក្នុង​ជើងវត្ត​ដែល​កូនចៅ​ក្រុម​គ្រួ​សារបាន​ទំនុកបម្រុង​ធ្វើ​វិភាគទាន​ជា​អង្ករ ត្រី​សាច់ បន្លែ នោះ​គាត់​អញ្ជើញ​ទៅ​សម្រាន្ត​នៅ​ឯ​វត្ត តាំងពី​បិណ្ឌ​មួយ​រហូត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ​នោះ ចាត់ចែង​ដាំ​ស្ល ធ្វើ​ចង្ហាន់ (​ទាំង​ចង្ហាន់​ពេល​ព្រឹក ចង្ហាន់​ថ្ងៃត្រង់ និង​ភេសជ្ជៈ​ពេល​យប់​) ប្រគេន​ព្រះសង្ឃ​ឆាន់​បាន​គ្រប់គ្រាន់ និង​ឆ្ងាញ់​ពិសា​ទៀត​ផង ។ ពេល​នោះ​គ្រប់​វត្ត​អារាម មាន​សភាព​អ៊ូអរ​ទាំង​យប់ ទាំង​ថ្ងៃ ។ ពេល​យប់ មាន​ចាត់​ពិធីសូត្រមន្ត រួច​ហើយ​គេ​និមន្ត​ធម្មកថិក​មួយ​អង្គ​សម្តែងធម៌​ទេសនា​មហាជាតក ។ ក្រោយ​ពី​ព្រះ​ធម្មទេសនា​បាន​បញ្ចប់ ច្រើន​មាន​សម្តែង​សិល្បៈ ផ្សេង​ៗ​ដូច​ជា អា​យ៉ៃ ល្ខោន ជាដើម កំដរ​បុណ្យកាន់បិណ្ឌ​នេះ តាំងពី​ថ្ងៃ​ដំបូង​រហូត​ដល់​ថ្ងៃ​បញ្ចប់ ។ ពេល​ជិត​ភ្លឺ​ប្រមាណ​ជា​ម៉ោង​៤​កន្លះ ម៉ោង​៥ ព្រះសង្ឃ​ស្វាធ្យាយ​ធម៌ សត្តប្បករណាភិធម្ម ដោយ​ធ្វើ​បទ​ពីរោះ​លន្លង់លន្លោច ។ ទន្ទឹម​នឹង​ពេល​(​មុន​ពេល​អរុណរះ គឺ​ភ្លឺ ស្រាង​ៗ)​នេះ​ដែរ លោកយាយ ចាស់​ៗ​បាន​អញ្ជើញ​ទៅ​ហែ​បាយបិណ្ឌ​(​បាយដំណើប​លាយ​ល្ងខ្មៅ​បុក​ម៉ដ្ឋ ហើយ​ផ្តុំ​ជា​ដុំ​ធំ​ជាង​ផ្លែ​ក្រសាំង ។

