ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​នឹង​ជួយ​សម្រួលការ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​នីហរ័ណ​-​អា​ហ័​រណ

8 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ប្រភព​ផ្លូវការ​មួយ​ឲ្យ​ដឹង​ថា ដោយ​ផ្អែក​តាម​ការ​ដាក់​ចេញ​នូវ​ផែនការ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កាលពី​ស​ប្តា​ហ៍​មុន ក្រសួង​ពាណិជ្ជកម្ម​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​និយ័ត​កម្ម​

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ប្រភព​ផ្លូវការ​មួយ​ឲ្យ​ដឹង​ថា ដោយ​ផ្អែក​តាម​ការ​ដាក់​ចេញ​នូវ​ផែនការ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កាលពី​ស​ប្តា​ហ៍​មុន ក្រសួង​ពាណិជ្ជកម្ម​នឹង​ជួយ​សម្រួល​ដល់​ការ​ធ្វើ​និយ័ត​កម្ម​នៃ​ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​បរិយាកាស​ជំនួញ និង​ធានា​បាន​នូវ​មុខទំនិញ​កសិផល​ដែល​ត្រូវការ​ចាំបាច់ ឬ​ជា​មូលដ្ឋាន​របស់​ជាតិ ។

ក្រុម​អ​និយ័ត​កម្ម​(​ការ​បន្ថយ​ការ​ត្រួតពិនិត្យ​របស់​រដ្ឋាភិបាល​)​របស់​ក្រសួង​សាមី​ដែល​ដឹកនាំ​ដោយ​លោកស្រី Arlinda Imbang Jaya បាន​ថ្លែង​ថា យ៉ាង​ហោច​ក៏​មានការ​ធ្វើ​និយ័ត​កម្ម​ចំនួន​៣២​ដែរ​ដែល​ភាគច្រើន​គឺជា​ការ​ធ្វើ​កម្រិត​ថ្នាក់​រដ្ឋមន្ត្រី​ដែល​នឹង​ត្រូវ​បាន​កែប្រែ​ដោយ​ក្រសួង​នៅ​ខែតុលា​ឆ្នាំ​នេះ ។

ក្រសួង​ក៏​នឹង​កាត់​បន្ថយ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​នាំ​ចេញ​និង​នាំ​ចូល​យ៉ាងតិច​ក៏​៣៨​ដែរ​ពី​អាជ្ញាប័ណ្ណ​សរុប​ទាំងអស់​ចំនួន​១២១​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ខ្លួន រាប់​បញ្ចូល​អាជ្ញាប័ណ្ណ​អ្នក​នាំ​ចេញ​ដែល​បាន​ចុះបញ្ជី​ចំនួន​៤ អ្នក​នាំ​ចូល​ដែល​បាន​ចុះបញ្ជី​ចំនួន​២១ និង​អាជ្ញាប័ណ្ណ​អ្នក​នាំ​ចូល​ផលិតផល​ផលិតកម្ម​ចំនួន​១៣ ។

លោកស្រី​Arlinda​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​រយៈពេល​ខ្លី​មួយ​កាលពី​ថ្ងៃ​សុក្រ​នេះ​ថា « យើង​មាន​ក្តី​រំពឹង​លើ​វិធានការ​នេះ នឹង​បង្កើន​លំហូរ​នៃ​ទំនិញ​សម្រាប់​ពាណិជ្ជកម្ម​នាំ​ចូល​-​នាំ​ចេញ​និង​ការ​ជួញដូរ​ក្នុងស្រុក​ជាដើម ក៏​ដូច​ជា​ដើម្បី​ធានា​បាន​នូវ​ការ​ផ្គត់ផ្គង់​ទំនិញ​នានា​នៅ​លើ​ទីផ្សារ​ហើយ​ក៏​គួរ​ផ្សំ​នឹង​ការ​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នៃ​តម្លៃ​ផង​ដែរ » ។

