កាសែត KOURINA របស់លីប៊ីរាយការណ៍ថា មនុស្សជាច្រើននាក់បានត្រូវស្លាប់ ហើយជាច្រើននាក់ទៀតត្រូវរបួសកាលពីថ្ងៃទី២៨ កុម្ភៈ ក្នុងសង្កាត់ TADJOURA នៃទីក្រុងទ្រីប៉ូលី ដែលនៅទីនោះកងកំលាំងរបស់លោកមូអាម៉ា កាដាហ្វី បានបាញ់ដើម្បីបំបែកបាតុកម្មមួយ។ យោងតាមកាសែតនេះថា បាតុកម្មនេះប្រមូលផ្តុំមនុស្សជិត១០.០០០នាក់។ ពេលពួកបាតុករលើកគ្នាមកដល់ SOUK DJOUMA ពួកគេបានប្រឈមមុខជាមួយពួកជនប្រដាប់អាវុធរបស់លោកកាដាហ្វីដែលស្លៀកពាក់ស៊ីវិល ហើយបាញ់ពួកយុវជនដែលគ្មានអាវុធ។ យុវជនជាច្រើននាក់បានត្រូវរបួស និងស្លាប់។ ពួកជនប្រដាប់អាវុធបន្ទាប់មកបានប្រមូលពួកអ្នកស្លាប់ និងអ្នករបួស និងដោយទាំងពួកអ្នកដំណើរនៅជិតអ្នកត្រូវរបួសផង។ អ្នកកាសែតបរទេសម្នាក់នៅក្រុងទ្រីប៉ូលីរាយការណ៍ថា កងកំលាំងសន្តិសុខបានបាញ់ទៅលើអាកាសដើម្បីបំបែកពួកបាតុករជាច្រើននាក់ដែលប្រឆាំងនឹងលោកកាដាហ្វីនៅសង្កាត់ TADJOURA ។ យោងតាមប្រជាជនថា សង្កាត់នេះនៅភាគខាងកើតរដ្ឋធានីធ្លាប់ជាទីលាននៃការប៉ះទង្គិចគ្នាជាច្រើន។
មេដឹកនាំលីប៊ី លោកកាដាហ្វីថ្លែងកាលពីថ្ងៃទី២៨ កុម្ភៈ ថា ប្រជាជនលីប៊ីនឹងប្រយុទ្ធរួមជាមួយខ្ញុំ ដោយលោកអះអាងថា ចាប់តាំងពី៤១ឆ្នាំមកហើយពុំដែលមានបាតុកម្មប្រឆាំងរបបខ្ញុំឡើយ។
លោកកាដាហ្វីថ្លែងទៅកាន់អ្នកកាសែត ABC ថា ប្រជាជនខ្ញុំទាំងមូលស្រឡាញ់រូបខ្ញុំ ហើយត្រៀមស្លាប់ដើម្បីការពារខ្ញុំ។ មេដឹកនាំលីប៊ីរូបនេះថ្លែងទៀតថា លោកពុំអាចលាលែងចេញឡើយពីព្រោះលោកពុំមែនជាប្រធានាធិបតី ឬក៏ស្តេចមួយអង្គឡើយ។
លោកកាដាហ្វីជាមេដឹកនាំដែលកាន់អំណាចយូរជាងគេបំផុតក្នុងពិភពអារ៉ាប់ពុំមានងារ ឬតំណែងផ្លូវការណាមួយនៅលីប៊ីឡើយ ក៏ប៉ុន្តែគេស្គាល់ត្រឹមតែលោកជាមេដឹកនាំភាតរភាព និងជាមេដឹកនាំបដិវត្តន៍ប៉ុណ្ណោះ។
ក្នុងបទសម្ភាសន៍នោះជាមួយ ABC លោកបានចោទប្រកាន់ពួកអាល់កៃដាថា ជាអ្នកជំរុញពួកយុវជនឱ្យដណ្តើមអាវុធក្នុងទីតាំងយោធាទាំងឡាយដោយលោកបន្តថា លោកមានការងឿងឆ្ងល់ចំពោះឥរិយាបថរបស់លោកខាងលិច។ លោកកាដាហ្វីថ្លែងថា ខ្ញុំឆ្ងល់ណាស់ ពីព្រោះយើងជាសម្ព័ន្ធមិត្តមួយជាមួយលោកខាងលិចដើម្បីតស៊ូប្រឆាំងអាល់កៃដា ហើយពេលនេះយើងកំពុងប្រយុទ្ធប្រឆាំងពួកភេរវករ រួចពួកគេបែរជាបោះបង់យើងចោលទៅវិញ។
ដោយចង់សំដៅលើប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា លោកកាដាហ្វី វាយតម្លៃថា លោកអូបាម៉ា អាចទទួលបានព័ត៌មានបំភ្លៃទាំងឡាយ។ ការអះអាងនេះរបស់លោកកាដាហ្វីធ្វើឡើង ខណៈដែលកងទ័ពអាមេរិកប្រកាសដាក់កងកំលាំងនាវាចរណ៍ និងអាកាសចរណ៍របស់ខ្លួននៅក្បែរជុំវិញលីប៊ី បន្ទាប់ពីសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រីហីុលឡារីគ្លីនតុនដែលគូសបញ្ជាក់ថា កងឯកភាពនាវាចរណ៍អាចប្រើប្រាស់សំរាប់បំពេញបេសកកម្មមនុស្សធម៌ ឬជួយសង្គ្រោះ។ លោកបន្តថា អាមេរិកពុំមែនតម្រួតអន្តរជាតិរបស់ពិភពលោកឡើយ។
ម្យ៉ាងវិញទៀតនាថ្ងៃទី២៨ កុម្ភៈ នោះ លោកកាដាហ្វីបានស្នើដល់អ.ស.បឱ្យបញ្ជូនបេសកកម្មប្រមូលព័ត៌មានមួយមកកាន់លីប៊ី។ លោកកាដាហ្វីក៏បដិសេធផងដែរនូវព័ត៌មានទាំងឡាយដែលថា កងយន្តហោះរបស់លោកវាយប្រហារលើពួកបាតុករ។ ក៏ប៉ុន្តែលោកទទួលស្គាល់ថា បណ្តាយន្តហោះបានទម្លាក់គ្រាប់បែកលើទីតាំងយោធា និងឃ្លាំងស្តុកគ្រាប់រំសេវទាំងឡាយ ៕
ចែករំលែកព័តមាននេះ