បាយបិណ្ឌ​ដែល​លាយ​ជាមួយនឹង​ល្ង​លីង​បុក​ម៉ដ្ឋ​នេះ មាន​ក្លិន​ឈ្ងុយ​គួរ​ឱ្យ​ចង់​បរិភោគ ថ្វីបើ​វា​មាន​ពណ៌​ខ្មៅ​ប្រផេះ​ក៏​ដោយ​) ជុំវិញ​ព្រះ​វិហារ អម​ដោយ​សំឡេង​ស្គរធំ ដែល​គេ​វាយ​ជា​ចង្វាក់ «​ទូង​! ទូង​!​ទូង​!​ទូង​!» ជា​កិច្ច​កំដរ​ពិធី​ហែ​បាយបិណ្ឌ​នេះ​ផង ។ លោកយាយ​ចាស់​ៗ​កាន់​ចាន​មួយ​ពេញ​ទៅ​ដោយ​បាយបិណ្ឌ​គាត់​ដាក់​ដុំ​បាយបិណ្ឌ​នៅ​លើ​ខឿនវិហារ ព្រមទាំង​អំពាវនាវ​ឱ្យ​ព្រលឹង​ដូនតា​ដែល​ភ្លាត់​ជាតិ​ទៅ​កើតជា​ប្រេត​នរក​អសុរកាយ​(​ចាស់​ៗ​តំណាល​ថា ពួក​ប្រេត​អសុរកាយ​នេះ មិន​ហ៊ាន​ចេញ​បង្ហាញខ្លួន​នៅ​ពេល​ថ្ងៃ​(​ពេញ​ពន្លឺ​)​ឡើយ ។ ហេតុនេះ ទើប​គេ​ហែ​បាយបិណ្ឌ​តែ​នៅ​ពេល​ងងឹត​យ៉ាងនេះ ដោយ​គេ​អៀនខ្មាស ព្រោះ​គេ​គ្មាន​សម្លៀក​បំពាក់​បិទ​បាំង​រាយ​កាយ​ទេ​) សូម​មក​ទទួលទាន​អាហារ គឺ​បាយបិណ្ឌ​នេះ​ឱ្យ​បាន​ឆ្អែត​ស្កប់ស្កល់​ចុះ ហើយ​សូម​ឱ្យ​ពរ​ស័ព្ទ​សាធុ​ុ​ការ​ដល់​កូនចៅ​ឱ្យ​បាន​សេចក្តីសុខ សេចក្តីចម្រើន​តទៅ ។ គេ​ហែ និង​ដាក់​បាយបិណ្ឌ​គ្រប់​ជ្រុង​វិហារ​យ៉ាងនេះ រហូត​គម្រប់​៣​ជុំ​ទើប​ចប់ ។ គេ​ប្រារព្ធ​ធ្វើ​ពិធី​ហែ​បាយបិណ្ឌ​នេះ តាំងពី​បិណ្ឌ​មួយ​រហូត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ ។

