ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទណ្ឌិតម្នាក់ ផ្លោះរបង លួចរត់ពីមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន តែប៉ូលិសចាប់បានមកវិញ!

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ យុវជនម្នាក់ ជាទណ្ឌិត បានផ្លោះរបង លួចរត់ចេញពីមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន កាលពីម៉ោង ១១ និង ៣០នាទី…

ខេត្តប៉ៃលិន៖ យុវជនម្នាក់ ជាទណ្ឌិត បានផ្លោះរបង លួចរត់ចេញពីមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន កាលពីម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ​ប៉ូលិស ​ចាប់បានមកវិញ​។ នេះបើតាមរបាយការណ៍របស់ប៉ូលិស​ផែនការងារព្រហ្មទណ្ឌល នៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន។

ទណ្ឌិត ដេល​ផ្លោះរបងពេទ្យ លួចរត់នោះ មាន​ឈ្មោះ លឹម សំបូរ (ហៅ ពៅ) ភេទប្រុស អាយុ ៣៥ឆ្នាំ ជន​ជាតិខ្មែរ បច្ចុប្បន្ន ជាប់ឃុំនៅក្នុងពន្ធនាគារខេត្តប៉ៃលិន។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងមន្រ្តីពន្ធពន្ធនាគារខេត្ត បានសហការសាកសួរ និងប្រមែប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ និងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីនោះ និងបាន​រុករកទណ្ឌិតខាងលើ រហូតដល់វេលាម៉ោង ១៣:៣០នាទី កម្លាំងសមត្ថកិច្ចយើង បានរកទណ្ឌិតខាងលើ ឃើញ ​ដោយ​កំពុងសំងំលាក់ខ្លួន នៅក្នុងរណ្ដៅ ដែលមានស្មៅគ្របពីលើ នៅចំណុចដីមួយកន្លែង​ខាងកើតតារាង​បាល់ទះរបស់ឈ្មោះ ជា អិត ចម្ងាយប្រហែលជា ២០០ម៉ែត្រ ស្ថិតក្នុងភូមិវត្ត សង្កាត់/ក្រុង/ខេត្តប៉ៃលិន។

ទណ្ឌិតនោះ ត្រូវបាន​នាំខ្លួន ទៅ​ធ្វើការសាកសួរ នៅការិយាល័យ​នគរបាលព្រហ្មទណ្ឌកម្រិតស្រាល​នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។​

ការបំភ្លឺរបស់ទណ្ឌិតខាងលើ បង្ហាញថា នៅវេលាម៉ោង ០៨:៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ មន្រ្តីអនុរក្សពន្ធនាគារ បានឲ្យអ្នកទោស ចេញពីបន្ទប់ ដើម្បីហាត់ប្រាណ នៅខាងក្រៅបន្ទប់ ពេលនោះ ខ្លួនជាប្រធានបន្ទប់ បានឆែកឆេរមុនពេលចូលទៅហាត់ប្រាណ ហើយនៅពេលនោះ ខ្លួនកំពុងតែឆែកឆេរស្រាប់តែឈ្មោះ ឡុង ម៉េងហាវ ភេទប្រុស អាយុប្រហែល ២៨ឆ្នាំ ស្ទុះមកវាយខ្លួន និងបានចាប់កាច់ចង្អុលម្រាមដៃខាងឆ្វេង បណ្ដាលឲ្យបាក់​។ បន្ទាប់មក មន្រ្តីអនុរក្សពន្ធនាគារ បានបញ្ជូនខ្លួន មកមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន ដើម្បីដេររបួស ក្រោយពីពេទ្យដេររបួសរួចរាល់ នៅវេលាម៉ោងប្រហែល ១១:៣០នាទី ពេទ្យបានហៅមន្រ្តីអនុរក្សពន្ធនាគារ ចូលទៅក្នុងបន្ទប់ ដើម្បីចុះហត្ថលេខាលើ​ឯកសារឲ្យខ្លួនចេញទៅពន្ធនាគារវិញ ហើយខ្លួនដើរចេញទៅនោមនៅក្បែររបងពេទ្យ ភ្លាមនោះ ខ្លួនក៏បានលួចផ្លោះរបង រត់ចេញមកខាងក្រៅតែម្ដង។

​ទណ្ឌិតដដែល បានសារភាពថា កន្លងមក ខ្លួនមានបញ្ហាជា​មួយនឹងជនជាប់ឃុំដូចគ្នា នៅក្នុងពន្ធនាគារខេត្តប៉ៃលិន ដោយឈ្មោះ ឡុង ម៉េងហាវ ខឹងនឹងខ្លួន បានរាយការណ៍ជូនមន្រ្តីអនុរក្សពន្ធនាគារ អំពីការប្រើប្រាស់ទូរស័ព្ទដៃ ក្នុងពន្ធនាគារ កាលពីអំឡុងខែសីហា  ឆ្នាំ២០២០។

​​ទណ្ឌិតរូបនេះ ជាប់ចោទពីបទ​ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តិនៅភូមិលួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងត្រូវបានតុលាការខេត្តបន្ទាយមានជ័យ កាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល ០៤ឆ្នាំ (ប្រកាសសាលក្រមនៅថ្ងៃទី០៩-០៩-១៨) បានអនុវត្តទោសរយៈ ០២ឆ្នាំ ០៧ខែ នៅសល់រយៈ ០១ឆ្នាំ ០៦ខែទៀត នឹងត្រូវរួចទោស៕

​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