ខេត្តបន្ទាយមានជ័យ ៖ ទារកភ្លោះ៣នាក់ទៀតហើយកើតក្នុងត្រកូលកសិករក្រីក្រនៅភូមិភ្នំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ដែលមានម្តាយឈ្មោះភឿង គឹមហ៊ុន អាយុ៣០ឆ្នាំ ឪពុកឈ្មោះញ៉ វិចិត្រ អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ និងជាងសំណង់។ គ្រួសារនេះមានកូនចំនួន៦នាក់ ទាំងទារកភ្លោះ កូនទី១ ភេទប្រុស អាយុ១០ឆ្នាំ កូនទី២ ភេទប្រុស អាយុ៨ឆ្នាំ កូនទី៣ ភេទប្រុស អាយុ៦ឆ្នាំ និងកូនលើកទី៤ គឺទារកភ្លោះ៣។ ទារកភ្លោះកើតដំបូងឈ្មោះចិត្រ វ៉ាន់ដែន មានទំងន់២គីឡូក្រាមកន្លះ និងទី២ ឈ្មោះចិត្រ វ៉ាន់ដែត មានទំងន់២,៤គីឡូក្រាម និងកូនទី៣ ឈ្មោះចិត្រ វ៉ាន់ដា មានទំងន់២គីឡូក្រាមកន្លះ។
តាមសំដីម្តាយឈ្មោះភឿង គឹមហ៊ុន បានប្រាប់កោះសន្តិភាពនៅថ្ងៃទី៩ មីនា ថា គាត់បានសម្រាលកូនភ្លោះ៣នៅថ្ងៃទី៣ មីនា វេលាម៉ោង១០ព្រឹកនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធៈបុប្ផា) ខេត្តសៀមរាប។ ស្ត្រីជាម្តាយទារកភ្លោះបន្តថា នៅពេលដែលគាត់មានផ្ទៃពោះរយៈពេល៥ខែ បានឱ្យគ្រូពេទ្យពិនិត្យឃើញថា មានទារក៣ រហូតដល់៧ខែគាត់បានទៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប ឱ្យគ្រូពេទ្យពិនិត្យមើលម្តងទៀត ដោយគ្រូពេទ្យប្រាប់គាត់ថា មុនកំណត់៦ថ្ងៃមុខថ្ងៃកើតត្រូវត្រឡប់មកមន្ទីរពេទ្យព្រោះគាត់មានទារកដល់ទៅ៣នាក់។
ស្ត្រីជាម្តាយទារកបានបន្តទៀតថា នៅពេលដែលគាត់កើតទារកភ្លោះទាំង៣ គឺប្តីរបស់គាត់មិនបាននៅមើលថែទេ ព្រោះជីវភាពក្នុងគ្រួសារជួបការលំបាក បានទៅធ្វើកម្មករសំណង់នៅប្រទេសថៃ។ ក្រោយពេលទារកភ្លោះកើតមកគាត់បានទូរស័ព្ទប្រាប់ប្តីឱ្យដាក់ឈ្មោះទារកភ្លោះទាំង៣នាក់ និងបានផ្តល់ជាកម្លាំងចិត្តដល់ប្រពន្ធមើលថែកូន ចំពោះគាត់ជាប្តីនឹងខិតខំរកលុយផ្តល់មកឱ្យ។ ស្ត្រីជាម្តាយកូនភ្លោះ៣បានអំពាវនាវដល់សប្បុរសជន ពិសេសសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវបណ្ឌិត ដែលតែងតែករុណាដល់កូនភ្លោះ៣ ហើយសង្ឃឹមថា សម្តេច និងលោកជំទាវនឹងផ្តល់ក្តីមេត្តាចំពោះកូនគាត់ទាំង៣នេះជាមិនខាន ព្រោះពេលនេះគាត់មានជីវភាពខ្វះខាតខ្លាំងណាស់៕


ចែករំលែកព័តមាននេះ