២-​បុណ្យប្រពៃណី
នៅ​សម័យ​អង្គរ គេ​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​នេះ ឧទ្ទិស​ដល់​ព្រលឹង​ដូនតា​ផង និង​ឧទ្ទិស​ដល់​វីរជន​ដែល​បូជាជីវិត​ក្នុង​សង្គ្រាម​ការពារ​ទឹកដី​ផង ។ ទាំង​មហាក្សត្រ នាម៉ឺន​មុខមន្ត្រី ព្រមទាំង​ប្រជារាស្ត្រ បាន​ប្រារព្ធ​ធ្វើបុណ្យ​នេះ​យ៉ាង​ឱឡារិក​អធិកអធម​ណាស់ ។ ម្យ៉ាងទៀត តាម​ជំនឿ​របស់​បណ្តាជន​យើង​តាំងពី​បុរាណ​មក​គេ​នាំ​គ្នា​យល់​ថា នៅ​ពេល​ដែល​មេឃ​មាន​ពពក​ខ្មៅ​មីរដេរដាស ផ្គរលាន់​គ្រហឹម គ្រុម​ៗ គ្រប់​ទិស​ទី ភ្លៀង​ធ្លាក់​ស្ទើរ​រ​រាល់​យប់​នោះ ស្តេច​យមរាជ​បាន​បើក​លែង​ព្រលឹង​ដូនតា ដែល​ទៅ​កើតជា​ប្រេត​នរក​នោះ​ឱ្យ​ត្រឡប់​មក​កាន់​ស្រុកភូមិ ដើម្បី​ស្វែងរក​អាហារ​បរិភោគ​ឱ្យ​បាន​ឆ្អែតឆ្អន់ ។ ស្រប​នឹង​ពេល​នេះ​ដែរ​គេ​ឃើញ​វត្តមាន​សត្វ​ចាប​ដូនតា​ដែល​ជា​តំណាង​ព្រលឹង​ដូនតា​មក​ហើរ​ស្រែកយំ ចេចចាច​ៗ នៅ​ក្បែរ​លំនៅ​ឋាន​ខ្មែរ​ទាំងអស់ ។ ព្រលឹង​ដូនតា​ទាំងនេះ តែង​ដើរ​ស្វះ​ស្វែងរក​សាច់ញាតិ​កូនចៅ នៅ​គ្រប់​វត្ត​អារាម ដែល​គេ​តែងតែ​ទៅ​ធ្វើបុណ្យ​ដាក់​ទាន បញ្ជូន​កុសល​ទៅ​ឱ្យ​ពួក​គាត់ ។ ចាស់​ៗ​ជឿ​ថា បើ​ព្រលឹង​ដូនតា​នោះរ​កកូន​មិនឃើញ​គ្រប់​៧​វត្ត នឹង​ជេរប្រទេច ដាក់​បណ្តាសា​ឱ្យ​កូនចៅ​ក្តៅក្រហាយ​វិនាស​ហិនហោច ។ ហេតុ​ដូច្នេះ​ហើយ​បានជា​ខ្មែរ​គ្រប់​រូប ទោះបី​ក្រលំបាក​ដល់​ថ្នាក់​ណា​ក៏​ដោយ តែ​ដល់​ថ្ងៃ​កាន់បិណ្ឌ​(​ដូច​មាន​កំណត់​រយៈពេល​ខាងលើ​ស្រាប់​) គេ​នាំ​គ្នា​យក​ចង្ហាន់ (​ឬ​យក​អង្ករ​បន្លែ​សាច់ ផ្លែ​ឈើ​នំនែក​ផ្សេង​ៗ​យក​ទៅ​ជូន យាយ​ៗ ដែល​នៅ​សម្រាក​កាន់បិណ្ឌ​ឯ​វត្ត​សម្រាប់​ធ្វើ​ចង្ហាន់​លោក​ជា​ជំនួស​ខ្លួន​) ទៅ​ប្រគេន​ព្រះសង្ឃ​ឧទ្ទិស​ភោជនាហារ​នេះ ជូន​ដល់​ព្រលឹង​ដូនតា ឪពុក​ម្តាយ ពុំ​ហ៊ាន​ខាន​សោះឡើយ ។

ម្យ៉ាងទៀត​បុណ្យកាន់បិណ្ឌ​នេះ ច្រើន​ប្រព្រឹត្ត​នៅ​ពេល​ដែល​កសិករ​ខ្មែរ​ទាំងឡាយ បាន​បញ្ចប់​ការងារ​ភ្ជួរ​រាល់ ដក​ស្ទូង​រួច​ហើយ ។ ដូច្នេះ គេ​មានឱកាស​ចូលរួម​ធ្វើបុណ្យ​នេះ ដោយ​ពុំ​មាន​ទាក់ទាម​នឹង​ង​ការងារ​កសិកម្ម​ឡើយ ។

នេះ​ជា​ឱកាស​មួយ (​កសិករ​សន្និបាត​បែប​ប្រជាប្រិយ​ប្រហែល​គ្នា​និង «comice agricole» នៅ​អឺរ៉ុប​ដែរ​) បង្ក​លក្ខណៈ​ឱ្យ​បាន​មក​ជួបជុំ​នៅ​ឯ​វត្ត ដើម្បី​សាកសួរ​សុខទុក្ខ​គ្នា ពិគ្រោះ​យោបល់​គ្នា សំណេះសំណាល​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​ធ្វើស្រែ​ចម្ការ និង​ជីវភាព​រស់នៅ ។

