ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពមិនអំណោយផល! ឆ្លងច្រើនពេក សម្រេចត្រៀមបំរុងបង្កើតគ្រូពេទ្យថែទាំនិងព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ-១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង នារសៀលថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២១…

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង នារសៀលថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២១ បានផ្ញើលិខិតជូនដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឱ្យត្រៀមបំរុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩ ដែលការសម្រេចនេះ គឺដើម្បីជួយសម្រាលបន្ទុកមន្ទីរពេទ្យរដ្ឋនានា ក្នុងរាជធានី-ខេត្ត ដោយសារតែការរកឃើញករណីវិជ្ជមានកូវីដ-១៩ បន្តរកឃើញមានចំនួនច្រើនជារៀងរាល់ថ្ងៃ ។

នៅក្នុងលិខិត ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ជូនអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ថា «ក្រសួងស្នើឱ្យត្រៀមបំរុងបង្កើតក្រុមគ្រូពេទ្យថែទាំង និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩ ដែលគ្មានរោគសញ្ញា និងករណីជំងឺស្រាល ក្នុងលក្ខខណ្ឌដែលមានការរាតត្បាតធ្ងន់ធ្ងរជាយថាហេតុ ដែលហួសពីចំណុះនៃមន្ទីរពេទ្យរដ្ឋ ឬកន្លែងព្យាបាល ដែលឯកឧត្តម លោកជំទាវ បានរៀបចំរួចជាស្រេចហើយ ។ ការត្រៀមបំរុងនេះ ត្រូវយកក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានសុខាភិបាលផ្ទាល់របស់ខ្លួន ដោយរៀបចំជាក្រុម និងដឹកនាំដោយប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ»។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបន្តថា ក្រសួងនឹងធ្វើការបណ្តុះបណ្តាលក្រុមគ្រូពេទ្យទាំងអស់ ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ដែលក្រសួងនឹងរៀបចំជូន ។



សូមរម្លឹកថា នៅក្នុងសារសម្លេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​នៅព្រឹកថ្ងៃទី ៦ ខែមេសា​ ឆ្នាំ ២០២១ សម្តេចបានបញ្ជាក់ថា ការត្រៀមបំរុងឱ្យព្យាបាលអ្នកជំងឺកូវីដ-១៩ កំរិតស្រាលនៅតាមផ្ទះ ចាំបាច់ត្រូវត្រៀមឱ្យរួចរាល់ បើសិនជាការឆ្លងក្នុងស្រុកបន្តមានសញ្ញាមិនធូរស្បើយ ។ សម្តេច​តេ​ជោ មាន​ប្រសាសន៍​បញ្ជាក់​ថា «​ឥឡូវនេះ​គឺ យើង​ត្រូវ​ព្យាករណ៍​សភាពការណ៍​ជា​មុន អំពី​សមត្ថភាព​ទ្រទ្រង់​បាន​នៃ​មន្ទីរពេទ្យ របស់​យើង ។ បើសិនជា​ជំងឺ​មិន​ថមថយ​ទេ​នោះ គឺ​មន្ទីរពេទ្យ​របស់​យើង​នឹង​ពេញ​ហៀរ ជោរជន់​ទៅ​ដោយ​អ្នកជំងឺ ទាំង​ស្រាល ទាំង​ធ្ងន់ ។ ដូច្នេះ គឺ​យើង​ត្រូវ​មានការ​រៀបចំ​មួយ ដោយ​យក​វិធីសាស្ត្រ​តាម​បណ្តា​ប្រទេស​ដែល​មាន​អ្នកជំងឺ​ច្រើន រាប​ទាំង​អ្នក​ដែល​នៅ​អា​មេ​រិ​ក បារាំង អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ទៀត ដែល​មាន​អ្នកជំងឺ​លើស​ពី​ចំនួន ពេទ្យ ដែល​អាច​ទទួល​បាន​» ។ សម្តេច​លោក​មាន​ប្រសាសន៍​បន្ត​ថា កន្លង​មក ដូច​ជា​ករណី​មន្ត្រី​ការទូត​របស់​យើង​ពីរ​នាក់ ឆ្លង​កូ​វី​ដ នៅ​ប្រទេស​បារាំង មន្ទីរពេទ្យ​គេ​មិន​ទទួល​ឱ្យ​ការ​ព្យាបាល​ទេ គឺ​គេ​ឱ្យ​ត្រឡប់​មក​ព្យាបាល​តាម​ផ្ទះ​វិញ ។

សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា «​ដូច្នេះ​ខ្ញុំ​សុំ​ស្នើ​ឱ្យ​ក្រុមការងារ​របស់​យើង​រៀបចំ នូវ​ក្រម​ប្រតិបត្តិ សម្រាប់​ការ​ព្យាបាល​នៅ​តាម​ផ្ទះ​ឱ្យ​ហើយ​ស្រេច ហើយ​ដល់​ពេល​ណាមួយ យើង​ត្រូវ​ពិនិត្យ​អំពី​លទ្ធភាព​ក្នុង​ការ​ទទួលយក មក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ និង​ទុក​សម្រាប់​ការ​ព្យាបាល​នៅ​តាម​ផ្ទះ យើង​មិន​អាច​ទទួល​អស់​ទេ ក្នុង​ករណី​មានការ​កើនឡើង​ថែម​ទៀត អ្នកជា​តិច អ្នក​ចូល​ច្រើន ទោះបី​យើង​រៀបចំ​មន្ទីរពេទ្យ​ប៉ុន្មាន​ទៀត ក៏​វា​នៅ​តែ​មិន​គ្រប់​ដែរ ។ អ៊ីចឹង​វិធី​ដោះស្រាយ​មាន​តែ​ទុក អ្នកមាន​វិជ្ជមាន​កូ​វី​ដ ប៉ុន្តែ​ស្រាល ទុក​ព្យាបាល​នៅ​តាម​ផ្ទះ​ទៅ​វិញ ប៉ុន្តែ​ត្រូវ​តែ​មានការ​វិនិច្ឆ័យ​ឱ្យ​បាន​ច្បាស់ »​។



សម្តេចតេជោ ក៏បានផ្តល់ជា​យោបល់​ថា គឺ​ត្រូវ​ទុកអ្នកជំងឺកូវីដ-១៩ ព្យាបាល​នៅ​តាម​ផ្ទះ គឺ ត្រូវ​តែ​ជា​អ្នក​ដែល​មាន​ជំងឺ​ស្រាល ហើយ​មានផ្ទះ​សមរម្យ ដែល​អាច​ព្យាបាល​បាន ចាំ​យើង​ទុក​នៅ​តាម​ផ្ទះ ។ ប៉ុន្តែ​បើសិនជា​អ្នក​នោះ មាន​ជំងឺ​ធ្ងន់ យើង​មិន​អាច​ទុក​នៅ​តាម​ផ្ទះ​ទេ គឺ​ត្រូវ​យក​មក​ទុក​នៅ​មន្ទីរពេទ្យ ។ មួយទៀត​បើ​ផ្ទះ​របស់​អ្នកជំងឺ មាន​ទំហំ​តូច ដែល​អាច​ឆ្លង​រាលដាល​ដល់​ទៅ​ក្រុម​គ្រួសារ ត្រូវ​តែ​យក​គាត់​មក​កាន់​មន្ទីរពេទ្យ​ដែរ ។ សម្តេចក៏បានបញ្ជាក់ថា សម្តេច​យល់​ថា​យ៉ាង​ហោច​ណាស់​យើង​មាន ៥០% នៃ​អ្នកជំងឺ ដែល​មាន​លទ្ធភាព​ព្យាបាល​នៅ​តាម​ផ្ទះ ហើយ​ក៏​ចង់​ព្យាបាល​នៅ​តាម​ផ្ទះ​ដែរ ។

បន្ថែមពីលើនេះ អ្នកជំងឺកំរិតស្រាលដែលនឹងត្រូវទុកឱ្យសម្រាកព្យាបាលនៅតាមផ្ទះ សម្តេចនឹងផ្តល់ការឧបត្ថម្ភ ២ ម៉ឺនរៀលសម្រាប់ថ្លៃម្ហូបអាហារ ដូច្នេះអ្នកផ្ទះដែលមានអ្នកជំងឺសម្រាកព្យាបាល អាចបំប៉នអ្នកជំងឺបានល្អប្រសើរផងដែរ ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ៦​ ខែមេសា កម្ពុជាមានករណីវិជ្ជមានកូវីដ ១៩​ សរុប ២៨២៤ នាក់ អ្នកជាសះស្បើយចំនួន ១៧៩៤ នាក់ ស្លា.ប់ ២២ នាក់ និងកំពុងសម្រាលព្យាបាលមានចំនួន ១០០៣ នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