ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ស្រូវ​​ជាង​​១​ពាន់​គ្រឿង​កកស្ទះនៅ​មាត់ច្រក​ទ្វា​រ​ព្រំដែន​ ខណៈឈ្មួញ​ខ្មែរ​ថា​វៀតណាម​បិទ​មិនឱ្យ​ទូក​ឈ្មួញ​ចូល​មក​ទិញ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្នុង​រយៈពេល ២-៣ ថ្ងៃ​មកនេះ មាន​រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​ប្រមាណ​ជាង១​ពាន់​គ្រឿង បាន​កកស្ទះ​បន្តកន្ទុយ​គ្នា ចំងាយ​ជាង១០​គីឡូម៉ែត្រ នៅ​មាត់ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ បន្ទាយ​ចក្រី…

ខេត្តព្រៃវែង ៖ ក្នុង​រយៈពេល ២-៣ ថ្ងៃ​មកនេះ មាន​រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​ប្រមាណ​ជាង១​ពាន់​គ្រឿង បាន​កកស្ទះ​បន្តកន្ទុយ​គ្នា ចំងាយ​ជាង១០​គីឡូម៉ែត្រ នៅ​មាត់ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ បន្ទាយ​ចក្រី និង​បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ ឆ្លងកាត់​នាំ​គ្នា​រអ៊ូរទាំ​ជា​ខ្លាំង ព្រោះ​ត្រូវ​ចំណាយពេល​រាប់​ម៉ោង​ទំ​រាំ​ឆ្លងកាត់​ផុត​កន្លែង​កកស្ទះ​នេះ​។

មន្ត្រី​ប្រចាំការ​នៅ​មាត់ច្រក​ទ្វា​អន្តរជាតិ​បន្ទាយ​ចក្រី បានឱ្យ​ដឹង​ថា ការ​កកស្ទះ​នេះ​គឺ​ដោយសារ​តែ​បងប្អូន​ប្រជាពលរដ្ឋ នាំ​គ្នា​សំរុក​ដឹកស្រូវ យក​មក​លក់​អោយ​ឈ្មួញ​វៀតណាម មាន​ចំនួន​ច្រើន​ពេក ដោយ​ក្នុង មួយ​ថ្ងៃ​ៗ​ចន្លោះ​ពី ៦០០ ទៅ ៧០០ គ្រឿង​ឯណោះ ប៉ុន្តែ​សមត្ថកិច្ច​ព្រំដែន​ខាង​វៀតណាម បើក​ឱ្យ​ឡាន​ស្រូវ​ខ្មែរ​ចូល​ទៅ​ក្នុង​បេន​ខាង​ដី​គេ ក្នុង​១​ថ្ងៃ​បាន​តែ ២០០ ទៅ ៣០០ គ្រឿង​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ទើប​ឡាន​ស្រូវ ដែល​មក​ដល់​ក្រោយ ត្រូវ​ស្ទះ​បន្តកន្ទុយ​គ្នា​ច្រើន​បែប​នេះ​។

ក្រុម​ឈ្មួញ​រកស៊ី​ដឹកស្រូវ​យក​ទៅ​លក់​នៅ​មាត់ច្រក​បន្ទាយ​ចក្រី​នេះ បានឱ្យ​ដឹង​ថា កាលពីមុន​ពេល​ដែល​មិន​ទាន់​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ មិន​ទាន់​បិទ​ព្រំដែន សមត្ថកិច្ច​ខាង​វៀតណាម គេ​បើក​ឱ្យ​ឈ្មួញ​វៀតណាម បើកទូក​ចូល​មក​ទិញ​ស្រូវ នៅ​ក្នុង​បេន​ខាង​ដី​ខ្មែរ គឺ​មាន​ភាព​ងាយស្រួល​ខ្លាំង​ណាស់ ហើយ​ក៏​មិន​ដែល​មានការ​កកស្ទះ​អី​ដែរ ព្រោះ​បេន​ខាង​ខ្មែរ​ធំ​ទូលាយ និង​មាន​ច្រើន​កន្លែង ទោះ​ឡាន​ស្រូវ​ចុះ​ច្រើន​យ៉ាងណា ក៏​មិន​ស្ទះ​ដែរ បើក​មក​ដល់​ពេល​ណា ចុះទូក​ពេល​ហ្នឹង គឺ​ចំណេញ​ទាំង​ពេលវេលា និង​ថវិកា​។

