ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​ប្រាប់​បុគ្គលិក​ដែល​មិន​ចាំបាច់​ឱ្យ​ចេញពី​ប្រទេស​ភូមា ខណៈ​ការ​បង្ក្រាប​ឃោ​ឃៅ​កាន់តែ​កើនឡើង

3 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន​៖ យោង​តាម​សារព័ត៌មាន VOA ចេញផ្សាយ​ថ្ងៃ​ទី ៣១ ខែ មីនា ឆ្នាំ​២០២១ បានឱ្យ​ដឹង​ថា ក្រសួងការបរទេស​សហរដ្ឋអាមេរិក…

វ៉ា​ស៊ី​ន​តោន​៖ យោង​តាម​សារព័ត៌មាន VOA ចេញផ្សាយ​ថ្ងៃ​ទី ៣១ ខែ មីនា ឆ្នាំ​២០២១ បានឱ្យ​ដឹង​ថា ក្រសួងការបរទេស​សហរដ្ឋអាមេរិក បាន​បញ្ជា​ឱ្យ​បុគ្គលិក​ខ្លួន ​និង​សមាជិកគ្រួសារ​របស់​ពួក​គេ​ទាំងអស់ដែល​មិន​ចាំបាច់ ត្រូវ​ចាក​ចេញពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ខណៈ​ដែល​ការ​បង្ក្រាប​បង្ហូរឈាម​ពី​ពួក​របប​យោធា​រដ្ឋប្រហារ ទៅ​លើ​បាតុករ​ដែល​ប្រឆាំង​រដ្ឋប្រហារ​នៅ​តែ​បន្ត​។

យោង​តាម​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ ដែល​ប្រើ​ឈ្មោះ​ ចាស់​ របស់​មី​យ៉ា​ន់​ម៉ា បាន​បញ្ជា​ឱ្យ​ពួក​គេ​ជម្លៀស​ខ្លួន​ចេញ​ប្រទេស​ភូមាថា​៖ «​យោធា​ភូមា​បាន​ឃុំខ្លួន និង​ទម្លាក់​មន្ត្រី​រដ្ឋាភិបាល​ជាប់​ឆ្នោត​ ។ ក្រុម​អ្នក​តវ៉ា និង​បាតុកម្ម​ប្រឆាំង​នឹង​របប​យោធា ដែល​បាន​ធ្វើ​រដ្ឋប្រហារ​នោះ បាន​កើន​ឡើងជា​រៀងរាល់ថ្ងៃ ហើយ​វា​អាច​នឹង​ត្រូវ​បាន គេ​រំពឹង​ថា​នឹង​នៅ​បន្ត​ទៀត​»​ ។ បទបញ្ជា​របស់​ក្រសួងការបរទេស បាន​ធ្វើ​បច្ចុប្បន្នភាព​ការ​ផ្តល់​យោបល់ ដែល​បាន​ចេញ​កាលពី​ខែ​មុន ដែល​អនុញ្ញាត​ឱ្យ​បុគ្គលិក​មិន​មាន​ភារកិច្ច​ចាំបាច់ ត្រូវ​ចាកចេញ​បន្ទាន់ ប្រសិនបើ​ពួក​គេ​ចង់​ចាកចេញ​ ។

