ខេត្តកែប ៖ លំនៅឋានពលរដ្ឋជាច្រើនគ្រួសារនៅភូមិកែប សង្កាត់កែប ក្រុងកែប ត្រូវបានសាងសង់នៅលើដងផ្លូវសាធារណៈយ៉ាងច្រើនស្អេកស្កះ ដែលមតិសាធារណៈបានស្តីបន្ទោសទៅលើអាជ្ញាធរថា មិនគួរឱ្យពលរដ្ឋមកសាងសង់លំនៅឋានច្រើនបែបនេះទេ ព្រោះការសាងសង់មានរាប់រយគ្រួសារសុទ្ធតែនៅលើផ្លូវសាធារណៈក្នុងក្រុង ។ ដោយអាជ្ញាធរខេត្តចាប់ផ្តើមរៀបចំធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឡើងវិញនេះ សំណង់នៅលើផ្លូវសាធារណៈក្នុងទីរួមខេត្ត ត្រូវបណ្តេញចេញក្នុងពេលឆាប់ៗនេះហើយ ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះឆេង នីម ភេទស្រី អាយុ២៦ឆ្នាំ បានធ្វើផ្ទះនៅលើទ្រូងផ្លូវជាតិ បានប្រាប់ថា គាត់មករស់នៅភូមិកែបនេះតាំងពី ឆ្នាំ២០០០។ ស្ត្រីរូបនេះបាននិយាយថា គាត់មានស្រុកកំណើតនៅឯស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នប្តីជាមេគ្រួសារធ្វើការនៅសាលាខេត្តកែប រីឯគាត់ជាប្រពន្ធលក់ដូរបន្តិចបន្តួចនៅតាមឆ្នេរកែប ពេលមានរដូវបុណ្យទានម្តងម្កាល។ ស្ត្រីរូបនេះបាននិយាយថា គាត់មានការព្រួយបារម្ភដែរ ព្រោះដឹងថា បានរស់នៅលើផ្លូវសាធារណៈ តែបើអាជ្ញាធរបណ្តេញចេញមិនដឹងជាពួកគាត់ទៅរស់នៅទីណាទេ ព្រោះកន្លងមកសង់ផ្ទះលើផ្លូវអត់មានអ្នកណាហាមឃាត់ឡើយ។
លោកគិត ហ៊រ ប្រធានសហគមន៍ពលរដ្ឋគ្មានដីធ្លីបានប្រាប់កោះសន្តិភាពថា ប្រជាពលរដ្ឋដែលសាងសង់លំនៅឋាននៅលើផ្លូវសាធារណៈក្នុងភូមិកែប សង្កាត់កែបនេះមានចំនួន១៧២គ្រួសារ។ លោកប្រធានសហគមន៍បានបញ្ជាក់ថា ពលរដ្ឋដែលរស់នៅគ្មានអ្វីជាពឹងទេ គឺមកពីគ្រប់ទិសទី ។ លោកគិត ហ៊រ មានប្រសាសន៍បញ្ជាក់ថា លោកមានសំណើមួយទៅមូលនិធិអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រនៅភ្នំពេញ ដើម្បីសុំថវិកាមួយចំនួនមកជួយប្រជាពលរដ្ឋ ដែលរស់នៅលើផ្លូវសាធារណៈមានលទ្ធភាពអាចចាកចេញ។
លោកម៉ម ទូច ប្រធានមន្ទីរសាធារណៈការខេត្តកែប មានប្រសាសន៍ថា ផ្លូវចាស់-ថ្មីនៅក្រុងកែបត្រូវធ្វើការអភិវឌ្ឍន៍ឡើងវិញនៅឆ្នាំ២០១១ និង២០១២ ខាងមុខនេះ នឹងត្រូវឈូសឆាយទាំងអស់ ចំណែកការពាក់ព័ន្ធនឹងលំនៅឋានរបស់ពលរដ្ឋមកសង់នៅបែបអនាធិបតេយ្យ លើផ្លូវបែបនេះគឺខាងអាជ្ញាធរខេត្តជាអ្នកចាត់ចែងដោះស្រាយ។
ពលរដ្ឋម្នាក់ទៀតឈ្មោះឃីន សារ៉េត និងប្រពន្ធឈ្មោះឆាយ ស្រី អាយុ៤២ឆ្នាំ រស់នៅលើផ្លូវសាធារណៈជាប់នឹងរបងមន្ទីរសូរិយោដីខេត្តបានប្រាប់ថា គាត់មករស់នៅខេត្តកែបនេះតាំងពីឆ្នាំ១៩៩១ កាលនោះ គាត់ធ្វើជាទាហាន ។ បុរសរូបនេះនិយាយថា បច្ចុប្បន្ននេះគាត់មានកូនប្រុស-ស្រី៦នាក់ទៅហើយ និងគ្មានដីមួយចំរៀកសម្រាប់ចែកកូនទេ ហើយបើអាជ្ញាធរបណ្តេញចេញទៀតពួកគាត់ពិតជាវេទនា
ហើយ ។ ស្ត្រីម្នាក់ទៀតបានអះអាងថា ពួកគាត់នៅលើដងផ្លូវខាងក្រោយមន្ទីរសុរិយោដីខេត្តនេះតាំងពីព្រៃដុះស៊ុបទ្រុបមកម៉្លេះ បើគិតទៅជាង១៥ឆ្នាំហើយ។ តែមុននឹងធ្វើការចាកចេញដោយមិនបានទទួលថវិកាសំណងផ្លាស់ប្តូរណាមួយសមរម្យគឺពួកគាត់មិនចេញទេ។
លោកណុប សំអុន ចៅសង្កាត់កែបមានប្រសាសន៍ថា សំណង់អនាធិបតេយ្យដែលបានសង់នៅខុសច្បាប់នេះត្រូវបានផ្អាកឈប់ឱ្យពលរដ្ឋសាងសង់បន្តហើយ។ គេបានកត់សម្គាល់ឃើញថា កន្លងមកពលរដ្ឋរស់នៅក្នុងអគារបឹងហ្គាឡូជាប់នឹងសាលាខេត្តត្រូវបានអាជ្ញាធរបណ្តេញឱ្យចេញទាំងបង្ខំផងដែរ ប៉ុន្តែមិនដឹងថាករណីនេះអាជ្ញាធរនឹងដោះស្រាយដោយវិធីណាទេ៕


ចែករំលែកព័តមាននេះ