ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​នយោ​បាយ​ទឹក​៤មីនា ៖ កម្ពុជា​មាន​ភ័ព្វ​សំណាង​មិន​ខ្វះ​ខាត​ទឹក

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោក​លឹម គាន​ហោ រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម និង​ជា​​ប្រធាន​អាជ្ញា​ធរ​ទន្លេ​សាប​​មាន​ប្រសាសន៍​ថា បញ្ហា​ទឹក​ជា​បញ្ហា​សំខាន់​ណាស់ គឺ​ជា​ប្រធាន​បទ​មួយ​សំរាប់​បច្ចុ​ប្បន្ន​ភាព​របស់​​សកល​លោក​ទាំង​មូល។ រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​៤ មីនា ជា​ទិវា​នយោ​បាយ​ទឹក​សំរាប់​កម្ពុជា។ លោក​រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម​​​មាន​ប្រសាសន៍​បែប​នេះ​នា​រសៀល​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០១១ ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​ទីស្តី​ការ​អាជ្ញា​ធរ​ទន្លេ​សាប​​ស្ថិត​នៅ​ជិត​ក្បាល​ថ្នល់ ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​នយោ​បាយ​ទឹក​៤​មីនា។

លោក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា នៅ​សាកល​លោក​យើង​ទាំង​មូល​បច្ចុ​ប្បន្ន​កំពុង​ជួប​កង្វះ​ខាត​ទឹក។ ដូច្នេះ​នៅ​កម្ពុជា​យើង​មាន​ភ័ព្វ​​វាសនា​ដោយ​មាន​ទឹក​បរិ​​បូរណ៍​ ដែល​ខុស​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​ចោទ​ពី​បញ្ហា​ទឹក​នេះ។
ចំពោះ​ទឹក​សាប​នៅ​លើ​សកល​លោក​គឺ​មាន​តែ​២,៨%​​ប៉ុណ្ណោះ នៅ​សល់​៩៧,៥%​សុទ្ធ​សឹង​ជា​ទឹក​ប្រៃ។ ដូច្នេះ​បរិ​មាណ​មាន​ចំនួន​តិច​ណាស់​បើ​ប្រៀប​ធៀប​ចំនួន​ប្រជា​ពល​រដ្ឋ​ក្នុង​ពិភព​លោក​ទាំង​មូល ក៏​ដូច​ជា​កំណើន​ប្រជា​ពល​រដ្ឋ​ដែល​កើត​ជា​រៀង​រាល់​ថ្ងៃ។ នេះ​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឱ្យ​សកល​លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ចំណោទ​​លើ​បញ្ហា​ទឹក​នេះ។

ពាក់​ព័ន្ធ​នឹង​ពាក្យ​នយោ​បាយ​ទឹក​នេះ លោក​រដ្ឋ​មន្ត្រី​ធន​ធាន​ទឹក​បញ្ជាក់​ថា គឺ​បាន​ប្រើ​ប្រាស់​តាំង​ពី​ព្រះ​ករុណា សម្តេច​ឪ សម្តេច​តា សម្តេច​តាទួត ព្រះ​អង្គ​បាន​ប្រើ​ពាក្យ​នយោ​បាយ​ទឹក​សំរាប់​កម្ពុជា សំខាន់​ណាស់ យើង​អាច​និយាយ​បាន​ថា ទឹក​ជា​មាសស។ ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន លោក​បាន​ផ្តល់​អាទិ​ភាព​ចំពោះ​បញ្ហា​ទឹក​នេះ ដូច​សម្តេច​ធ្លាប់​មាន​ប្រសាសន៍​ថា អ្វី​ដែល​សំខាន់​បំផុត​គឺ​ទឹក ផ្លូវ ភ្លើង មនុស្ស។ ដូច្នេះ​កត្តា​ទឹក​នេះ​គឺ​ជា​កត្តា​ចំបង​របស់​រាជ​រដ្ឋា​ភិបាល​ ដែល​ដឹក​នាំ​ដោយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី។ យើង​​ប្តេជ្ញា​អនុ​វត្ត​តាម​​​អនុ​សាសន៍​របស់​សម្តេច​តេជោ ធ្វើ​យ៉ាង​ណា​​ឱ្យ​ការ​ដោះ​ស្រាយ​ទឹក​នៅ​កម្ពុជា​នេះ​បាន​ល្អ​ប្រសើរ។