ប៉ុន្តែ​ចាប់តាំងពី​ផ្ទុះ​កើត​កូ​វី​ដ ហើយ​មានការ​បិទ​ព្រំដែន​មក វៀតណាម​យក​លេស​ថា ការពារ​ឆ្លង​កូ​វី​ដ គេ​បិទ​មិន​អោយ​ទូក​ឈ្មួញ​វៀតណាម ចូល​មក​ទិញ​ស្រូវ​ក្នុង​ដី​ខ្មែរ​ទេ តែ​គេ​បើក​អោយ​ឡាន​ស្រូវ​ខ្មែរ ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ដី​គេ​វិញ ហើយ​បើក​ឱ្យ​ចូល ម្តង​បាន ៥ គ្រឿង​ទៅ ១០ គ្រឿង​ប៉ុណ្ណោះ ខណៈ​ឡាន​ស្រូវ ក្នុង​មួយ​ថ្ងៃ​មាន​ដល់​ទៅ ៦០០ ទៅ ៧០០ គ្រឿង ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​មានការ​កកស្ទះ ហើយ​ទំ​រាំ​បាន​ចុះ​ដល់​ក្នុង​បេន ឡាន​ខ្លះ​ត្រូវ​ដេកចាំ ២ យប់​ទៅ ៣ យប់​ឯណោះ គឺ​ពិបាក​ខ្លាំង​ណាស់ ខាត​ទាំង​ពេលវេលា ខាត​ទាំង​ថវិកា​។

ដោយឡែក​ខាង​ថៅកែ​បេន​ស្រូវ នៅ​ខាង​ដី​ខ្មែរ​ជាប់មាត់​ច្រកព្រំដែន​បន្ទាយ​ចក្រី​នេះ​វិញ បាន​បង្ហើប​ឱ្យ​ដឹង​ថា រឿង​ខាង​ភាគី​វៀតណាម បិទ​មិន​ឱ្យ​ទូក​ឈ្មួញ​វៀតណាម ចូល​មក​ទិញ​ស្រូវ ក្នុង​ដី​ខ្មែរ ដោយសារ​តែ​ខ្លាច​កូ​វី​ដ​នោះ គឺ​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ តែ​ធាតុ​ពិត​មូលហេតុ​សំខាន់ គឺ​មក​ពី​បញ្ហា​ផលប្រយោជន៍​តែ​ម្តង ព្រោះ​ពេល​ឡាន​ស្រូវ​ខ្មែរ​ចូល​ចុះ នៅ​ក្នុង​ដី​វៀតណាម គឺ​ត្រូវ​បង់​សេវា​កម្មករ ជញ្ជីង បេន​និង​សេវា​ផ្សេង​ៗ សរុប​ក្នុង ១ តោន ៦ ដុល្លារ ហើយ​ឡាន​ស្រូវ ១ គ្រឿង​ផ្ទុកស្រូវ​ចំណុះ​ពី ៤០ ទៅ ៥០ តោន ឡាន​ខ្លះ​ដល់ ៦០ តោន បើ​គិត​ជា​មធ្យម​ត្រឹម ៥០ តោន នោះ​ឡាន​ស្រូវ ១ គ្រឿង​ត្រូវ​ចំណាយ​សេវា​អស់ ៣០០ ដុល្លារ ហើយ​ក្នុង​មួយ​ថ្ងៃ ឡាន​ស្រូវ​ចុះ​បាន​ពី ៣០០ ទៅ ៤០០ គ្រឿង នោះ​ស្មើ​និង​៩​ម៉ឺន​ទៅ​១២​ម៉ឺន​ដុល្លារ​ឯណោះ តែបើ​គេ​ឱ្យ​ទូក​ឈ្មួញ​វៀតណាម​ចូល​មក​ទិញ​ស្រូវ​ក្នុង​ដី​ខាង​ខ្មែរ ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ៗ​នេះ គេ​និង​ខាតបង់​ទទេ នេះ​ហើយ​ជា​មូលហេតុ​សំខាន់​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា ក្រៅពី​ខាតបង់​ប្រាក់​ក្នុង​មួយ​ថ្ងៃ​ៗ រាប់​ម៉ឺន​ដុល្លារ​នោះ ភាគី​ខាង​ខ្មែរ​យើង ត្រូវ​ជួប​បញ្ហា​សំខាន់​មួយទៀត នោះ​គឺ​ក្រុម​កម្មករ​ខាង​ខ្មែរ ដែល​ត្រូវ​ពឹង​លើ​ប្រាក់ ដែល​បាន​មក​ពី​ការ​លី​សែង​បាវ​ស្រូវ​ចុះទូក ពេល​ទូក​ចូល​មក​ទិញ​ស្រូវ​នៅ​ខាង​ដី​ខ្មែរ សម្រាប់​ដោះស្រាយ​ជីវភាព ប៉ុន្តែ​ចាប់តាំងពី​វៀតណាម​បិទ​មិន​អោយ​ទូក ចូល​មក​ទិញ​ក្នុង​ដី​ខ្មែរ ក្រុម​កម្មករ​ខ្មែរ​ក៏​ត្រូវ​បាត់បង់​ការងារ​ធ្វើ បាត់បង់​ប្រាក់​ចំណូល រហូត​កម្មករ​ខ្លះ ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​គ្រួសារ ធ្វើ​ចំណាកស្រុក ទៅ​ទី​ឆ្ងាយ​រក​ការងារ​ធ្វើ តែ​វា​ប្រឈម​និង​បញ្ហា​ច្រើន​ណាស់ ពិសេស​គឺ​ខ្លាច​ឆ្លង​កូ​វី​ដ​១៩​តែ​ម្តង​។