យោង​តាម​សមាគម​ជំនួយ​ខាង​ផ្នែក​អ្នកទោស​នយោបាយ (AAPP) បាន​និយាយ​ថា ​កងកម្លាំង​សន្តិសុខ​មី​យ៉ា​ន់​ម៉ា បាន​សម្លាប់​ជន​ស៊ី​វិល​យ៉ាងតិច ៥១២ នាក់​ចាប់តាំងពី​យោធា​នេះ​បាន​ធ្វើ​រដ្ឋប្រហារ កាល​ថ្ងៃ​ទី ១ ខែកុម្ភៈ​មក​ ។ ចំនួន​អ្នក​ស្លាប់​សរុប​ជាង ១០០ នាក់ កាលពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​របប​នេះ​បាន​បង្ហាញ​នូវ​កម្លាំង​ដ៏​ធំ​មួយ ក្នុង​ទិវា​កងកម្លាំងប្រដាប់អាវុធ​ជាតិ ដែល​រំលឹក​ដល់​ការ​ចាប់ផ្តើម នៃ​ការ​តស៊ូ រើ​បំរាស់​ពី​ការ​កាន់កាប់​របស់​ជប៉ុន នា​សង្គ្រាមលោក​លើក​ទី ២ ។ AAPP មាន​ចំនួន​អ្នក​ស្លាប់​សរុប កាលពី​ថ្ងៃ​សៅរ៍ គឺ ១៤១ នាក់​ទូ​ទាំង​ប្រទេស​។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​អាន់​តូ​នី​ញ៉ូ ហ្គូ​ទែ​រេស បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​និយាយ​ថា​៖ « អ្វី​ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​ទិវា​កងកម្លាំងប្រដាប់អាវុធ​ជាតិ គឺ​គួរ​ឱ្យ​រន្ធត់​ណាស់​»​។ មនុស្ស​ពីរ​នាក់​ទៀត​ត្រូវ​បាន​សម្លាប់ នៅ​ថ្ងៃ​អង្គារ​នេះ នៅ​ពេល​ដែល​ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រាប់​ពាន់​នាក់ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម្តងទៀត​។ ចលនា​មិន​គោរព​តាម​រដ្ឋប្បវេណី ដែល​រស់នៅ​ទីក្រុង​យ៉ាំ​ង​ហ្គូ​ន បាន​ប្រើ​វិធីសាស្ត្រ​មួយ​ផ្សេង​ទៀត ដោយ​ពួក​គេ​បាន​បោះ​សំរាម នៅ​តាម​ផ្លូវ​ប្រសព្វ​មួយ​ក្នុង​ទីក្រុង​។

ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ជនជាតិ​ដើម​ភាគតិច ៣​ក្រុម ក្នុង​ប្រទេស​មី​យ៉ា​ន់ (​ក្រុម​ទាំងនេះ មិន​ចំណុះ​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​នោះ​ទេ​) បាន​គំរាម​យោធា​រដ្ឋប្រហារ កាលពី​ថ្ងៃ​អង្គារ ថា​ ពួក​គេ​នឹង​ធ្វើការ​សងសឹក បើ​មិន​បញ្ឈប់​ការ​សម្លាប់​លើ​បាតុករ​នោះ​ ។ ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ជនជាតិ​ដើម​ភាគតិច ទាំង​៣​ក្រុម​មាន​ដូច​ជា the Ta’ang National Liberation Army, the Myanmar Nationalities Democratic Alliance Army and the Arakan Army បាន​ចេញ​សេចក្តី​ប្រកាស​រួម​មួយ​ថា ៖«​ប្រសិនជា​ពួក​គេ​យោធា​សន្តិសុខ មិន​បញ្ឈប់​ការ​សម្លាប់​លើ​ប្រជាជន ពួក​យើង​នឹង​រួម​គ្នា​ជាមួយ​បាតុករ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​វិញ​»​។

យោធា​រដ្ឋប្រហារ បាន​ពង្រីក​ការ​បង្ក្រាប​របស់​ខ្លួន ដោយ​បើក​ការ​វាយប្រហារ តាម​អាកាស​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​ជនជាតិ​ដើម​ភាគតិច​កា​រ៉ែ​ន ដែល​មា​នទី​តាំងនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដើម្បី​ឆ្លើយ​តប​នឹង​ការ​វាយប្រហារ​របស់​ក្រុម​ឧទ្ទាម លើ​ប៉ុស្តិ៍​យោធា និង​ប៉ូ​លិស កាលពី​ប៉ុន្មាន​ថ្ងៃមុន​មក ​។ ការ​វាយប្រហារ​តាម​អាកាស​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​រត់​ភៀសខ្លួន ឆ្លងកាត់​ព្រៃ និង​ឆ្លងកាត់​ព្រំដែន ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ដែល​ជា​ប្រទេស​ជិតខាង​។

ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​ថៃ​ក៏​បាន​ធ្វើការ​បដិសេធ​ភ្លាម​ៗ បន្ទាប់​ពី​មានការ​ចោទប្រកាន់​ពី​ទីភ្នាក់ងារ​ជំនួយ​មនុស្សធម៌ (Humanitarian Aid Agencies) ដែល​ថា​ទាហាន​របស់​ខ្លួន​បាន​បង្ខំ​ឱ្យ​ជនភៀសខ្លួន​ជនជាតិភាគតិច ដែល​បាន​រត់គេច​ខ្លួន​ពី​ការ​វាយប្រហារ ឱ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​វិញ​ផង​ដែរ​។ យោង​តាម​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នឹង​បើក​កិច្ចប្រជុំ​មួយ​ជា​សំងាត់ នៅ​ថ្ងៃ​ពុធ​នេះ ស្តី​ពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​។

