ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្លង​ដែនជនជាតិវៀតណាមដាក់​កាំភ្លើងតាមខ្លួន ផឹកស៊ី​ក្នុង​កាស៊ីណូ​ផ្ទុះជម្លោះបាញ់បោះបង្ករបួសសន្តិសុខខ្មែរ២នាក់

15 ឆ្នាំ មុន

ខេត្ត​រតន​គីរី​ ៖ ជនជាតិ​វៀត​ណាមចំនួន​​៦​នាក់​ដែល​​ឆ្លង​ដែន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​អូរ​យ៉ា​ដាវ​បាន​ត្រូវ​សមត្ថ​កិច្ច​ប៉េ​អឹម​ចាប់​ឃាត់​ខ្លួន​​ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​វាយ​តប់​ និង​បាញ់​បោះ​ជា​ច្រើន​គ្រាប់​បណ្តាល​ឱ្យ​កង​សន្តិ​សុខ​ក្រុម​ហ៊ុន​រង​របួស​ចំនួន​​២​នាក់​។ ជន​ជាតិ​វៀត​ណាម​ទាំង​៦​នាក់​នេះ​ចូល​​មក​កម្ពុជា​​ដើម្បី​ចូល​រួម​ក្នុង​កម្ម​វិធី​កាត់​ចំណង​ដៃ​នៅ​រាត្រី​ថ្ងៃ​ទី​២៧​ មីនា របស់​មេ​ការ​កា​ស៊ី​ណូនៅ​ក្នុង​បរិ​វេណ​ទី​ធ្លា​កា​ស៊ីណូ​មួយកន្លែងពុំ​មាន​យី​ហោ​នៅ​ជាប់​នឹង​ព្រំ​ដែន​កម្ពុជា​-វៀត​ណាម​ ​។

តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​កម្ម​វិធី​នោះ​មាន​ការ​រាំ​លេង​កំសាន្ត​ ហើយ​ទំនាស់​កើត​ឡើង​​ដោយ​សារ​ជន​ជាតិ​វៀត​ណាម​ទាំង​​នោះ​​លលេង​ជា​មួយ​ស្ត្រី​បុគ្គ​លិក​កាស៊ីណូ​ក្នុង​រូប​ភាព​មិន​គោរព​ប្រពៃ​ណី​វប្ប​ធម៌ និង​តម្លៃ​នារី​ខ្មែរ​ ទើបក្រុមសន្តិ​សុខ​ធ្វើ​អន្តរា​គមន៍​ដោយ​សារ​ពួក​នារី​បុគ្គលិក​កា​ស៊ីណូ​ពឹង​ពាក់​​ឱ្យ​ជួយ​ការ​ពារ​ហើយ​ក៏​ឈាន​ដល់​ទំនាស់​​កើត​ឡើង​។ ភាគី​បង្ក​ទំនាស់​ជា​ជន​ជាតិ​វៀត​ណាម​ហើយ​ក៏​ជា​កង​កម្លាំង​ដែល​មាន​បុណ្យ​ស័ក្តិ​អំណាច​ និង​មាន​កាំ​ភ្លើង​ខ្លី​នៅ​ក្នុង​ដៃ​ទើប​ហ៊ានមាក់​ងាយ​សន្តិ​សុខ​ និង​បង្ក​ការ​វាយ​តប់​បាញ់​បោះ​ស្រេច​តែ​អំពើ​ចិត្ត​។

ប្រភពដដែល​​បាន​បន្ត​ថា អ្នក​រង​គ្រោះ​មាន​ចំនួន​ពីរ​នាក់​ដោយ​សារ​ការ​វាយ​តប់​ និង​កាប់​ដោយ​ដាវ​សាមួរ៉ៃ​​ ប៉ុន្តែ​មិន​បាន​ប្រាប់​ឈ្មោះ​​ឱ្យ​ដឹង​ទេ ​គឺ​ជា​កង​សន្តិ​សុខ​របស់​ក្រុម​ហ៊ុន​មួយ​។ ឯ​អ្នក​បង្ក​ជា​ជនជាតិ​​វៀត​ណាម​ និង​ជា​កងកម្លាំង​ប្រដាប់​អាវុធ​មាន​គ្នា​១០​នាក់​ត្រូវ​បានកម្លាំង​​ប៉េ​អឹម​ស្រុក​អូរ​យ៉ា​ដាវ​ឃាត់​ខ្លួន​​ចំនួន​៦​នាក់​កសាង​សំណុំ​រឿង​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ តែ​ពុំ​បាន​ប្រាប់​ឈ្មោះ​ឱ្យ​ដឹង​ទេ។ ជន​ជាតិ​វៀត​ណាម​ទាំង​នេះ​ត្រូវ​បាន​ប៉ូលិស​ច្រក​ទ្វារ​អូរ​យ៉ា​ដាវ​អនុញ្ញាត​ឱ្យ​ចូល​មក​​ប្រទេស​កម្ពុជា។

