ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​​សហការ​ជាមួយ​មេ​ព្រៃ​ចាប់​ឈើ​ប៉េអឹម​និងសត្វព្រៃ

15 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ ​ដោយ​ទទួល​បាន​បញ្ជា​​ពី​​លោក​ព្រះ​រាជអាជ្ញា ​កាល​ពី​យប់​ថ្ងៃ​ទី៤​ មីនា ​ឆ្នាំ​២០១១ ​សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​​នៃ​​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​សហការ​ជា​​មួយ​សមត្ថ​កិច្ច​ជំនាញ​​មេព្រៃ​​សង្កាត់ ​និង​ផ្នែក​​រដ្ឋបាល​​ព្រៃឈើ​កំពង់​ថ្ម​បាន​ចាប់​រថយន្ត​កាមរី​​ដឹក​ឈើ​​គ្រញូង​មួយ​គ្រឿង ​ខណៈ​ដែល​ជន​​ល្មើស​ព្យា​យាម ​បើ​គេច​នៅ​ចំណុច​ខាងលិច​​ភូមិ​តាព្រាច ​ឃុំទី​ពោធិ ​ស្រុក​សន្ទុក ​ខេត្ត​កំពង់ធំ ។

សមត្ថកិច្ចជំនាញ និងនគរបាលស្រុក​សន្ទុក ឱ្យដឹងថា កាលពីវេលាម៉ោង២៤​ថ្ងៃទី៤ ឈាន​ចូលថ្ងៃទី៥ មីនា ឆ្នាំ២០១១ ដោយសហការ​ជាមួយជំនាញមេព្រៃ និងដោយមានបញ្ជាពី​លោក​ព្រះរាជអាជ្ញាប៉ែន សារ៉ាត កំលាំងសមត្ថ​កិច្ចនគរបាលស្រុកសន្ទុកបានឃាត់រថយន្តកាមរីពណ៌ឈាមជ្រូកគ្មានស្លាក​លេខមួយ​គ្រឿង​ដែលបើកបរដោយឈ្មោះចាន់ បៀន អាយុ៣៧​ឆ្នាំ ទីលំនៅ​ក្នុងភូមិសាលាវិស័យ ឃុំសាលា​វិស័យ ស្រុកប្រាសាទបល្ល័ង ខេត្ត កំពង់ធំ ជា​មន្ត្រីកង​រាជអាវុធហត្ថស្រុក​ប្រាសាទ​សំបូរ​ឋានៈ​ជាមេបញ្ជាការរងស្រុក ។ ការឃាត់​ខ្លួនខ្លួននោះ​ត្រូវបានសមត្ថកិច្ចរកឃើញ​ឈើ​គ្រញូង​ចំនួន​២២៦ដុំ ស្មើនិង១.៥១០​គីឡូក្រាម ។

ក្រោយមានបញ្ជាពីលោកព្រះរាជអាជ្ញាជន​សង្ស័យជាឈ្មួញរកស៊ីឈើឈ្មោះចាន់ បៀន ត្រូវបានវាយខ្នោះ​និង​បញ្ជូនទៅសាលា​ដំបូង​ភ្លាមៗ បន្ទាប់ពីជនរូបនេះព្យាយាមតដៃជាមួយ​សមត្ថកិច្ចដោយ​ចចេស​រឹងរូសបំផុត ។ នៅ​ថ្ងៃទី៥ មីនា ត្រូវលោកព្រះរាជអ​ា​ជ្ញា​​ចោទ​ប្រកាន់ និងចេញដីកាឃុំខ្លួនជាបណ្ដោះ​អាសន្ន ។ ការឃាត់​រថ​យន្ត និងឈ្មោះចាន់ បៀន​គេរកឃើញ​ប័ណ្ណសំគាល់រថយន្តដែល​សរ​សេរ
ថា អ.ហ និង ចេញឱ្យលោកវរសេនីយ៍​ម្នាក់​ប្រើប្រាស់ ប៉ុន្តែមិនដឹងថា លោកវរសេនីយ៍រូប​នោះ និងជនដៃដល់ម្នាក់នេះមានពាក់ព័ន្ធអ្វីនឹង​គ្នាឡើយ ។

នេះជាលើកទីពីរ​ហើយ​ដែល​សមត្ថ​កិច្ច​ជំនាញឃាត់ខ្លួន និងរឹប​អូសវត្ថុតាងមានឈើ​គ្រញូងជាច្រើនរយដុំដែល​ជនពាក់ព័ន្ធគឺជាមេ​បញ្ជាការរង​កង​រាជអាវុធហត្ថខេត្តកំពង់ធំ ។ ដោយ​ឡែកនៅវេលាម៉ោង១៤ និង​៣០នាទី និងម៉ោង១៦ និង៣០នាទីថ្ងៃទី៤ មីនា ឆ្នាំ​២០១១ នៅចំណុចដោយឡែកពីគ្នា ក្នុងស្រុក​បារាយណ៍ ខេត្តកំពង់ធំ សមត្ថកិច្ចនគរបាល សហ​ការជាមួយនគរបាលស្រុកបាន​ឃាត់រថ​យន្តកាមរីពណ៌​ស​ ស្លាកលេខភ្នំពេញ​2E5544 ដឹកសត្វព្រៃខុសច្បាប់ (សត្វ កាំប្រមា)​ចំនួន​៥​ក្បាល ទំងន់៣៩គីឡូក្រាម និងរថយន្តកាមរី​ពណ៌សស្លាកលេខក៧៣០៣ ភព២​ដឹកសត្វ​ព្រៃខុសច្បាប់(សត្វប្រមា)ចំនួន៤ក្បាល​ទំងន់​៣៧គីឡូក្រាម ដែលពួកជនល្មើស​ឆ្លៀត​ឱកាស​ដឹកចេញដោយខុសច្បាប់ ។ ដោយឡែក​ម្ចាស់​រថយន្តបានរត់គេចខ្លួនបាត់ ។ ក្រោយ​ឃាត់​ខ្លួន​វត្ថុ​តាងទាំងអស់ ត្រូវបានប្រគល់ឱ្យសមត្ថកិច្ចផ្នែករដ្ឋបាល ព្រៃឈើកំពង់ថ្មរក្សាទុក ៕