ឥណ្ឌូ​ណេ​ស៊ី​បាន​ចុះបញ្ជី​នូវ​ផល​លើស​ផ្នែក​ពាណិជ្ជកម្ម​ចំនួន​៦,២២​ប៊ី​លាន​ដុល្លារ​ផង​ដែរ​ក្នុងអំឡុងពេល​៨​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ​ដែល​សរុប​ទាំង​ការ​នាំ​ចេញ និង​នាំ​ចូល​ធ្លាក់​ចុះ​១២,៧%​និង​១៨,៩៦%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​និង​នាំ​ចូល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ឧស្សាហកម្ម​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​គឺ​នៅ​តែ​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ដដែល ។ ហេតុ​ដូច្នេះ​ហើយ​ការ​ជួយ​សម្រួល​នៅ​ក្នុង​ការ​នាំ​ចេញ​និង​នាំ​ចូល ក៏​នឹង​ត្រូវ​បាន​ដាក់​ស្នើ​លើ​ទំនិញ​យុទ្ធសាស្ត្រ​ដូច​ជា ៖ អង្ករ ស្ករ អំបិល និង​ផលិតផល​ដំណាំ​ដាំ​ដុះ​ជា​ច្រើន​ទៀត​ជាមួយនឹង​ការ​ជម្រុះ​ចេញ​នូវ​តម្រូវការ​ដែល​ជា​សេចក្តីណែនាំ​ពី​បណ្តា​ក្រសួង​ដទៃ និង​ទីភ្នាក់ងារ​នានា​សម្រាប់​ផលិតផល​នាំ​ចេញ​និង​នាំ​ចូល ។

លោកស្រី​បាន​ថ្លែង​ថា « យើង​បាន​បញ្ចប់​ការ​ចរចា​ជាមួយ​បណ្តា​ក្រសួង​ពាក់ព័ន្ធ​ដែល​តែងតែ​ផ្តល់​អនុសាសន៍​ដូច​ជា​ក្រសួង​ឧស្សាហកម្ម ក្រសួងកសិកម្ម ក្រសួង​រ៉ែ​និង​ថាមពល និង​ក្រសួង​ដទៃ​ទៀត ។ មាន​គោលនយោបាយ​មួយ​ចំនួន​ដែល​ចាំបាច់​ត្រូវ​ធ្វើការ​កែសម្រួល​ពី​ផ្នែក​ផ្សេង​ៗ របស់​ពួក​គេ​ដើម្បី​ផ្លាស់​ប្តូរ​ឬ​ជម្រុះ​ចេញ​នូវ​ការ​ផ្តល់​នូវ​អនុសាសន៍​នេះ » ។

លោកស្រី​បាន​បន្ថែម​ថា តាម​រយៈ​ការ​កែសម្រួល​ការ​នាំ​ចូល​ក្រសួង​រំពឹង​ថា ផ្នែក​ឧស្សាហកម្ម​គួរតែ​អាច​មាន​ភាព​ប្រសើរ​ឡើង​វិញ​ចំពោះ​ការ​ប្រើប្រាស់​វត្ថុធាតុដើម ។
យោង​តាម​ទិន្នន័យ​ពី​ទីភ្នាក់ងារ​ស្ថិតិ​កណ្តាល​បង្ហាញ​ថា ការ​នាំ​ចូល​វត្ថុធាតុដើម​បាន​កើនឡើង​១៨,៧%​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ឬ​ស្មើនឹង​ទំហំ​ទឹកប្រាក់​៩,១៥​ពាន់​លាន​ដុល្លារ​ក្នុង​ខែសីហា​ដែល​ផ្ទុយ​ស្រឡះ​ពី​ការ​ធ្លាក់​ចុះ​២១,៤%​នៃ​ខែ​មុន ។

នៅ​ក្រោម​ការ​ធ្វើ​និយ័ត​កម្ម​ថ្មី​នេះ រដ្ឋាភិបាល​នឹង​ធ្វើការ​វិនិច្ឆ័យ​ទៅ​លើ​ផលិតកម្ម​ក្នុងស្រុក តម្រូវការ​របស់​ជាតិ និង​បរិមាណ​នៃ​ទំនិញ​នាំ​ចូល​នៅ​ក្នុង​ការ​កំណត់​លក្ខខណ្ឌ​នៃ​ជំនួប និង​ការ​សម្របសម្រួល​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ។

