ការគំរាមកំហែងដោយគ្រោះថ្នាក់នុយក្លេអ៊ែរបន្តកើននៅជប៉ុន ។ នាយករដ្ឋមន្ត្រីជប៉ុនលោកណាអូ តូកាន ថ្លែងកាលពីថ្ងៃទី១៣ មីនា ថា «ខ្ញុំចាត់ទុកសភាពការណ៍បច្ចុប្បន្នជាមួយការរញ្ជួយដី ស៊ូណាមី និងមជ្ឈមណ្ឌលនុយក្លេអ៊ែរទាំងឡាយថា ជាវិបត្តិយ៉ាងធ្ងន់ធ្ងរបំផុតពុំធ្លាប់មាន៦៥ឆ្នាំមកហើយក្រោយសង្គ្រាមលោកលើកទី២ សម្រាប់ប្រទេសជប៉ុន» ។
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរាយការណ៍ថា ការប្រកាសអាសន្ននុយក្លេអ៊ែរត្រូវបានធ្វើ ខណៈដែលរេអាក់ទ័រនុយក្លេអ៊ែរចំនួន១៤ក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរ៤របស់ជប៉ុនរងការប៉ះពាល់ដោយសារការរញ្ជួយដីដែលពេលនេះប្រកាសថា មានកម្រិតដល់ទៅ៩រីស្ទ័រនោះ។ ទោះបីជាអាជ្ញាធរសន្តិសុខនុយក្លេអ៊ែរជប៉ុនអះអាងថា មជ្ឈមណ្ឌលនុយក្លេអ៊ែរទាំងនោះត្រូវបានបញ្ឈប់ដំណើរក្តី និងថា ពុំមានការធ្លាយវិទ្យុសកម្មណាមួយទៀត ក៏ដោយក៏មានហេតុផលនៃការព្រួយបារម្ភនានាដែរ ។ អាជ្ញាធរបានស្នើដល់មនុស្សទាំងឡាយដែលរស់នៅជុំវិញ មជ្ឈ មណ្ឌលនុយក្លេអ៊ែរទាំងនេះឱ្យជម្លៀសខ្លួនចេញឆ្ងាយយ៉ាងតិច១០គីឡូម៉ែត្រ ពីទីតាំងនុយក្លេអ៊ែរទាំងនោះ ។
TEPCO ជាក្រុមហ៊ុនអគ្គិសនីក្រុងតូក្យូដែលធ្វើអាជីវកម្មលើមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាបញ្ជាក់ថា ការខូចខាតសំភារទាំងឡាយញ៉ាំងឱ្យគ្មានលទ្ធភាពធ្វើឱ្យត្រជាក់ដល់រេអាក់ទ័រ២នៃមជ្ឈមណ្ឌលនុយក្លេអ៊ែរទីមួយនៅហ្វូគូស៊ីម៉ា ។ សហគ្រាសនេះនិយាយថា ពុំមានភ្លើងគ្រប់ គ្រាន់ សម្រាប់ធ្វើឱ្យរេអាក់ទ័រត្រជាក់ ព្រោះប្រព័ន្ធ បាញ់ទឹកឱ្យត្រជាក់ត្រូវឈប់ដើរដោយស្វ័យប្រវត្តិពេលមានការរញ្ជួយដី ។
មជ្ឈមណ្ឌលនុយក្លេអ៊ែរ២នៅជប៉ុនញ៉ាំងឱ្យមានការព្រួយបារម្ពចំពោះវិទ្យុសកម្ម ។ មនុស្ស ២១៥.០០០នាក់ត្រូវបានជម្លៀសចេញក្នុងរង្វង់២០គ.ម ជុំវិញមជ្ឈមណ្ឌលនុយក្លេអ៊ែររទាំងនេះដែលស្ថិតនៅចម្ងាយ២៥០គ.មពីទីក្រុងតូក្យូ ដែលមានប្រជាជន៣៥លាននាក់ ។ រេអាក់ទ័រនុយក្លេអ៊ែររបស់ជប៉ុនសរុបដល់ទៅ១១ក្នុងចំណោមរេអាក់ទ័រទាំងអស់៥០ត្រូវបញ្ឈប់ចាប់តាំងពីការរញ្ជួយដីមកបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងការផ្គត់ផ្គង់អគ្គិសនី ។
កាលពីយប់ថ្ងៃទី១៣ មីនា វិទ្យាស្ថានការពារវិទ្យុសកម្ម និងសន្តិសុខនុយក្លេអ៊ែរ IRSN ប្រកាសថា ការបញ្ចេញវិទ្យុសកម្មយ៉ាងច្រើន កើតមានដំណាលគ្នានឹងការផ្ទុះកាលពីថ្ងៃទី១២ មីនា នូវអគាររេអាក់ទ័រទីមួយនៃមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលជប៉ុនបានព្រមានចំពោះគ្រោះថ្នាក់ថ្មីនៃការផ្ទុះក្នុងមជ្ឈមណ្ឌលនេះមកពីការកើនឡើងនៃសម្ពាធ អ៊ីដ្រូហ្សែនក្នុងអគាររេអាក់ទ័រទី៣ ។
នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ អូណាហ្គោវ៉ា ការប្រកាសអាសន្នដំបូងត្រូវបានធ្វើកាលពីថ្ងៃទី១៣ មីនា ។ ការកើនឡើងនៃវិទ្យុសកម្មត្រូវបានកត់សំគាល់ឃើញក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរនេះ។ មួយវិញទៀត បញ្ហាកើតមានក្នុងប្រព័ន្ធធ្វើឱ្យត្រជាក់នៃរេអាក់ទ័រទី២របស់នៃមជ្ឈមណ្ឌលនុយក្លេអ៊ែរតូកៃដែលឧបករណ៍បាញ់ទឹកឱ្យត្រជាក់ឈប់ដំណើរការ ។ មជ្ឈមណ្ឌលនេះស្ថិតនៅចំងាយ១២០គ.ម ភាគឦសានក្រុងតូក្យូ ៕


ចែករំលែកព័តមាននេះ