៣-​បុណ្យ​ភ្ជុំបិណ្ឌ
នៅ​ថ្ងៃ​១៥​រោច (​ខែ​ដាច់​) ខែភទ្របទ ជា​កាលបរិច្ឆេទ​ដែល​សន្មត​ទុក​ថា​ជា​ថ្ងៃ​បុ​ណ្ឌ​ភ្ជុំបិណ្ឌ ។ នៅ​ថ្ងៃនេះ មហាជន​ប្រុស​ស្រី ក្មេង​ចាស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​នៅ​វត្ត ដោយ​មាន​ទឹកមុខ​រីករាយ​ស្រស់ស្រាយ​ពោរពេញ​ទៅ​ដោយ​ជំនឿ​ជឿជាក់​ចំពោះ​ព្រះពុទ្ធ​សាសនា ជឿ​បុណ្យ ជឿ​បាប ជឿ​កម្មផល ។ ទាំងអស់​គ្នា​ស​សុទ្ធតែ​មាន​សម្លៀក​បំពាក់ ល្អ​ៗ ថ្មី​ៗ​យ៉ាង​ប្រណីត ។ គេ​រែក​បាយ​សម្ល និង​នំគម នំអន្សម នំជាល ដែល​គេ​សម្រិតសម្រាំង​យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ឯ​វត្ត រៀង​ៗ​ខ្លួន ។ ថ្ងៃនេះ​នៅ​គ្រប់​វត្ត​ទូ​ទាំង​ប្រទេស សឹង​មាន​ឧបាសក ឧបាសិកា មហាជន មូល​មីរ​គ្រឹ​ក​គគ្រេង​ធ្វើ​ឱ្យ​បរិយាកាស​នៅ​ក្នុង​វត្តមាន​ភាព​ឱឡារិក​អធិកអធម​ក្រៃ​លែង សំឡេង​ភ្លេងពិណពាទ្យ ឬ​ភ្លេង​ប្រពៃណី បាន​បន្លឺ​រងំ​រណ្តំ​ពីរោះ ត្រជាក់​ដល់​សោ​តិ​ន្ទ្រិ​យារ​ម្ម​ណ៍ និង​គួរ​ឱ្យ​រំភើប​រីករាយ​ពន់ប្រមាណ ។

កម្មវិធី​សំខាន់​បំផុត​នា​ថ្ងៃនេះ គឺ​វេរ​ប្រគេន​យាគូ ឬ​ចង្ហាន់​ព្រឹក ចង្ហាន់​ថ្ងៃត្រង់ ចំពោះ​ព្រះសង្ឃ ទន្ទឹម​នឹង​ពិធី​រាប់​បាត​ជា​ទ្រង់ទ្រាយ​ធំ ។  ព្រះសង្ឃ​ស្វាធ្យាយ​ធម៌​បង្សុកូល ឧទ្ទិស​កុសល​មគ្គផល​ចំពោះ​វិញ្ញាណក្ខន្ធ​ជីដូន ជីតា ញាតកា​ទាំង​ប្រាំពីរ​សន្តាន និង​សូម​ប្រសិទ្ធពរ​ស័ព្ទ​សាធុការ សុខ​ចម្រើន មក​កូនចៅ​ឯក្រោយ​វិញ ។ នៅ​វេលា​រសៀល មានការ​សម្តែងធម៌​ទេសនា គ្រែ​បី ទៅ​តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធ​សាសនា ។ បន្ទាប់​មក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឯ​វត្ត ត្រូវ​បាន​បញ្ចប់​ដោយ​ពុទ្ធបរិស័ទ​ទាំងអស់​បាន​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ រៀង​ៗ​ខ្លួន​វិញ ដើម្បី​ត្រៀម​រៀបចំ​ពិធី​សែនដូនតា គ្រប់​ៗ​គ្រួសារ ។

ដូច្នេះ​គ្រួសារ នីមួយ​ៗ គេ​បាន​ត្រៀម​ទង់ (​ដែល​តំណាង​ព្រលឹង​ដូនតា​) និង​បាយបិណ្ឌ​ដែល​ជា​វត្ថុ​ចាំបាច់​សម្រាប់​ពិធី​នេះ ៕