លោក​រដ្ឋ​មន្ត្រី​​បាន​លើក​បង្ហាញ​​ការ​ប្រើ​ប្រាស់​នយោ​បាយ​ទឹក​ចាប់​តាំង​ពី​ព្រះ​ករុណា​សម្តេច​ឪ សម្តេច​តា សម្តេច​តាទួត និង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ការ​រីក​ចំរើន​ខាង​វិស័យ​នយោ​បាយ​ទឹក​នេះ គឺ​ប្រសើរ​បំផុត​មាន​មោទន​ភាព​ជាតិ​ខ្ពស់​ដែល​មាន​ប្រមុខ​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល​របស់​យើង​យក​ចិត្ត​ទុក​ដាក់​ ហើយ​ផ្តល់​អាទិ​ភាព​សំខាន់​បំផុត​លើ​ការ​ដោះ​ស្រាយ​ទឹក។ ទិវា​នយោ​បាយ​ទឹក​៤​មីនា នេះ គឺ​ចង់​ធ្វើ​ឱ្យ​​​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទាំង​អស់​ស្គាល់​នូវ​សក្តា​នុពល​ដែល​ខ្លួន​មាន គឺ​កម្ពុជា​មាន​ទឹក​ទន្លេ​មេគង្គ ទឹក​ទន្លេ​សាប ទឹក​ទន្លេ​បាសាក់ បណ្តា​បឹង ស្ទឹង​​របស់​យើង​ដែល​សុទ្ធ​ជា​ទឹក​ស្អាត។ ដូច្នេះ​សូម​យល់​ដល់​សក្តា​នុពល​ដែល​កម្ពុជា​មាន ហើយ​​ចេះ​ប្រើ​ប្រាស់​ទឹក​នេះ​ឱ្យ​បាន​សម​ស្រប​ និង​ត្រឹម​ត្រូវ​ជា​ទីបំផុត។

លោក​រដ្ឋ​មន្ត្រី​​អំពាវ​នាវ​ដល់​ដៃគូ​អភិ​វឌ្ឍន៍​​នានា ពិសេស​បណ្តា​មិត្ត​របស់​កម្ពុជា​ក្នុង​​សកល​លោក​ទាំង​មូល សូម​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​ពង្រីក និង​គ្រប់​គ្រង​​សក្តា​នុពល​ទឹក​ដែល​កម្ពុជា​មាន។ រាជ​រដ្ឋា​ភិបាល​កម្ពុជា​មិន​មែន​ត្រឹម​កំណត់​យក​ថ្ងៃ​៤​មីនា ធ្វើ​ជា​ទិវា​នយោ​បាយ​ទឹក​ប៉ុណ្ណោះ​ទេ តែ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​និង​កំពុង​ធ្វើ​ការ​ជា​ប្រចាំ​នូវ​ការ​ដោះ​ស្រាយ​ទឹក​​ជូន​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ប្រមាណ​៨០​ទៅ​៨៥% ជា​កសិ​ករ ហើយ​កំពុង​ដោះ​ស្រាយ​ទឹក​នេះ​បង្កើត​ទៅ​ជា​ថាម​ពល​អគ្គិ​សនី​ (វារី​អគ្គិ​សនី)។ ទន្ទឹម​នេះ ក៏​កំពុង​គិត​គូរ​ទៅ​ដល់​ការ​រក្សា​ឱ្យ​បាន​នូវ​គុណ​ភាព​ទឹក ហើយ​ដែល​គុណ​ភាព​ទឹក​នេះ​ពាក់​ព័ន្ធ​​ទៅ​ដល់​ប្រព័ន្ធ​អេកូ​ឡូស៊ី​ទាំង​មូល។ បើ​សិន​ជា​មិន​បាន​គិត​គូរ​ដល់​គុណ​ភាព​ទឹក​នោះ​ទេ គឺ​យើង​នឹង​ជួប​មហន្ត​រាយ​ទៅ​ថ្ងៃ​អនា​គត។

