ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WB ​អនុម័ត​ឥណទាន​400​លាន​ដុល្លារ​ឱ្យ​មី​យ៉ា​ន់​ម៉ា​ប្រើ​ក្នុង​វិស័យ​អគ្គិសនី

8 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ធនាគារពិភពលោក​(WB)​ប្រកាស​ថា ខ្លួន​បាន​អនុម័ត​ឥណទាន​ឥត​ការ​ប្រាក់​ចំនួន​៤០០​លាន​ដុល្លារ​ដើម្បី​ផ្តល់​ជា​ហិរញ្ញវត្ថុ​និង​ជំនួយ​ផ្នែក​បច្ចេកទេស​នៅ​ក្នុង​ការ​នាំ​មក​នូវ​ថាមពល​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ធនាគារពិភពលោក​(WB)​ប្រកាស​ថា ខ្លួន​បាន​អនុម័ត​ឥណទាន​ឥត​ការ​ប្រាក់​ចំនួន​៤០០​លាន​ដុល្លារ​ដើម្បី​ផ្តល់​ជា​ហិរញ្ញវត្ថុ​និង​ជំនួយ​ផ្នែក​បច្ចេកទេស​នៅ​ក្នុង​ការ​នាំ​មក​នូវ​ថាមពល​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​៦,២​លាន​នាក់​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ។

ឥណទាន​នេះ​នឹង​ជួយ​គាំទ្រ​ដល់​ផែនការ​អគ្គិសនី​ជាតិ​របស់​មី​យ៉ា​ន់​ម៉ា​(NEP) ហើយ​ក៏​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​ធនាគារពិភពលោក​ដែរ បន្ទាប់​ពី​អង្គការ​ឃ្លាំងប្រាក់​យក្ស​មួយ​នេះ​ទទួល​បាន​សំណើ​មួយ​ពី​ក្រសួង​ថាមពល​អគ្គិសនី​(MOEP) កាលពីដើម​ឆ្នាំ​នេះ ។

ប៉ុន្តែ​កម្មវិធី​ឥណទាន​នេះ​ដែរ​ត្រឹមតែ​ត្រូវ​បាន​អនុម័ត​ដោយ​សភា​កាលពី​ខែសីហា​កន្លង​មក​ប៉ុណ្ណោះ ក្រោយ​ពី​មានការ​ពិចារណា​អស់​រយៈពេល​បី​បួន​ខែ​ជំទាស់​នឹង​កម្មវិធី​ឥណទាន​នេះ ដែល​ស្នើ​ឡើង​ពី​ក្រសួង​ដទៃ ។ មួយវិញទៀត​ឥណទាន​រយៈពេល​៣២​ឆ្នាំ​នេះ គឺ​ពុំ​គិតការ​ប្រាក់​អ្វី​ឡើយ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​លើ​ថ្លៃ​សេវា​ប្រមាណ​ជា​០,៧៥% ។

តាម​សេចក្តីថ្លែងការណ៍​មួយ​របស់​សាមី​ធនាគារ​បញ្ជាក់​ថា ក្រុមហ៊ុន​ប្រឹក្សា​នាយក​ប្រតិបត្តិ​របស់​ខ្លួន​(WB) បាន​អនុម័ត​នូវ​ឥណទាន​ពី​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ​ដែល​ជា​មូលនិធិ​ជួយ​បណ្តា​ប្រទេស​ក្រីក្រ​បំផុត​របស់​ធនាគារ​យក្ស​នេះ​ដើម្បី​ផ្តល់​នូវ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​ដល់​គម្រោង​អគ្គិសនី​របស់​មី​យ៉ា​ន់​ម៉ា (NEP) ។

គួរ​បញ្ជាក់​ថា ជាង​៧០%​នៃ​អត្រា​ប្រជាជន​របស់​មី​យ៉ា​ន់​ម៉ា​ពុំ​មាន​អគ្គិសនី​ប្រើប្រាស់ និង​បណ្តាញ​ភ្លើង​ត​ភ្ជាប់​ទៅ​តាម​បណ្តា​ទីប្រជុំជន​និង​ភូមិ​ឃុំ​នានា​ឡើយ ។ ទោះជា​យ៉ាងណា​មី​យ៉ា​ន់​ម៉ា​ត្រូវការ​ការ​វិនិយោគ​ដ៏​ធំធេង​នៅ​ក្នុង​ការ​បង្កើត​អគ្គិសនី ក៏​ដូច​ជា​ការ​ផ្ទេរ​ថាមពល​ទៅ​ក្នុង​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ផង​ដែរ ។

