សំឡេងផ្ទុះ និងការបាញ់កាំភ្លើងប្រឆាំងយន្តហោះបានលាន់កក្រើកលើទីក្រុងទ្រីប៉ូលី រដ្ឋធានីលីប៊ី កាលពីវេលាព្រលឹមស្រាងៗនាថ្ងៃទី២០ មីនា ២០១១។ មន្ទីរប៉ង់តាហ្គោននិយាយថា នោះគឺជាការវាយប្រហារដោយមីស៊ីលជាលើកដំបូងរបស់សហរដ្ឋអាមេរិក ប្រឆាំងមេដឹកនាំលីប៊ី ដែលក្រាញអំណាច លោកមូអាម៉ា កាដាហ្វី ។ មីស៊ីលនោះគឺបាញ់ចេញពីនាវាចម្បាំងដែលដាក់ពង្រាយនៅឯផ្ទៃសមុទ្រមេឌីទែរ៉ាណេ ។
មន្ត្រីជាន់ខ្ពស់អាមេរិកសុំមិនបញ្ចេញឈ្មោះនិយាយថា ការវាយប្រហារនោះគឺសំដៅទៅលើទីតាំងការពារដែនអាកាសនៅតាមបណ្តោយឆ្នេរសមុទ្រលីប៊ី ជុំវិញរដ្ឋធានីទ្រីប៉ូលី ។ មន្ត្រីដដែលឱ្យដឹងទៀតថា នេះជាការវាយប្រហារលើកទីមួយប៉ុណ្ណោះ ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់នាវាចម្បាំង និងយន្តហោះរបស់អាមេរិក ។ មន្ត្រីមន្ទីរប៉ង់តាហ្គោននិយាយថា ការវាយប្រហារនោះធ្វើឡើងក្នុងគោលបំណងទាមទារឱ្យយោធារបស់ប្រទេសលីប៊ីបើកផ្លូវអាកាស ពិសេសដើម្បីជួយការពារយន្តហោះបរទេស ដែលហោះហើរទៅកាន់ដែនអាកាសរបស់ប្រទេសលីប៊ី ។
តាមមន្ទីរប៉ង់តាហ្គោនថា ប្រទេសចំនួន៥ មានដូចជាសហរដ្ឋអាមេរិក បារាំង អង់គ្លេស កាណាដា និងប្រទេសអ៊ីតាលី បានចូលរួមក្នុងការវាយប្រហារនេះប្រឆាំងលោកកាដាហ្វី ហើយសម្ព័ន្ធមិត្តចម្រុះនេះមាននាវាចម្បាំង២៥គ្រឿងដាក់ពង្រាយនៅលើផ្ទៃសមុទ្រម៉េឌីទែរ៉ាណេ ។ កងកម្លាំងសហរដ្ឋអាមេរិក កងកម្លាំងបារាំង និងកងកម្លាំងអង់គ្លេសបានបើកការវាយប្រហារនោះក្រោយពីមានការជឿជាក់ថា លោកកាដាហ្វីនឹងមិនប្រកាន់ខ្ជាប់ ហើយគោរពបទឈប់បាញ់របស់អង្គការសហប្រជាជាតិ ។ ការវាយប្រហារនោះប្រឆាំងទីតាំងឈរជើងរបស់យោធាលីប៊ី ដោយគ្រាប់មីស៊ីល និងយន្តហោះចម្បាំង ក្នុងនោះរួមមានការអនុវត្តតំបន់ហាមហោះហើរ ។
មីស៊ីល Tomahaw ជាង១០០គ្រាប់ ត្រូវបានបាញ់ពីនាវាចម្បាំង និងនាវាមុជទឹករបស់អាមេរិក និងអង់គ្លេសប្រឆាំងទៅលើដែនអាកាស និងប្រព័ន្ធការពារមីស៊ីលរបស់ប្រទេសលីប៊ី នៅតំបន់ភាគខាងលិចប្រទេស។ ការវាយប្រហារលើកដំបូងនេះយន្តហោះចម្បាំងរបស់ប្រទេសបារាំង ត្រូវបញ្ជូនទៅដាក់ពង្រាយនៅតាមសមុទ្រក្បែរប្រទេសលីប៊ី ហើយហោះហើរបាញ់សំដៅរថយន្តយោធាប្រឆាំងនឹងកងទ័ពរបស់លោកកាដាហ្វី ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោកដេវីដ កាម៉េរ៉ុន ថ្លែងកាលពីល្ងាចថ្ងៃទី១៩ មីនា ថា កងទ័ពអង់គ្លេសកំពុងតែប្រតិបត្តិការប្រឆាំងមេដឹកនាំផ្តាច់ការប្រទេសលីប៊ី ។ លោកដេវីដ កាម៉េរ៉ុន ថ្លែងថា «អ្វីដែលយើងកំពុងធ្វើជារឿងចាំបាច់ ជារឿងស្របច្បាប់ហើយជាសិទ្ធិរបស់យើងក្នុងការការពារប្រជាពលរដ្ឋដែលប្រកាន់ខ្ជាប់ គោរពលទ្ធិប្រជាធិបតេយ្យ ។ យើងមិនអាចគាំទ្រមេដឹកនាំផ្តាច់ការរបស់លីប៊ីដែលសម្លាប់ពលរដ្ឋរបស់ខ្លួននោះទេ» ។
លោកមូអាម៉ា កាដាហ្វី ថ្លែងតាមទូរទស្សន៍រដ្ឋកាលពីព្រឹកថ្ងៃទី២០ មីនា នេះថា ធម្មនុញ្ញអង្គការសហប្រជាជាតិផ្តល់សិទ្ធិដល់ប្រទេសលីប៊ីដើម្បីការពារខ្លួននៅពេលមានសង្គ្រាម ។ លោកកាដាហ្វី ថ្លែងទៀតថា «ពលរដ្ឋនៃប្រទេសកាន់សាសនាអ៊ិស្លាម ពលរដ្ឋអាហ្វ្រិក និងពលរដ្ឋអាមេរិកឡាទីន ព្រមទាំងពលរដ្ឋអាស៊ីត្រូវតែឈរខាងពលរដ្ឋលីប៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាននេះ» ។ ជាមួយគ្នានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា បានអំពាវនាវដល់លោកកាដាហ្វី ឱ្យដកថយចេញពីទីក្រុង Zawiya នៅភាគខាងលិចរដ្ឋធានីទ្រីប៉ូលី ។
អ្នកនាំពាក្យរដ្ឋាភិបាលលីប៊ីនិយាយថា ការវាយប្រហារប្រឆាំងទីតាំងជាច្រើននៅទីក្រុងទ្រីប៉ូលីបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល ។ កាលពីព្រឹកថ្ងៃទី១៩ មីនា កន្លងមក លោកកាដាហ្វី បានចេញសារផ្គើនមួយដល់ប្រទេសមហាអំណាចពិភពលោក ដែលក្នុងសារនោះលោកកាដាហ្វីថ្លែងថា «ពលរដ្ឋលីប៊ីភាគច្រើនបានត្រៀមខ្លួនស្ម័គ្រស្លាប់សម្រាប់ខ្ញុំរួចហើយ»។ សារនោះលោកកាដាហ្វីផ្ញើជូនលោកបារ៉ាក់ អូបាម៉ា ។ ទូរទស្សន៍រដ្ឋលីប៊ីរាយការណ៍ថា ក្នុងការវាយប្រហាររបស់ក្រុមសម្ព័ន្ធមិត្តចម្រុះនោះបណ្តាលឱ្យស្លាប់មនុស្ស៤៨នាក់៕




ចែករំលែកព័តមាននេះ