ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស ដើរមកដេកស្លា.ប់ នៅក្លោងទ្វារចេញចូល​ទៅកន្លែងចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរ​ព្រះកេតុមាលា តែប៉ូលិសទុកចោលរាប់ម៉ោង!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរស​ម្នាក់ មិនស្គាល់អត្តសញ្ញាណ បានមកដេកស្លា.ប់ នៅក្លោងទ្វារច្រកចូល ទៅកន្លែងចាក់វ៉ាក់សាំងកូវីដ១៩ របស់មន្ទីរពេទ្យព្រះកេតុមាលា តាំងពីម៉ោង ២រសៀល​ រហូតដល់ម៉ោង…

ភ្នំពេញ៖ បុរស​ម្នាក់ មិនស្គាល់អត្តសញ្ញាណ បានមកដេកស្លា.ប់ នៅក្លោងទ្វារច្រកចូល ទៅកន្លែងចាក់វ៉ាក់សាំងកូវីដ១៩ របស់មន្ទីរពេទ្យព្រះកេតុមាលា តាំងពីម៉ោង ២រសៀល​ រហូតដល់ម៉ោង ៦ល្ងាច អស់រយៈពេល ៤ម៉ោង ហើយកម្លាំងសមត្ថកិច្ច បានត្រឹមតែនាំគ្នាមកឈរយាម ដោយមិនដឹងថា ត្រូវយកទៅណា? ​សូម្បីតែសាកសព ក៏មិនបានរកក្រណាត់​មកគ្រប ដោយ​ទុកអោយនៅកណ្តាលវាលយ៉ាងអណោចអធ័ម​បំផុត។

ហេតុការណ៍នេះ បាន​កើតឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅ​មុខក្លោងទ្វារចូលផ្នែកសម្ភព និងរោគស្ត្រី​នៃមន្ទីរពេទ្យព្រះកេតុមាលា ផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទីតាំង​នោះ ជាច្រកចេញចូល​មន្ទីរពេទ្យព្រះកេតុមាលា ដែលជាកន្លែងចាក់វ៉ាក់សាំង​កូវីដ១៩​។

ស្ត្រីអ្នកលក់ដូរក្បែរកន្លែងកើតហេតុម្នាក់ បានប្រាប់​ឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឃើញបុរសចំនួន ២នាក់ ដោយម្នាក់ មានអាយុខ្ទង់ ៤០ក្រាស់ ទៅ ៥០ឆ្នាំ និងម្នាក់ទៀត មានអាយុប្រមាណប្រហែលជា ៣០ឆ្នាំ ម្នាក់ទៀត មិន​ដឹងជាដើរ មកពីទីណាទេ បាននាំគ្នា មកឈប់ និងឈរនៅមុខក្លោងទ្វារច្រកចូល ទៅកន្លែងគេចូលចាក់វ៉ាក់សាំង (វ៉ាក់សាំង កូវីដ១៩) ខាងលើ។ ពេលដែលពួកគាត់ទាំង ២នាក់ នាំគ្នាមកឈរនោះ ក៏ស្រាប់តែបានឃើញបុរសវ័យចំណាស់ម្នាក់ បានដាក់​គូទអង្គុយចុះ និង​ប្រាស់ខ្លួនដេកទៅលើដី ហើយបុរសវ័យក្មេង ក៏បានបន្តដំណើរដើរចេញទៅបាត់ទៅ ដោយបន្សល់ទុក​អោយបុរសវ័យចំណាស់ គាត់ដេក​នៅតែម្នាក់ឯង។

ស្ត្រីដដែល ក៏បានប្រាប់បន្តទៀតថា ពេលដែលបុរសវ័យក្មេងអាយុប្រ​ហែលជា ៣០ឆ្នាំ ទៅបាត់នោះ មួយសន្ទុះ ក៏ស្រាប់តែឃើញបុរសវ័យចំណាស់ រងគ្រោះ​បានប្រកាច់ និងដាច់ខ្យល់​ស្លាប់បាត់​បង់ជីវិតតែម្តង ទើបបង្ក​អោយមានការភ្ញាក់ផ្អើល ​ដល់រូបគាត់ និង​អ្នកដំណើរតាមផ្លូវ បានត្រឹមតែនាំគ្នាឈរមើលពីចំងាយប៉ុណ្ណោះ។

ទីតាំងខាងលើនេះ ជាកន្លែង សំរាប់អ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ ឈរតម្រៀបជួរគ្នា ចាំចូលទៅចាក់រាល់ថ្ងៃ។ តែក្នុងថ្ងៃនេះ ពេទ្យគេឈប់ចាក់ តាំងពីព្រឹកមកម្លេះ និងនៅពេលថ្ងៃ មិនមានអ្នក​មកចាក់ទៀត ដូចរាល់ថ្ងៃនោះ។ ក៏ស្រាប់តែបុរសវ័យចំណាស់នេះ មកដេកស្លាប់ នៅច្រកចូលនេះតែម្តង ហើយក៏មិនមានអ្នកណាម្នាក់ បានស្គាល់អត្តសញ្ញាណរបស់គាត់ដែរ។

ពាក់ព័ន្ធទៅនឹងការស្លាប់បាត់បង់ជីវិតរបស់បុរសវ័យចំណាស់អាយុប្រហែលជា ៤០ឆ្នាំ ក្រាស់និងទំនងជាឈានចូល ៥០ឆ្នាំ មិនស្គាល់អត្តសញ្ញាណម្នាក់ខាងលើនេះ គេមិនបានដឹងថា រូបគាត់បានស្លាប់បាត់បង់ជីវិត ដោយសារមូលហេតុអ្វីឡើយ? ដោយនៅកន្លែងកើតហេតុ គេបានឃើញមានមន្ត្រីនគរបាលមូលដ្ឋានចំនួន ២នាក់ ដោយម្នាក់ស្លៀកពាក់ជាឯកសណ្ឋាន និងម្នាក់ទៀតស្លៀកពាក់ស៊ីវិល បានមកដល់កន្លែងកើតហេតុ បានត្រឹមនាំគ្នា ឈរយាម​ពីចំងាយប៉ុណ្ណោះ ហើយបានប្រាប់ថា ពួកគាត់មិនទាន់បានដឹងថា ត្រួវយកសពទៅណាទេ? ដោយបានរាយការណ៍ប្រាប់ថ្នាក់លើរួចហើយ។

អ្វីដែលគួរអោយ​ហួសចិត្តនោះ គឺជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតតាំងពី​ម៉ោង ២រសៀលមកម្លេះ រហូតដល់ម៉ោង ៦ល្ងាចទៅហើយ អស់​រយៈពេល ៤ម៉ោងទៅហើយ សូម្បីតែក្រណាត់ ក៏គ្មានអ្នកណាម្នាក់ រកយកទៅគ្របដែរ ដោយទុកអោយនៅកណ្តាលវាល យ៉ាងអណោចអធ័ម​ជា​ទីបំផុត៕ ដោយ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