ទាក់ទិន​នឹង​ការ​នាំ​ចូល​អង្ករ ទីភ្នាក់ងារ​ភស្តុ​ភារ​រដ្ឋ​(Bulog) បាន​លើក​ឡើង​មុន​នេះ​ថា អង្ករ​ដែល​បាន​ទំនុកបម្រុង​ក្នុង​ស្តុក​របស់​ជាតិ នឹង​ខិត​ជិត​ដល់​ការ​ប្រើ​អស់​នៅ​ដំណាច់​ឆ្នាំ​នេះ​ស្រប​ពេល​ដែល​នៅ​ក្នុង​ឃ្លាំង​ស្តុក​ទុក​មាន​ចំនួន​៦២.០០០​តោន ខណៈ​ដែល​វា​ត្រូវការ​១,៥​លាន​តោន​ទៅ​២​លាន​តោន ដើម្បី​សម្រេច​បាន​តាម​តម្រូវការ​នៅ​ឆ្នាំ​ក្រោយ ។ រីឯ​ផល​ប៉ះពាល់​នៃ​គ្រោះ​ធម្មជាតិ El Nino លើ​ផលិតកម្ម​ក៏​បាន​លេចឡើង បើ​ទោះជា​រដ្ឋមន្ត្រី​កសិកម្ម​លោក Amran Sulaiman បាន​លើក​ឡើង​ពី​ភាព​ជឿជាក់​របស់​លោក​នៅ​ការ​មិន​នាំ​ចូល​អង្ករ​ក្នុងឆ្នាំនេះ​ក៏​ដោយ ។

ទាក់ទិន​នឹង​ការ​នាំ​ចូល​អំបិល លោកស្រី Arlinda បាន​ថ្លែង​ថា ក្រសួង​នឹង​បោះបង់​ចោល​នូវ​តម្រូវការ​ចំពោះ​អាជ្ញាប័ណ្ណ​នាំ​ចូល​និង​អាជ្ញាប័ណ្ណ​នាំ​ចូល​ផលិតផល​ផលិតកម្ម ដោយ​ការ​លើក​ឡើង​ថា តម្រូវការ​ទាំងនេះ​នឹង​ត្រឹមតែ​ត្រូវ​បាន​ដាក់​ស្នើ​លេខ​សម្គាល់​របស់​បណ្តា​អ្នក​នាំ​ចូល​ផលិតផល​ផលិតកម្ម​តែ​ប៉ុណ្ណោះ ។

ប្រហាក់ប្រហែល​នឹង​ការ​ជួយ​សម្រួល​លើ​ការ​នាំ​ចូល​នេះ​ដែរ​ក៏​នឹង​ត្រូវ​បាន​ដាក់​លើ​មុខទំនិញ​ដទៃ​ទៀត​ដូច​ជា​ដែកថែប ជាមួយនឹង​ការ​បោះបង់​ចោល​លេខ​សម្គាល់​ពន្ធ​និង​តម្រូវការ​ឯកសារ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ជាដើម ។

តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី Arlinda នីតិវិធី​នៃ​ការ​នាំ​ចូល​និង​នាំ​ចេញ ក៏​នឹង​អាច​រកបាន​នៅ​តាម​បណ្តាញ​អីុ​ធើ​រ​ណេ​ត​ដែល​នឹង​ចាប់ផ្តើម​នៅ​ខែតុលា​នេះ​ផង​ដែរ ។
ជា​មួយ​នឹង​ការ​សម្រួល​នេះ​ដែរ ក្រសួង​ក៏​នឹង​នៅ​តែ​គ្រប់គ្រង​លំហូរ​ចូល​នៃ​ទំនិញ​នាំ​ចូល​តាម​រយៈ​ការ​ដាក់​កាតព្វកិច្ច​ដល់​បណ្តា​អ្នក​នាំ​ចូល​នានា​ដើម្បី​ជួយ​លើកកម្ពស់​គោលនយោបាយ​នេះ​នៅ​សលាក​ប​ត្រ​ផលិតផល​នាំ​ចូល មុន​នឹង​ឥណ្ឌូ​ណេ​ស៊ី​លក់​ចេញ​របស់​ទាំងនោះ ៕