ជាមួយ​គ្នា​នេះ​ដែរ ទាំង​ក្រុម​ឈ្មួញ​ខ្មែរ ក្រុម​កម្មករ​ខ្មែរ ក៏​ដូច​ជា​ថៅកែ​បេន​ខាង​ខ្មែរ បាន​នាំ​គ្នា​ធ្វើ​លិខិតស្នើ​សុំ​ទៅ​ខាង​មន្ត្រី​ច្រក​ចក្រី ក៏​ដូច​ជា​ទៅ​អាជ្ញាធរ​ខេត្តព្រៃវែង​ជា​ច្រើន​លើក ដោយ​សុំ​ឱ្យ​ជួយ​ចរចារ ជាមួយ​អាជ្ញាធរ​ខេត្ត​ដុ​ង​ថាប់ ប្រទេស​វៀតណាម អោយ​គេ​ជួយ​សម្រួល​បើក​អោយ​ទូក​ឈ្មួញ​វៀតណាម បាន​ចូល​មក​ទិញ​ស្រូវ​នៅ​ខាង​ដី​ខ្មែរ​ខ្លះ​ផង ដើម្បី​អោយ​ក្រុម​កម្មករ​ខាង​ខ្មែរ មានការ​ងារ​ធ្វើ កាត់​បន្ថយ​ការ​កកស្ទះ​ឡាន​ស្រូវ ដែល​ជួយ​ឱ្យ​ពលរដ្ឋ​ខ្មែរ បាន​ចំណេញ​ទាំង​ពេលវេលា​និង​ថិ​វ​កា​។ ប៉ុន្តែ​ការ​ស្នើ​សុំ​រាល់​លើក គឺ​ពុំ​ទទួល​បាន​លទ្ធផល​សោះ​។

ជុំវិញ​បញ្ហា​នេះ​លោក សួន សុ​ម៉ា​លី​ន អភិបាលរង​ខេត្តព្រៃវែង ទទួល​បន្ទុក​ផ្នែក​សេដ្ឋ​កិ​ច្ឋ បានឱ្យ​ដឹង​ថា ទុក្ខ​លំបាក​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ពេល​នាំ​ស្រូវ​ទៅ​លក់​នៅ​ច្រក​បន្ទាយ​ចក្រី​នេះ ខាង​អាជ្ញាធរ​ខេត្ត​បានដឹង​ហើយ និង​ធ្លាប់​បាន​ធ្វើ​លិខិត​ផ្ញើ​ទៅ​ខាង​អាជ្ញាធរ​ខេត្ត​ដុ​ង​ថាប់ ប្រទេស​វៀតណាម ស្នើ​សុំ​ឱ្យ​ជួយ​សម្រួល​ផង​ដែរ ប៉ុន្តែ​អាជ្ញាធរ​ខាង​វៀតណាម មិនឃើញ​ឆ្លើយ​តប​សោះ រហូត​មក​ដល់​ពេល​នេះ ដូច្នេះ​លោក​ក៏​មិនដឹង​ថា​ត្រូវធ្វើ​យ៉ាង​មិច​ទៀត​ដែរ គឺ​អស់​លទ្ធភាព​ហើយ ហើយ​បើ​យើង​ព្យាយាម​តាម​រយៈ​ការទូត ក្រសួងការបរទេស​វិញ​នោះ យើង​អាច​ធ្វើ​បាន ប៉ុន្តែ​បើ​ខាង​វៀតណាម​គេ​រឹត​បន្តឹង​ថែម​ទៀត លែងឱ្យ​ឡាន​ស្រូវ​ខ្មែរ​យើង​ចូល ទៅ​ខាងគេ​តែ​ម្តង នោះ​បញ្ហា​មិន​ត្រូវ​បាន​ដោះស្រាយ តែ​បែរជា​ចង​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត គឺ​ពិបាក​ណាស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