អគ្គនាយក​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​នេះ​លោក Ulrich Zachau បាន​ថ្លែង​ថា​«​គម្រោង​ទឹកប្រាក់​៤០០​លាន​ដុល្លារ​នេះ នឹង​ជួយ​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ដោយ​ប្រទាក់ក្រឡា​គ្នា​ទៅ​តាម​ទីប្រជុំជន​នានា ហើយ​ថែម​ទាំង​ជា​ការ​បើកភ្លើង​បំភ្លឺ​ដល់​តាម​បណ្តា​សាលារៀន មន្ទីរពេទ្យ និង​ភូមិ​ដាច់​ស្រយាល​នានា​ផង​ដែរ » ។  «​យើង​ស្វាគមន៍ និង​គាំទ្រ​ទិស​ដៅ​របស់​មី​យ៉ា​ន់​ម៉ា​នៅ​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​ប្រតិបត្តិ​អគ្គិសនី​ជាស​កល​នៅ​ឆ្នាំ​២០៣០»​។

គម្រោង​នេះ​ដែរ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នាំ​មក​នូវ​ថាមពល​ដល់​លំនៅ​ឋាន​ប្រមាណ​ជា​១,២​លាន​ខ្នង​ផ្ទះ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​នៅ​ឆ្នាំ​២០២១ ។ ម្យ៉ាងទៀត​វា​[​គម្រោង​]​មាន​ទិស​ដៅ​ពង្រីក​នូវ​ការ​ប្រទាក់ក្រឡា​នៃ​បណ្តាញ​ភ្លើង​ដែល មាន​ស្រាប់​តាម​រយៈ​ការ​បន្ថែម​នូវ​បណ្តាញ​ចែក ចាយ​នៃ​កម្រិត​វ៉ុល​មធ្យម​និង​ទាប ហើយ​វា​ក៏​បាន​ធ្វើ​អគ្គិសនី​កម្ម​បែប​ក្រឡា​អុក​ផង​ដែរ​ជាមួយនឹង​បណ្តា​សូ​ឡា​ខ្នាត​តូច​នៅ​តាម​ទី​ជនបទ​នានា ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​ព័ត៌មាន ។

ក្រសួង​ថាមពល​អគ្គិសនី នឹង​ចំណាយ​ប្រមាណ​ជា​៣១០​លាន​ដុល្លារ​ដើម្បី​ពង្រីក​បណ្តាញ​នៃ​ការ​ផ្ទេរ​ថាមពល​នោះ ហើយ​ទឹកប្រាក់​៩០​លាន​ដុល្លារ​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​ផ្តល់​ជា​ប្រាក់​វិ​ភោជន៍​ពី​ក្រសួង​អភិវឌ្ឍន៍ជនបទ ។

លោក Maw Thar Htwe អនុរដ្ឋមន្ត្រី​ថាមពល​អគ្គិសនី​បាន​ប្រាប់​សារព័ត៌មាន Myanmar Times កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ថា ផែនការ​អគ្គិសនី​កម្ម​នៅ​ទី​ជនបទ​នឹង​ធ្វើ​ឡើងជា​បី​ដំណាក់កាល​ដូច​ជា បន្ថែម​បណ្តាញ​ទាំងនោះ​ក្នុង​រយៈ​ចម្ងាយ​៣,២​គីឡូម៉ែត្រ​នៃ​បណ្តាញ​របស់​ជាតិ បន្ទាប់​មក​ពង្រីក​៥០​គីឡូម៉ែត្រ និង​ចុង​ក្រោយ​បន្ថែ​មកា​រត​ភ្ជាប់​ឆ្ងាយ​ជាង​នេះ ។

តាម​របាយការណ៍​របស់​ធនាគារពិភពលោក​កាលពី​ថ្ងៃ​៥​មិថុនា បង្ហាញ​ថា ការ​ប្រើប្រាស់​ថាមពល​របស់​មី​យ៉ា​ន់​ម៉ា​គឺ​ស្ថិត​ក្នុង​ចំណោម​កម្រិត​ទាប​ជាងគេ​បំផុត​នៅ​លើ​ពិភព​លោក ជាមួយនឹង​៧០%​នៃ​អត្រា​ប្រជាជន និង​៨៤%​នៃ​លំនៅ​ឋាន​ជនបទ​ដែល​ពុំ​មាន​អគ្គិសនី​ប្រើប្រាស់ ។