មាន​ការ​ស្តី​បន្ទោស​ថា ជនបរទេស​ទាំង​អស់​ដែល​ចូល​មក​កម្ពុជា​ត្រូវ​តែ​មាន​ការ​ត្រួត​ពិនិត្យ​ពី​សំណាក់​ប៉ូលិស​ច្រក​ទ្វារ​ ចុះ​ហេតុ​អ្វី​អនុ​ញ្ញាត​ឱ្យ​នាំ​យក​អាវុធ​ចូល​មក​​ខុស​ច្បាប់​បែប​នេះ ហើយ​ហួស​ពេល​រហូត​ដល់​ម៉ោង​១២អធ្រាត្រ​​។ ទាក់​ទិននឹង​ហេតុ​ការណ៍​ខាង​លើ​ត្រូវ​បាន​លោក​ឡុង រក្ខា ប្រធាន​ប៉ូលិស​អន្តោ​ប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​​អូរ​យ៉ា​ដាវ​បំភ្លឺ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មីនា ថា ជន​ជាតិ​វៀត​ណាម​ទាំង​នោះ​មក​​ចូល​រួម​ក្នុង​ពិ​ធី​កាត់​ចំណង​ដៃ​ ហើយពុំ​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​ទេ ឯ​ជន​ជាតិ​ខ្មែរ​ទាំង​ពីរ​នាក់​នោះ​រត់​ដេញ​​គ្នា​ លុះ​មក​ដល់​កន្លែងប្រារព្ធ​ពិធី​ក៏ដួល​រលាត់​កែង​ដៃ​​គឺ​មិន​មាន​ការ​វាយ​តប់​គ្នា​នោះ​ទេ​។ ចំណែក​ប្រភព​ផ្សេង​មួយ​ទៀត​និយាយ​ថា នៅ​មាត់​អូរ​ក្បែរ​ព្រំ​ដែន​ក្រោយ​កា​ស៊ីណូ​មាន​សព​ជន​ជាតិ​វៀត​ណាម​ម្នាក់​ស្លាប់​ស្អុយ​រលួយ​នៅ​ទី​នោះ​ ដោយ​ពុំ​ស្គាល់​អត្ត​សញ្ញាណ​ ឬ​មាន​សាច់​ញាតិ​​ស្គាល់​នោះ​ទេ ហើយ​ក៏​ពុំ​ដឹង​ពីមូល​ហេតុ​នោះ ដែរ។ ប៉ុន្តែ​ប្រភព​ខ្លះនិយាយ​ថា ទំនង​មាន​ទំនាស់​ដោយ​សារ​ដណ្តើម​​គ្នា​ទិញ​ឈើ​គ្រញូង​ពី​ខ្មែរ​នៅ​ជាប់​ព្រំ​ដែន​។ លោក​ឡុង រក្ខា ប្រាប់​ថា ដី​នោះ​មិន​មែន​ជា​តំបន់​​ដែល​លោក​គ្រប់​គ្រង​ទេ ហើយ​មិន​អាច​ចុះ​ទៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ​នៅ​ទី​នោះ​បាន​ឡើយ​។

សូម​បញ្ជាក់​ថា ​កាស៊ី​ណូ​នៅ​ព្រំ​ដែន​អូរ​យ៉ា​ដាវ​មាន​ចំនួន​ពីរ​កន្លែង​ គឺ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​បរិ​វេណ​ដី​របស់​លោក​ឧក​ញ៉ា​ទ្រី ភាព និង​​មួយ​កន្លែង​ទៀត​ដែល​កើត​មាន​ទំនាស់​នេះស្ថិត​នៅ​លើ​ទួល​ ដោយ​មាន​មេ​កា​រ​ឈ្មោះ​សុខ គឹម​សាន​ ។ កាស៊ីណូ​ទាំង​ពីរ​នេះ​បើ​តាម​ប្រភព​បាន​បង្ហើប​ថា គ្រាន់​តែបើ​ក​សាក​ល្បង​ ហើយ​អ្នក​ចូល​លេង​ទី​នោះ​មាន​ទាំងជន​ជាតិ​វៀត​ណាម​ និង​ជន​ជាតិ​ខ្មែរ ៕