ចំពោះ​កម្ពុជា លោក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា បើ​និយាយ​អំពី​សក្តា​នុពល​ទឹក គឺ​អាច​បំរើ​ដល់​វិស័យ​កសិ​កម្ម។ តួលេខ​ឆ្នាំ​២០១០ សក្តា​នុពល​ពង្រីក​រហូត​ដល់​ទៅ​ជាង​១លាន​ហិកតា។ បើ​ធ្វើ​ការ​ប្រៀប​ធៀប​សក្តា​នុពល​ទឹក​គ្រប់​គ្រង និង​ចាត់​ចែង​រួច​មក​ហើយ​នេះ លើ​ផ្ទៃ​ដី​បង្ក​បង្កើន​ផល​នៅ​ឆ្នាំ​១៩៦៧ ដែល​ចាត់​ទុក​ថា​ជា​​ផ្ទៃ​ដី​បង្ក​បង្កើន​ផល​ខ្ពស់​បំផុត​សម័យ​កាល​មុន គឺ​មាន​ជាង​២​លាន​ហិកតា នោះ​គឺ​ដោះ​ស្រាយ​បញ្ហា​ទឹក​បាន​រហូត​ទៅ​ដល់​៤៩,៩៥% នៃ​ផ្ទៃដី​បង្ក​បង្កើន​ផល។ នៅ​រយៈ​​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​ងារ​ដោះ​ស្រាយ​ទឹក​នេះ ពិសេស​ធារា​សាស្ត្រ​នេះ​តែ​ម្តង ដោយ​ឡែក​គឺ​ឈាន​ទៅ​ដល់​សក្តា​នុពល​រហូត​ទៅ​ដល់​២.៦៦៥.៧៨៧​ហិកតា នេះ​ផ្ទៃ​ដី​បង្ក​បង្កើន​ផល​ទាំង​ប្រាំង និង​វស្សា។ បើ​ប្រៀប​ធៀប​សក្តា​នុពល​ដែល​ក្រសួង​ធន​ធាន​ទឹក​បាន​ដោះ​ស្រាយ​រួច​មក​ហើយ​នោះ គឺ​បាន​ប្រមាណ​៤២% ដូច្នេះ​រយៈ​ពេល​កន្លង​មក​នេះ​គឺ​មាន​ការ​រីក​ចំរើន​លឿន។ ដោយ​ឡែក​ក្នុង​ឆ្នាំ​២០១១ ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម​បាន​និង​​កំពុង​ដំណើរ​ការ​លើ​៦៧​ការ​ដ្ឋាន បច្ចុ​ប្បន្ន​ដែល​មាន​ថវិកា​សរុប​ប្រមាណ​១២០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។

ទាក់​ទិន​នឹង​ប្រភព​ថវិកា ១-​ថវិកា​ដោយ​រាជ​រដ្ឋា​ភិបាល​ផ្តល់​ឱ្យ​មាន​កំណើន​ឆ្នាំ​២០១១ មាន​២៤​លាន​ដុល្លារ​​អាមេរិក សំរាប់​ធ្វើ​ការ​ងារ​ធន​ធាន​ទឹក។ ២-​ថវិកា​ដែល​បាន​ពី​ធនា​គារ​អភិ​វឌ្ឍន៍​អាស៊ី ក្នុង​រង្វង់​ជា​២៥​លាន​ដុល្លារ​អាមេរិក។ ៣-​ថវិកា​ដែល​ទទួល​បាន​​ពី​មូល​និធិ​រូបិយ​ប័ណ្ណ​អន្តរ​ជាតិ​ប្រមាណ​៦,៨៥​លាន​ដុល្លារ​អាមេរិក។ ៤-​ថវិកា​ដែល​បាន​ដោយ​ប្រទេស​ជប៉ុន ប្រមាណ​ជាង​១៨​លាន​ដុល្លារ​អាមេរិក ដោយ​ភាគី​ចិន​ជាង​៤១​លាន​ដុល្លារ​អាមេរិក (ជាង​៤១​លាន​ដុល្លារ​នេះ​ចែក​គំរោង​ជា​៣​ចំណែក​អនុ​វត្ត​៣​ឆ្នាំ)។ នៅ​មាន​គំរោង​មួយ​ចំនួន​ទៀត​​ដូច​ជា​ធនា​គារ​ពិភព​លោក ភ្នាក់​ងារ​អភិ​វឌ្ឍន៍​បារាំង ឥឡូវ​ដំណើរ​ការ​បាន​៦៧​ការ​ដ្ឋាន ស្ទើរ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ដែល​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ​១២០​លាន​ដុល្លារ​អាមេ​រិក។

