ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅៗ! ធ្វើតេស្តទាំងយប់ បន្ទាប់ពីកម្មកររោងចក្រកាត់ដេរ ឌីន ហាន ជិត ៥០នាក់ ឆ្លងកូវីដ ​

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រោងចក្រកាត់ដេរ ឌីន ហាន នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបាន​អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ លោក ម៉េត…

ភ្នំពេញ៖ រោងចក្រកាត់ដេរ ឌីន ហាន នៅសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបាន​អ្នកនាំពាក្យ​សាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បញ្ជាក់​នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ថា ពិតជាមាន​កម្មករកាត់ដេរ ប្រមាណជិត ៥០នាក់ បានឆ្លងកូវីដ១៩​។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រកាស​អំពាវនាវឲ្យកម្មករកាត់ដេរ នៅរោងចក្រ ឌីន ហាន ស្ថិតនៅផ្លូវឌួងងៀប២ ក្នុង​ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ មកធ្វើតេស្ត រកមេរោគកូវីដ១៩​ ទាំងអស់​គ្នា​។

​អាជ្ញាធររាជធានីភ្នំពេញ ក៏បានប្រកាសអំពាវនាវដល់​បងប្អូនសាច់ញាតិ ឬមិត្តភក្តិ​របស់កម្មករទាំងអស់ ត្រូវ​ធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ តាមចំនួនកំណត់ ហើយបើមិនមកធ្វើតេស្ត រកមេរោគកូវីដ១៩ ឬក៏​មិនបានចត្តាឡីស័ក​ឲ្យបានត្រឹមត្រូវទេ នឹងត្រូវ​ទទួលទោសពិន័យ​តាមច្បាប់​ ជាក់ជាមិនខានឡើយ។  

លោក ម៉េត មាសភក្តី បានមានប្រសាសន៍បន្តថា «យើងត្រូវរៀបចំការងារ ឱ្យមានការធ្វើតេស្តសំណាកនូវកម្មករ កម្មការិនីនៅក្នុងរោងចក្រនេះទាំងអស់ ។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំក៏សូមអំពាវនាវនិងក្រើនរម្លឹកសុំបងប្អូន កម្មករ កម្មការិនីរបស់យើងដែលធ្វើការ ឬបម្រើការងារនៅរោងចក្រឌីន ហាន នេះ សូមអញ្ជើញរួសរាន់ ដោយស្មារតីភ្ញាក់រលឹក ស្មារតីចូលរួមទាំងអស់គ្នា ក្នុងការតេស្តសំណាកដើម្បីយើង រកមើលមេរោគកូវីដ ១៩ នេះ ចូលរួមទាំងអស់គ្នា បង្ការការរីករាលដាលនិងការចម្លងករណីនេះកាន់តែធំឡើង» ។

លោកបានបន្តថា ក្រៅពីការអំពាវនាវ លោកក៏គូសបញ្ជាក់ថាការងារផ្តល់សំណាក ក៏ជាកាតព្វកិច្ចដែលមានចែងក្នុងអនុក្រឹត្យ ស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ អនុក្រឹត្យលេខ ៣៧​ បានចែងយ៉ាងច្បាស់ ពាក់ព័ន្ធជាមួយមាត្រាទី ២១ ស្តីពីទោសទណ្ឌអំពីការពិន័យអន្តការណ៍ សម្រាប់បុគ្គលដែលមិនសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅវិភាគនោះ គឺអាចប្រឈមនឹងការផាកពិន័យ ពី ១លាន ទៅ ៥​ លានរៀល ហើយទោះបីជាមានការពិន័យក៏ដោយ ក៏បុគ្គលនោះមិនអាចរួចផុតកាតព្វកិច្ចផ្តល់សំណាកដដែលទេ ។

រោងចក្រកាត់ដេរ ឌីន ហាន មានកម្មករចំនួន ២៥៦២នាក់។ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ព្រមទាំងមន្រ្តីសុខាភិបាល បានចុះទៅយក​សំណាកពីកម្មករកាត់ដេរ នៅក្នុងរោងចក្រ ឌីន ហាន ទាំងយប់ នៅយប់ថ្ងៃទី៧ ខែ មេសា នេះ។

ជាក់ស្តែង នៅវេលាម៉ោង ១៩÷៣០នាទី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅចំណុច ផ្ទះលេខ៥៤ ជាន់ទី១ បន្ទប់ជួលលេខ B1 ក្រុមទី៨ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះយកអ្នកវិជ្ជមានកូវីដ១៩ ចំនួន២នាក់ ÷១/ឈ្មោះ ឃាន ស្រីពៅ ស្រី អាយុ ២០ឆ្នាំ វិជ្ជមាន មុខរបរ រោងចក្រ ឌីនហាន់ (QCរោងចក្រ)។ ទី ២/ឈ្មោះ Los rotha ស្រី អាយុ ២៥ឆ្នាំ វិជ្ជមាន មុខរបរ រោងចក្រ ឌីនហាន់ (QCរោងចក្រ) ។ បច្ចុប្បន្ន អ្នកជម្ងឺខាងលើត្រូវបាន ក្រុមគ្រូពេទ្យ បញ្ជូនទៅ ព្យាបាលនៅ សណ្ឋាគារ ក្រេនឌុក Great Duck ។ ចំពោះទីតាំងនេះមានអ្នកស្នាក់ចំនួន៣នាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ចំនួន២នាក់ នៅសល់ម្នាក់ ឈ្មោះ Los Putheary ស្រី អាយុ ២១ឆ្នាំ រោងចក្រឌីនហាន់(QCរោងចក្រ) បានធ្វើចត្តាឡីស័ក នៅក្នុងបន្ទប់ រង់ចាំលទ្ធផល ។ គណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ ហំពទ្ធ័ បន្ទប់នេះបណ្តោះអាសន្ន ។

សូមរម្លឹកថា ក្នុងសេចក្តីប្រកាស នៅថ្ងៃទី៧ ខែមេសានេះ សាលារាជធានីភ្នំពេញ បានប្រកាសអត្តសញ្ញាណកម្មករកាត់ដេរ នៅរោងចក្រ ឌីន ហាន ចំនួន ១៣នាក់ ដែលរកឃើញឆ្លងកូវីដ១៩ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។ នៅថ្ងៃនេះ ក៏បានរកឃើញបន្ថែមទៀត សរុបជិត ៥០នាក់ ៕ ដោយ៖ ចន ណារិទ្ធ និង ម៉ម លីហេង

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