រាជធានីភ្នំពេញ ៖ បុរសម្នាក់បានសន្លប់ធំជាង១ម៉ោងដោយសារជិះម៉ូតូប៉ះគ្នាដួលបណ្តាលឱ្យបោកក្បាលទៅនឹងថ្នល់នៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១១ នៅលើផ្លូវ១០១៩(ភ្នំពេញ-ហាណូយ) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប៉ូលិសជំនាញផ្នែកចរាចរឱ្យដឹងថា បុរសរងគ្រោះឈ្មោះផុន ឆក អាយុ៣៥ឆ្នាំ ជិះម៉ូតូសេ១២៥ ពាក់ស្លាកលេខ១C២៤៧៨តាកែវ ពីជើងទៅត្បូងក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាពទេ។ ពេលនោះម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកធ្វើដំណើរស្របគ្នាវ៉ាឆ្វេងបណ្តាលឱ្យប៉ះដៃចង្កូតរបស់ជនរងគ្រោះបណ្តាលដួលបោកក្បាលទៅថ្នល់តែម្តង។ ភ្លាមនោះភាគីម្ខាងទៀតបើកម៉ូតូគេចខ្លួនបាត់។
ប៉ូលិសបានហៅរថយន្តពេទ្យទៅដឹកជនរងគ្រោះ ប៉ុន្តែដោយយល់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ រថយន្តនោះត្រឡប់ទៅវិញ។ ដូច្នេះហើយប៉ូលិសហៅរថយន្តពេទ្យមួយទៀតមកដឹកជនរងគ្រោះយកទៅសង្គ្រោះ។ ប៉ូលិសឱ្យដឹងថា ជនរងគ្រោះមិនស្លាប់ទេ គឺគ្រាន់តែសន្លប់បាត់ស្មារតីប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