ជា​ពិសេស​នៅ​ក្នុង​អាណត្តិ​ទី​៤​នេះ ក្រសួង​ធន​ធាន​ទឹក ​ធ្វើ​អនុ​ត្តរ​ភាព​ធារា​សាស្ត្រ​ ឥឡូវ​បាន​និង​កំពុង​ធ្វើ​បច្ចុ​ប្បន្នភាព។ ដូច​ជា​ខេត្ត​បន្ទាយ​មាន​​ជ័យ ការ​ធ្វើ​អាង​ធារា​សាស្ត្រ​​ ការ​ធ្វើ​ធារា​សាស្ត្រ​នៅ​អាង​ទឹក​កំពង់​ធំ នៅ​កំពីង​ពួយ ខេត្ត​បាត់​ដំបង។ ក្រសួង​​បាន​និង​កំពុង​ត្រៀម​លក្ខណៈ​ទទួល​​គ្រឿង​ចក្រ​ដែល​ផ្តល់​ដោយ​ភាគី​មិត្ត​ជប៉ុន​១០១​គ្រឿង នៅ​ពេល​ខាង​មុខ ហើយ​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​១១​លាន​ដុល្លារ​អាមេរិក បាន​ចែក​ចេញ​ជា​៥​​តំបន់ គឺ​តំបន់​ទី១​នៅ​ស្នាក់​ការ​កណ្តាល​ភ្នំពេញ, តំបន់​ទី២​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ ព្រះ​វិហារ សៀម​រាប, តំបន់​ទី៣​នៅ​ខេត្ត​តាកែវ, តំបន់​ទី​៤ នៅ​ស្វាយ​រៀង ហើយ​តំបន់​ទី​៥​នៅ​ខេត្ត​បាត់​ដំបង។

ជា​គោល​ដៅ​ជា​ផែន​ការ​របស់​ក្រសួង​បាន​រៀបចំ​នូវ​ការ​ធ្វើ​ទំនើប​ភាវូបនីយ​កម្ម​ខាង​ឧតុ​និយម។ បាន​និង​កំពុង​សហ​ការ​ជា​មួយ​ភាគី​បារាំង​ដើម្បី​ទិញ​ប្រព័ន្ធ​រ៉ាដា បាន​កុម្ម៉ង់​រួច​ហើយ ៦​ខែ​ទៀត​នឹង​ចាប់​ដំឡើង។ ពេល​ណា​បាន​ដំឡើង​រួច​ហើយ គឺ​អាច​ដឹង​បាន​មុន​នូវ​អ្វី​ៗ​ជា​បាតុ​ភូត​នៃ​អាកាស​ធាតុ។ ពេល​ណា​មាន​ប្រព័ន្ធ​រ៉ាដា ហើយ​អាច​ព្យាករណ៍​ជូន​ប្រជា​កសិ​ករ​៦​ខែ​មុន។ កម្ពុជា​សំបូរ​ទឹក​នៅ​រដូវ​វស្សា ប៉ុន្តែ​ខ្វះ​ទឹក​នៅ​តំបន់​មួយ​ចំនួន​នៅ​រដូវប្រាំង ដូច្នេះ​យើង​ធ្វើ​យ៉ាង​ណា​ឱ្យ​រដូវ​​វស្សា​ឱ្យ​មាន​ទឹក​នៅ​តំបន់​នេះ កុំ​ឱ្យ​មាន​ជំនន់​លិច​ភូមិ​ឋាន​ប្រជា​ពល​រដ្ឋ ខូច​ផល​ដំណាំ​ កសិ​ផល ទីប្រជុំ​ជន។ ទាក់​ទិន​នឹង​បញ្ហា​នេះ​គឺនៅ​ខ្វះ​ថវិកា​សំរាប់​ធ្វើ​យ៉ាង​ណា​ដើម្បី​ដោះ​ស្រាយ​វិស័យ​ទឹក​នេះ។

លោក​រដ្ឋ​មន្ត្រី​លឹម គាន​ហោ បាន​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​ថា អ្វី​ដែល​ក្រសួង​ធន​ធាន​ទឹក​បាន​ដោះ​ស្រាយ​ទឹក​បាន​រួច​ហើយ​ សូម​បង​ប្អូន​ប្រជា​កសិ​ករ​យក​ចិត្ត​ទុក​ដាក់​ការ​ងារ​បង្ក​បង្កើន​ផល។ នេះ​ជា​សំណូម​ពរ​ពិសិដ្ឋ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន។ សម្តេច​តេជោ​មិន​ខ្លាច​នឹង​ដោះ​ស្រាយ​ធ្វើ​ធារា​សាស្ត្រ​ជូន​​​ប្រជា​ពល​រដ្ឋ​ទេ តែ​ពេល​មាន​ទឹក​សូម​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​ងារ​បង្ក​បង្កើន​ផល៕