ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើផ្លូវជាតិលេខ៤ នៅភ្នំពេញ ដាក់គោល​ដៅត្រួតពិនិត្យ ហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត នៅខណ្ឌកំបូល-ស្រុកអង្គស្នួល

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ទោះបីជារាជរដ្ឋាភិបាល កំណត់ថា ភ្នំពេញ និងខេត្តកណ្តាល រាប់ជាតំបន់តែមួយ ដែលមិនត្រូវបានហាមឃាត់​ការធ្វើដំណើរ​ឆ្លងព្រំប្រទល់​គ្នាក៏ដោយ ក៏អាជ្ញាធររាជធានីភ្នំពេញ តាមរយៈខណ្ឌកំបូល បានដាក់​គោលដៅត្រួតពិនិត្យ…

ភ្នំពេញ៖ ទោះបីជារាជរដ្ឋាភិបាល កំណត់ថា ភ្នំពេញ និងខេត្តកណ្តាល រាប់ជាតំបន់តែមួយ ដែលមិនត្រូវបានហាមឃាត់​ការធ្វើដំណើរ​ឆ្លងព្រំប្រទល់​គ្នាក៏ដោយ ក៏អាជ្ញាធររាជធានីភ្នំពេញ តាមរយៈខណ្ឌកំបូល បានដាក់​គោលដៅត្រួតពិនិត្យ ​ហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត ​នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខវត្តស្ងួនពេជ្រ ក្នុង​ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ជិតព្រំប្រទល់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

វិធានការនេះ អនុវត្តតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពី ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយ​ដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 ក្នុងអំឡុងពេលចូលឆ្នាំ​។

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល បានដាក់គោលដៅត្រួតពិនិត្យរដ្ឋបាល ហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត ដោយដាក់កម្លាំងត្រួតពិនិត្យ ធ្វើឡើងទាំងសងខាងផ្លូវ គឺទាំងខាងទិសដៅចេញ​ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តក្រុងនានា និងខាងទិសដៅបណ្ដាខេត្តក្រុងនានា ចូលមកកាន់រាជធានីភ្នំពេញ។

នៅក្នុងខណៈនោះ ក្រៅពីរថយន្តដឹកជញ្ជូនទំនិញគ្រប់ប្រភេទ មានរថយន្ត និងម៉ូតូអ្នកដំណើរច្រើនគ្រឿង បានឆ្លងកាត់នូវ​ការត្រួតពិនិត្យពីសំណាក់កងកម្លាំងខាងលើ ដោយកងកម្លាំង បាន​សួរនាំយ៉ាងលម្អិត និងសួររកលិខិតស្នាមផ្សេងៗ ទៅលើអ្នកដំណើរទាំងនោះ មុននឹងអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀត ហើយអ្នកដែលមានបំណងចង់ធ្វើដំណើរ​ឆ្លងខេត្តផ្សេង ក្រៅពីភូមិសាស្រ្តខេត្តកណ្ដាល មិនអនុញ្ញាតឲ្យបន្តដំណើរទៅមុខនោះទេ គឺឲ្យត្រឡប់ក្រោយវិញ។

គួរជាការកត់សម្គាល់ផងដែរថា នៅក្នុងការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស ជាបណ្ដោះអាសន្ន១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 នាថ្ងៃដំបូងនេះ នៅគោលដៅខាងលើ មិនមានបាតុភាពអ្វីកើតឡើងនោះទេ គឺបានប្រព្រឹត្តទៅដោយរលូន ។ ចំណែកកងកម្លាំង ដែលឈរធ្វើការងារនៅគោលដៅនោះគ្រប់រូប ក៏បានអនុវត្តនូវវិធានការការពារខ្លួនពីជំងឺឆ្លង COVID-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព ពេលធ្វើការត្រួតពិនិត្យទៅ​លើអ្នកដំណើរផងដែរ៕យន់ ស៊ីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