ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវជាង១ពាន់​តោន​ក្លាយជាចំណីព្រះអគ្គីកណ្តាលរាត្រី

15 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ អគ្គី​ភ័យ​បាន​លេប​ត្របាក់​រោង​ម៉ាស៊ីន​កិន​ស្រូវ​មួយ​កន្លែង ដែល​មាន​ទំហំ​៤៥​ម៉ែត្រ គុណ​៣៤​ម៉ែត្រ មាន​ដំបូល និង​ជញ្ជាំង​ប្រក់ និង​បាំង​ស័ង្កសី ហើយ​មាន​ផ្ទុក​ស្រូវ​ជាង​មួយ​ពាន់​​តោន។ ទោះ​បី​ជា​បែប​ណា គេ​ពុំ​ទាន់​ដឹង​អំពី​មូល​ហេតុ​ពិត​ប្រាកដ ​ដែល​បណ្តាល​ឱ្យ​មាន​គ្រោះ​អគ្គី​ភ័យ​នោះ​ទេ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ ថ្ងៃ​ទី​៨ ​ឈាន​ចូល​ថ្ងៃ​ទី​៩ មីនា នៅ​ចំណុច​ភូមិ​ឈើ​ទាល ឃុំ​កំពង់​ចិន​ខាង​​ត្បូង ស្រុក​ស្ទោង។ ក្រោយ​ពេល​កើត​ហេតុ​ប្រហែល​មួយ​ម៉ោង​ទើប​រថយន្ត​ពន្លត់​អគ្គី​ភ័យ​របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្តបាន​ទៅ​ដល់​២​គ្រឿង​ជួយ​បាញ់​​ទឹក​ពន្លត់។

តាម​របាយ​ការណ៍​របស់​សមត្ថ​កិច្ច​ស្រុក​ស្ទោង​ឱ្យ​ដឹង​ថា រោង​ម៉ាស៊ីន​កិន​ស្រូវ​នេះ​មាន​ម្ចាស់​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ​ជីវ ហុង​តាំង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ងួន ឈុន​ហួង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ពួក​គេ​ទាំង​២​នាក់​រស់​នៅភូមិ​-​ឃុំ​កើត​ហេតុ​ខាង​លើ។ តាម​ប្រភព​ព័ត៌​មាន​ជំហាន​ដំបូង​ឱ្យ​ដឹង​ថា ស្រូវ​ក្នុង​រោង​ម៉ាស៊ីន​នេះ​ត្រូវ​ភ្លើង​ឆេះ​អស់​ប្រហែល​២០​ភាគ​រយ ចំណែក​រោង​ និង​ម៉ាស៊ីន​កិន​ស្រូវ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច នៅ​សល់​តែ​គំនរ​ស្រូវ​ ដែល​ត្រូវ​ភ្លើង​ឆេះ​​ងំរហូត​ដល់​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៩ មីនា រថយន្ត​ពន្លត់​អគ្គី​ភ័យ​ទាំង​២​គ្រឿង​កំពុង​តែ​បូម​ទឹក​ស្ទឹង​ស្ទោង​ទៅ​បាញ់​ពន្លត់​គំនរ​ស្រូវ​ដែល​នៅ​ឆេះ​ហ៊ុយ​ៗ​​មិន​ទាន់​រលត់​ទាំង​ស្រុង​នៅ​ឡើយ។ កាល​ពី​ដំបូង​គេ​ច្រក​ស្រូវ​នេះ​ដាក់​​បាវ ឬ​ការុង តម្រួត​ដាក់​លើ​គ្នា​ក្នុង​រោង​ម៉ាស៊ីន​ លុះ​ពេល​ភ្លើង​ឆេះ​សំបក​​ការុង​ធ្វើ​អំពី​ជ័រ​អស់​ គេ​ឃើញ​តែ​គំនរ​ស្រូវ​​ប៉ុណ្ណោះ។

ម្ចាស់​រោង​ម៉ាស៊ីន​​​ឱ្យ​ដឹង​ថា ស្រូវ​ក្នុង​រោង​ម៉ាស៊ីន​​មាន​ចំនួន​ជាង​មួយ​ពាន់​តោន​ជា​ប្រភេទ​ស្រូវ​ម្លិះ​ ពួក​គាត់​ទិញ​អស់​ប្រាក់​ជាង​២​លាន​ដុល្លារ។ ទាក់​ទិន​នឹង​អគ្គី​ភ័យ​នេះ​ដែរ មាន​ប្រភព​ខ្លះ​ធ្វើ​ការ​សន្និ​ដ្ឋាន​ថា អាច​បណ្តាល​មក​ពី​ទុស្សេ​ចរន្ត​អគ្គិ​សនី។ ប្រភព​ខ្លះ​ទៀត​ថា អាច​បណ្តាល​មក​ពី​បំពង់​សឺម៉ាំង​ម៉ាស៊ីន​កិន​ស្រូវ​ក្តៅ​ខ្លាំង​ពេក ហើយ​មាន​​ផ្កា​ភ្លើង​ប៉ើង​ទៅ​ប៉ះ​ បណ្តាល​ឱ្យ​ឆេះ​តិច​ៗ​រហូត​រាល​ដាល​ឆេះ​ខ្លាំង​ទើប​បង្ក​ឱ្យ​មាន​អគ្គី​ភ័យ​ឆេះ​ឡើង ពី​ព្រោះ​នៅ​ពេល​ថ្ងៃ​មុន​កើត​ហេតុ​ រោង​ម៉ាស៊ីន​នេះ​មាន​កិន​ស្រូវ​ច្រើន​ខុស​ប្លែក​ធម្មតា។ លុះ​ដល់​ពេល​ល្ងាច​ទើប​ម្ចាស់​រោង​ម៉ាស៊ីន​ និង​កម្ម​ករ​នាំ​គ្នា​ចាក់​សោ​រោង​ ហើយ​នាំ​គ្នាមក​យាម​នៅ​ក្រៅ​រោង​ម៉ាស៊ីន។ លុះ​ពេល​ភ្លើង​ឆេះ​ពេញ​បន្ទុក​ហើយ​ទើប​ពួក​គេ​ដឹង ក៏​នាំ​គ្នា​ផ្អើល​ឆោឡោ​ឡើង​តែ​ម្តង។

តាម​មន្ត្រី​ការិយា​ល័យ​ព័ត៌​មាន​ស្រុក​ស្ទោង​ឱ្យ​ដឹង​ថា ការ​ខូច​ខាត​សរុប​អស់​ប្រហែល​មួយ​លាន​ដុល្លារ ពី​ព្រោះ​គ្រាន់​តែ​ក្បាល​ម៉ាស៊ីន​កិន​ស្រូវ​​មាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​ និង​ឆេះ​ស្រូវ​អស់​មួយ​ចំនួន​ធំ ព្រម​ទាំង​ឆេះ​សំភារ​ផ្សេង​ៗ​អស់​ជា​ច្រើន​ទៀត។ ក្នុង​គ្រោះ​អគ្គី​ភ័យ​នេះ ពុំ​​បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស ឬ​ឆេះ​រាល​ដាល​ដល់​ផ្ទះ​អ្នក​ជិត​ខាង​ឡើយ៕