អ្នកនាំពាក្យ​អគ្គលេខាធិការ​លោក Guterres លោក Stephane Dujarric បាន​ប្រាប់​វី​អូ​អេ VOA Margaret Besheer ថា​៖ «​អ្វី​ដែល​យើង​ចង់​ឃើញ​នោះ ពួក​យើង​នឹង​រួម​គ្នា​ធ្វើ​ជា​សារ​ដ៏​រឹង​មាំ​មួយ ដើម្បី​ផ្ញើរ​ទៅ​កាន់​ក្រុម​យោធា​សន្តិសុខ​មី​យ៉ា​ន់​ម៉ា ឱ្យ​ពួក​គេ​ត្រូវ​ធ្វើការ​បង្រួបបង្រួម បញ្ឈប់​អំពើ​ហឹ​ង្សា ដោះ​លែង​អ្នកទោស​នយោបាយ និង​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ត្រឡប់​ទៅ​សភាព​ធម្មតា ហើយ​ប្រគល់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ឱ្យទៅ​ប្រជាជន​វិញ និង​យើង​នឹង​សង្ឃឹមថា យើង​អា​ចប​ញ្ចូ​ន​អ្នករាយការណ៍​ពិសេស​ទៅ​កាន់​ប្រទេស​មី​យ៉ា​ន់​ម៉ា ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​»​។

មេដឹកនាំ​សម្ព័ន្ធភាព​ជាតិ ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) លោកស្រី​អ៊ុ​ង​សាន ស៊ូ​ជី បាន​ដឹកនាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ចាប់តាំងពី​ការ​បោះ​ឆ្នោត ប្រជាធិបតេយ្យ​បើកចំហ​លើក​ដំបូង របស់​ខ្លួន​នៅ​ឆ្នាំ ២០១៥​មក ប៉ុន្តែ​របប​យោធា​មី​យ៉ា​ន់​ម៉ា ដែល​មាន​ធ្វើការ​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ដែរ​នោះ បាន​ចោទប្រកាន់ កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន ថា​សន្លឹក​ឆ្នោត​មិន​ប្រក្រតី​ហើយ​អះអាង​ថា មានការ​លួច​បន្លំ​សន្លឹក​ឆ្នោត​យ៉ាងច្រើន ដែល​ខណៈនោះ​របប​យោធា​នេះ​មិន​មាន​ភស្តុ​តាង​នៅ​ក្នុង​ដៃ​នោះ​ទេ​។

បន្ទាប់​មក​របប​យោធា​មី​យ៉ា​ន់​ម៉ា បាន​ធ្វើ​រដ្ឋប្រហារ​ទំលាក់​រដ្ឋាភិបាល​ស្របច្បាប់ នៅ​ថ្ងៃ​ទី ១ ខែ កុម្ភៈ និង​បាន​ចាប់ខ្លួន​លោកស្រី​អ៊ុ​ង​សាន ស៊ូ​ជី និង​លោក​ប្រធានាធិបតី Win Myint​រួម​ទាំង​មនុស្ស​ជា​ច្រើន​ទៀត ដែល​នៅ​ក្នុង​បក្ស​លោកស្រី​ ។ ភ្លាម​ៗ​ក្រោយ​រដ្ឋប្រហារ​មិន​មាន​ប៉ុន្មាន​ផង របប​យោធា​និង​ក្រុម​បក្សពួក​បាន​រុះរើ​និង​បាន​ផ្លាស់​ប្តូរ​សមាសភាព​មន្ត្រី​ជា​ច្រើន​នៅ​តាម​ក្រសួង​នានា (​សឹងតែ​គ្រប់​ក្រសួង​សូ​ម្បី​តែ​ក្រសួង​ព័ត៌មាន​) ហើយ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល​មួយ​ឆ្នាំ និង​ប្រកាស​ប្រើ​ច្បាប់​របស់​ពួក​គេ​៕

អត្ថបទសរសេរ ដោយ