ខេត្តសៀមរាប ៖ ករណីប្លន់នៅស្រុកអង្គរជុំ ដោយញាត់ក្រដាស់ជូតមាត់ ចាក់កាវ៥០២ ចូលទៅក្នុងមាត់ស្ត្រីរងគ្រោះ ដើម្បីប្លន់យកខ្សែកនោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទួលផែនបទល្មើសព្រហ្ម និងលោក សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប បានចុះចាប់ខ្លួនស្ត្រីម្នាក់ ដែលមានផ្ទៃពោះ៧ខែ យកមកសួរនាំ នៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ។
ហេតុការណ៍ឃាត់ខ្លួនស្ត្រីពោះធំ ៧ខែនេះ ធ្វើឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រ ស្រុកអង្គរជុំ ខេត្តសៀមរាប ។
បើតាមលោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលផែនបទល្មើសព្រហ្មទណ្ឌ បានឲ្យដឹងថា ស្ត្រីសង្ស័យ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានចុះស៊ើបអង្កេតស្រាវជ្រាវឈានដល់ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ មានឈ្មោះ គុណ ហួច អាយុ២៨ឆ្នាំ រស់នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប (មានផ្ទៃពោះ ៧ខែ) ។
ក្រោយឃាត់ខ្លួន ស្ត្រីជាជនសង្ស័យរូបនេះ បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចជំនាញថា ខ្លួនពិតជាបានធ្វើសកម្មភាព ដោយយកកាវ៥០២ ចាក់ចូលក្នុងមាត់ជនរងគ្រោះ និងបានលួចយកខ្សែក ដែលជនរងគ្រោះពាក់ ពិតប្រាកដមែន ។
សូមរំលឹកថា កាលពីថ្ងែទី៣០ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ យ៉ម រួម ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប នៅក្នុងផ្ទះរបស់គាត់តែម្នាក់ឯង រហូតដល់ម៉ោង១២ និង៣០ នាទីរសៀលថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានស្ដារពាងទឹក ដើម្បីហៅគេដឹកទឹកមកដាក់ឲ្យ ពេលគាត់ស្ដារពាងរួច គាត់បាន ចងអង្រឹងដេកនៅមុខផ្ទះរបស់គាត់ជាប់នឹងផ្លូវ ខណៈពេលនោះ គាត់ដេកបានមួយសន្ទុះ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ បានទៅច្របាច់មាត់ជនរងគ្រោះ ញាត់ក្រដាស់ជូតមាត់ ហើយចាក់កាវ៥០២ ចូលទៅក្នុងមាត់ជនរងគ្រោះ ពេលដែលជនរងគ្រោះកំពុងតែដេកលក់នៅលើអង្រឹង បណ្ដាលឱ្យជនរងគ្រោះ វង្វេងស្មារតី និយាយមិនកើត ហើយជនសង្ស័យបានដោះយកខ្សែកមាស ពីជនរងគ្រោះ ទម្ងន់ ១តម្លឹង រួចរត់គេចខ្លួនបាត់តែម្ដង ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង ក៏បានបញ្ជាក់ទៀតថា ករណីនេះ ស្ត្រីសង្ស័យធ្វើសកម្មភាពខាងលើនេះ ដោយសារជនរងគ្រោះ ជាគូរទំនាស់ជាមួយម្ដាយឪពុករបស់ ស្ត្រីសង្ស័យ កាលពី២ឆ្នាំមុន នេះជារឿងគំនុំ ផងដែរ ។
បច្ចុប្បន្ន ស្ត្រីសង្ស័យ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ចំណែកវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញ ៕
ចែករំលែកព័តមាននេះ