ធនាគារ​បាន​បន្ត​ទៀត​ថា «​អគ្គិសនី​កំពុង​កើនឡើង​លឿន ។ ក្នុងអំឡុងពេល​៥​ឆ្នាំ​មុន អគ្គិសនី​ដែល​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​អាជ្ញាធរ​ជាតិ​បាន​កើន​ឡើងជា​មធ្យម​ប្រមាណ​ជា​១៥%​ក្នុង​មួយ​ឆ្នាំ និង​សម្រេច​បាន​៩,៦Terrawatt ម៉ោង​កាលពី​ឆ្នាំ​២០១៣ » ។

កា​រត​ភ្ជាប់​ថ្មី​ប្រមាណ​ជា​៧,២​លាន​នាក់​ត្រូវ​តែ​បន្ថែម​នៅ​ឆ្នាំ​២០៣០​ដើម្បី​សម្រេច​នូវ​មហិច្ឆតា​ក្នុង​ទិស​ដៅ​អគ្គិសនី​កម្ម​១០០% របស់​រដ្ឋាភិបាល​ដែល​ផ្តល់​នូវ​កា​រត​ភ្ជាប់​ថ្មី​ជា​មធ្យម​៤៥០.០០០​នាក់​ក្នុង​មួយ​ឆ្នាំ​ដែល​ច្រើន​ជាង​អត្រា​បច្ចុប្បន្ន​ទ្វេ​ដង ។

ជាង​នេះ​ទៅ​ទៀត ខ្លួន​បាន​វាយតម្លៃ​ថា តម្លៃ​សរុប​ក្នុងអំឡុងពេល​១៦​ឆ្នាំ​គឺ​៥,៨​ប៊ី​លាន​ដុល្លារ​ដែល​បន្ថែម​នៅ​ក្នុង​ការ​វិនិយោគ​លើក​ការ​បង្កើត​និង​ផ្ទេរ​ថាមពល​អគ្គិសនី​ដែល​ផ្តល់​នូវ​ការ​សម្រេច​បាន​នូវ​តម្រូវការ ។

ចំណែក​ក្រសួង​ថាមពល​អគ្គិសនី​លើក​ឡើង​ថា សមត្ថភាព​ដែល​ដំឡើង​បាន​៤២៥៥​មេ​ហ្គា​វ៉ា​ត់របស់​មី​យ៉ា​ន់​ម៉ា ភាគច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រោងចក្រ​ថាមពល​វា​រី​អគ្គិសនី​(៧០%) និង​ឧស្ម័ន​ធម្មជាតិ​២៧% ។

តាម​ស្ថិតិ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​បង្ហាញ​ថា ក្រសួង​បាន​និង​កំពុង​ស្ទង់​មើល​តាម​បណ្តា​ភូមិ​នានា​នៅ​ក្នុង​រដ្ឋ Shan , Kachin , Chin និង​រដ្ឋ Kayin ដែល​នឹង​ត្រូវ​បាន​គេ​ជ្រើស​យក​ជា​អាទិភាព​ស្ថិត​ក្រោម​គម្រោង​ផែនការ​អគ្គិសនី​កម្ម​របស់​ជាតិ​ដែល​ទំនងជា​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​សារពើពន្ធ​២០១៦-២០១៧​។ ជាង​នេះ​ទៅ​ទៀត ក្រសួង​បាន​និង​កំពុង​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​អគ្គិសនី​នៅ​តាម​ទី​ជនបទ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ចាប់តាំងពី​ឆ្នាំ​សារពើពន្ធ​២០១៣-២០១៤​ដោយ​ប្រើប្រាស់​ថវិការដ្ឋ ។

លោក Daw Soe Soe Ohn អ្នកគ្រប់គ្រង​គម្រោង​កម្មវិធី​NEP​ដែល​ស្ថិត​ក្រោម​ចំណុះរ​សប់​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ថ្លែង​ថា « ភូមិ​២៣០៨​ផ្សេង​ទៀត​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ដោយ​ចរន្តអគ្គិសនី​នៅ​ឆ្នាំ​នេះ​ដែល​ប្រើប្រាស់​មូលនិធិ​រដ្ឋ » ។

គួរ​រំលឹក​ផង​ដែរ​ថា World Bank Group បាន​ប្រកាស​ពី​គម្រោង​ពង្រីក​ហិរញ្ញវត្ថុ​ចំនួន​១​ប៊ី​លាន​ដុល្លារ​ដើម្បី​ជួយ​គាំទ្រ​ដល់​ការ​បង្កើត​ថាមពល​អគ្គិសនី ការ​ផ្ទេរ​និង​ការ​ចែកចាយ​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាលពី​ខែមករា​ឆ្នាំ​២០១៤ ៕