ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិតជាមិនធម្មតា​! ពេល​ដឹង​បទ​ពិសោធន៍​និង​ទេព​កោសល្យ​ម្ចាស់​មកុដ Miss Grand International 2020

3 ឆ្នាំ មុន

អន្តរជាតិ ៖ អបអរសាទរ​! បវរកញ្ញា​អា​មេ​រិ​ក Abena Akuaba Appiah បាន​គ្រង​មកុដ​បវរកញ្ញា Miss Grand…

អន្តរជាតិ ៖ អបអរសាទរ​! បវរកញ្ញា​អា​មេ​រិ​ក Abena Akuaba Appiah បាន​គ្រង​មកុដ​បវរកញ្ញា Miss Grand International ប្រចាំឆ្នាំ ២០២០ ដែល​ធ្វើ​ឡើង​នៅ​រាជធានី​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី ២៧ ខែ មីនា ម្សិលមិញ ដោយ​មាន​បេក្ខភាព​ចូលរួម​សរុប​៦៣​នាក់​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​គ្នា​។ ក្នុង​នោះ​រួម​ទាំង​បវរកញ្ញា​កម្ពុជា​ផង​ដែរ គឺ​កញ្ញា លីវ ជី​លី ដែល​បាន​ជាប់​ក្នុង​តំណែង Top 20 ។

សូម​បញ្ជាក់​ថា ក្នុង​ការ​ប្រកួត​នេះ ចំណាត់ថ្នាក់​លេខ​២​បាន​ទៅ​លើ​បវរកញ្ញា​ហ្វី​លី​ពី​ន Samantha Bernardo និង​លេខ​៣​បាន​ទៅ​លើ​បវរកញ្ញា​ហ្គា​តេ​ម៉ា​ឡា Ivana Batchelor​។

សម្រាប់​អ្នក​ចូល​ចិត្ត​តាមដាន​ការ​ប្រកួត​បវរកញ្ញា​អន្តរជាតិ ច្បាស់​ជា​ប្រហែល​ៗ​មុខ​បវរកញ្ញា Appiah ដោយសារ​តែ​នាង​បាន​ចូលរួម​ការ​ប្រកួត​ថ្មី​ៗ​នេះ ក្នុង​កម្មវិធី​បវរកញ្ញា​ផែនដី (Miss Earth) ឆ្នាំ ២០១៩ ដែល​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​ហ្វី​លី​ពី​ន​។

គ្រប់​គ្នា​នឹង​កាន់តែ​ភ្ញាក់ផ្អើល​ថែម​ទៀត នៅ​ពេល​បានដឹង​អំពី​បទ​ពិសោធន៍​, ទេព​កោសល្យ រួម​នឹង​សមត្ថភាព​ដ៍​អស្ចារ្យ​របស់​បវរកញ្ញា Appiah កាលពី​ពេល​កន្លង​មក ដែល​មាន​ត្រួស​ៗ​ដូច​នៅ​ខាងក្រោម​៖

ការ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​សម្រស់​ជា​ច្រើន​ពេល​កន្លង​មក ៖ នាងAppiah បាន​ចូលរួម​ការ​ប្រកួត​ជា​ច្រើន ដែល​ជា​បេក្ខភាព​តំណាង​ឱ្យ​ប្រទេស​ហ្គា​ណា​រួម​មាន Miss Universe ឆ្នាំ ២០១៤, Miss Earth ឆ្នាំ ២០១៩​។ និង​កម្ម​វី​ធី Queen Beauty Universe ឆ្នាំ ២០១៦ ជា​កន្លែង​ដែល​រូប​នាង​បាន​នាំ​យក​មកុដ​ឯក​ត្រឡប់​មក​ផ្ទះ​វិញ និង​ក្លាយ​បវរកញ្ញា​ហ្គា​ណា​ដំបូង​គេ ដែល​ឈ្នះ​ជើងឯក​កម្មវិធី​បវរកញ្ញា​លំដាប់​អន្តរជាតិ​។

សម្រាប់​ឆ្នាំ​នេះ​ក្នុង​ការ​ប្រកួត​បវរកញ្ញា Miss Grand International នាង​ជា​បេក្ខភាព​តំណាង​ឱ្យ​សហរដ្ឋអាមេរិក ហើយ​ក៏​ក្លាយជា​ជនជាតិ​អាហ្វ្រិក​-​អា​មេ​រិ​ក​ដំបូង​បង្អស់​ដែល​ទទួល​តួនាទី​ជា​បវរកញ្ញា Grand USA ។

