ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​ដើម​ប្ញស្សី​ពូជ​ទំពាំង​ផ្អែម​១.០០០​ដើម​នៅ​លើ​ភ្នំ​គូលែន​

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អាជ្ញាធរ​ខេត្ត និង​ពលរដ្ឋ​ចំនួន​១.៦០០​នាក់ បាន​យក​ដើម​ឫស្សី​ពូជ​ទំពាំង​ផ្អែម​ចំនួន​១​ពាន់​ដើម ដែល​ជា​ជំនួយ​របស់​អង្គការ​ហា​វែ​ស មក​ពី​សហរដ្ឋអាមេរិក ទៅ​ដាំ​នៅ​លើ​ខ្នងភ្នំ​គូលែន

ខេត្តសៀមរាប ៖ អាជ្ញាធរ​ខេត្ត និង​ពលរដ្ឋ​ចំនួន​១.៦០០​នាក់ បាន​យក​ដើម​ឫស្សី​ពូជ​ទំពាំង​ផ្អែម​ចំនួន​១​ពាន់​ដើម ដែល​ជា​ជំនួយ​របស់​អង្គការ​ហា​វែ​ស មក​ពី​សហរដ្ឋអាមេរិក ទៅ​ដាំ​នៅ​លើ​ខ្នងភ្នំ​គូលែន ដើម្បី​អភិរក្ស​តំបន់​នោះ​ឱ្យ​កាន់តែ​ស្រស់បំព្រង ។

ការ​ដាំ​ដើម​ឫស្សី​ពូជ​ទំពាំង​ផ្អែម​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ កញ្ញា នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះបាទ​ជ័យ​វរ្ម័ន​-​នរោត្តម ភ្នំ​គូលែន ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ក្រោម​អធិបតីភាព​លោក គឹ​ម ឆៃ​ហៀ​ង អភិបាលរង​ខេត្ត ។ ចូលរួម​ក្នុង​ឱកាស​នោះ​ដែរ​មាន លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក សំ សៅ អភិបាលរង​ស្រុក​ស្វាយ​លើ និង​លោក លឹ​ម ផេង នាយក​ឧទ្យាន​ជាតិ ។

លោក​អភិបាលរង​ខេត្ត គឹ​ម ឆៃ​ហៀ​ង បាន​លើក​ឡើង​ពីសារ​ប្រយោជន៍​នៃ​ការ​ដាំ​ឫស្សី​នេះ​មាន​៣​ចំណុច​គឺ ៖

១-​ឫស្សី​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ណាស់​ដូច​ជា ដើម​យក​ធ្វើ​សំណង់ផ្ទះ គ្រែ តុ កៅអី កញ្ជើ កញ្ច្រែង ចង្អេរ ឈ្នាង អង្រុត គ្រឿងសង្ហារិម វត្ថុ​អនុស្សាវរីយ៍ និង​ឧបករណ៍​នេសាទ​ជា​ច្រើន​ទៀត​ដូច​ជា ទ្រូ លប លាន់​… ។ ២-​ឫស្សី​នេះ​ផ្តល់​ទំពាំង​ផ្អែម​សម្រាប់​ជា​ម្ហូបចំណី​ទាំង​ក្នុង​លក្ខណៈ​គ្រួសារ សេវាកម្ម​ទេសចរណ៍ និង​ពាណិជ្ជកម្ម ។

៣-​ឫស្សី​ជា​គម្រប​ព្រៃឈើ ជួយ​ទប់ស្កាត់​ការ​ហូរ​ច្រោះ​ដី ជួយ​បង្កើន​ភាព​បៃតង​នៃ​ព្រៃឈើ  និង​ដើម្បី​ជួយ​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ ។

សូម​បញ្ជាក់​ថា ឫស្សី​ទំពាំង​ផ្អែម​នេះ បន្ទាប់​ពី​ដាំ​ក្នុង​រយៈពេល​២​ឆ្នាំ​នឹង​ទទួលផល ហើយ​ក្នុង​១​ឆ្នាំ​ៗ​បាន​ផល​ទំពាំង​២​ដង ទំពាំង​មួយ​ៗ​មាន​ទម្ងន់​ចាប់ពី​៤​គីឡូក្រាម​ទៅ​៥​គីឡូក្រាម ។ ក្នុង​ឱកាស​នោះ លោក​អភិបាល​រង​ខេត្ត ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​នូវ​គោលការណ៍​អភិរក្ស​ធនធានធម្មជាតិ​ដល់​ប្រជាពលរដ្ឋ និង​ដឹកនាំ​មន្ត្រី​ជំនាញ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ការពារ​ជីវចម្រុះ ដើម្បី​ថែរក្សា​ការពារ​បេតិកភណ្ឌ​លើ​ភ្នំ​គូលែន​នេះ​ផង និង​ជួយ​ថែរក្សា​សន្តិសុខ សម្របសម្រួល និង​សហការ​ផ្តល់​សេវា​ទេសចរណ៍​នៅ​លើ​ភ្នំ​ឱ្យ​បាន​ល្អ​ជូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ ។

ម្យ៉ាងវិញទៀត សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​ថែរក្សា​ការពារ និង​អភិរក្ស​ព្រៃឈើ អភិរក្ស​ធនធានធម្មជាតិ និង​ជីវចម្រុះ​ឱ្យ​បាន​គង់វង្ស ចៀសវាង​ឱ្យ​ខាង​តែ​បាន​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​បំផ្លាញ​ធនធានធម្មជាតិ ។

សូម​បញ្ជាក់​ថា ការ​ដាំ​ឫស្សី​ពូជ​ទំពាំង​ផ្អែម​ចំនួន​១.០០០​ដើម​នៅ​លើ​ភ្នំ​គូលែន ដោយ​មានការ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​ខេត្ត មន្ត្រី​ជំនាញ និង​ប្រជាពលរដ្ឋ​នេះ ក៏​ទទួល​បាន​នូវ​ការ​សាទរ​ពី​មជ្ឈដ្ឋាន​នានា ហើយ​ក៏​ស្នើ​ឱ្យ​បន្ត​ដាំ​នៅ​តាម​តំបន់​ទេសចរណ៍​ផ្សេង​ៗ​ទៀត​ផង​ដែរ ៕