​នាង​ចង់​ក្លាយជា​អ្នក​ផ្សព្វផ្សាយ​សំលេង​សំរាប់​យុវវ័យ​ដែល​ត្រូវ​បាន​គេ​សម្លុត ៖ ក្នុង​វ័យ​សិក្សា Appiah ត្រូវ​គេ​ធ្វើបាប​ចំអក​មើលងាយ​ដោយ​ពាក្យ​សំដី ដែល​មិនមែន​ដោយ​ក្មេង​ៗ​នោះ​ទេ ប៉ុន្តែ​ដោយ​គ្រូ​នាយក​សាលា និង​មិត្ត​រួមការ​ងារ​។ នាង​ធ្លាប់​បាន​សរសេរ​លើ​បណ្តាញ Instagam ថា «​ខ្ញុំ​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​គ្រប់​ប្រភេទ​ដូច​ជា​សំរាម និង​ស្វា​ខ្មៅ​អាក្រក់​ជាដើម ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ធ្លាប់​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង​ទាំងស្រុង​»​។

ប៉ុន្តែ​នាង​នៅ​តែ​អាច​ជម្នះ​លើ​វា​បាន រហូត​ក្លាយជា​បវរ​កញ្ញាឯក​ម្នាក់​។ Appiah បាន​លើក​ឡើង​ថា «​ឥឡូវ​ខ្ញុំ​ដឹង​ថា​អ្វី​ៗ​អាច​ធ្វើ​ទៅ​បាន​ដរាបណា​អ្នក​ជឿជាក់ ហើយ​ប្តេជ្ញា​ថា​នឹង​សម្រេច​វា​។ គ្មាន​នរណា​ម្នាក់​អាច​បញ្ឈប់​អ្នក​បាន​ឡើយ​»​។

​នាង​គី​ជា​តន្ត្រីករ​មួយ​រូប ៖ ជា​ក្មេង​ស្រី​ដ៏​មាន​ទេព​កោសល្យ​ម្នាក់​ក្នុង​អាយុ​៩​ឆ្នាំ Appiah មាន​សមត្ថភាព​ដូច​ជា​ការ​ច្រៀង​, ការ​និពន្ធ​ចម្រៀង និង​លេង​ឧបករណ៍​ភ្លេង​ដូច​ជា ហ្គី​តា និង​ឧបករណ៍​ផ្លុំ Recorder និង Clarinet យ៉ាង​ស្ទាត់ជំនាញ​។

នាង​ធ្លាប់​ចូលរួម​ប្រកួត​កម្មវិធី X Factor ថែម​ទៀត​ផង ប៉ុន្តែ​បាន​ដោះ​បង់​បេក្ខភាព​វិញ ដោយសារ​កាលវិភាគ​ប្រកួត​ប៉ះពាល់​ដល់​ការ​ប្រឡង​របស់​នាង​។ ហើយ​បច្ចុប្បន្ន Appiah បាន​ចេញ​បទ​ចម្រៀង​ចំនួន ៥ បទ ក្នុង​នោះ ៣ បទ​មាននៅ​លើ​កម្មវិធី Spotify និង Apple Music​។

​ជាតា​រា​ម៉ូ​ដែល និង​បាន​បង្ហាញខ្លួន​នៅ​ក្នុង​វី​ដេ​អូ​ចម្រៀង ៖ នាង Appiah បាន​ដើរ​បង្ហាញ​ម៉ូ​ដ​នៅ​មហាវិទ្យាល័យ Radford University College ក្នុង​ទីក្រុង Accra ប្រទេស​ហ្គា​ណា​។ នាង​ក៏​បាន​ឈ្នះ​បវរកញ្ញា Talent Ghana ក្នុង​ឆ្នាំ ២០១២ និង Top Model Ghana ក្នុង​ឆ្នាំ ២០១៣ ផង​ដែរ​។ ហើយ​នាង​ក៏​ជា​បេក្ខភាព​តំណាង​ហ្គា​ណា ក្នុង​កម្មវិធី​ជ្រើសរើស​ម៉ូ​ដែល​កំពូល​របស់​ពិភពលោក ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ប្រទេស​អេ​ហ្ស៊ី​ប​។ ក្រៅពី​នោះ​នាង​ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូ​ដ​ជាមួយ Contour Fashion Week, New York Fashion Week, Vlisco, Woodin, Da Viva និង GTP​។

រូប​សម្រស់​, សមត្ថភាព និង​ទេព​កោសល្យ​នេះ​ហើយ​បាន​ធ្វើ​ឱ្យ នាង​ Appiah បង្ហាញមុខ​នៅ​ក្នុង​វី​ដេ​អូ​ចម្រៀង​របស់​តារា​ល្បី​ដូច​ជា​បទ Wake Up In The Sky របស់ Gucci Mane, Bruno Mars និង Kodak Black និង​បទ El Anillo របស់ Jennifer Lopez ៕ (​ដកស្រង់​ចេញពី philstarlife.com)

វី​ដេ​អូ​ចម្រៀង​នាង​ចូលរួម​សម្តែង​៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