«វប្បធម៌សន្ទនា» រវាងបក្សកាន់អំណាច និងបក្សប្រឆាំង ត្រូវបានមតិនានាបង្ហាញថា ទំនងដូចជាទទួលមរណភាពទៅហើយ ។ ការប្រយុទ្ធគ្នាដោយវោហាសាស្ត្រកន្លងមកនេះ ត្រូវបានមតិនានាបញ្ចេញទស្សនៈថា គ្មានជីវិតអាចរស់នៅបានទៀតទេ ព្រោះលក្ខខណ្ឌទាំងឡាយ ដែលមានចែងសម្រាប់ការធ្វើដំណើរ របស់វប្បធម៌ប្លែកមួយនេះ ត្រូវបានរំលោភទាំងស្រុងជាបន្តបន្ទាប់ ។
ដោយសារមិនទាន់ឃើញមានស្ថាបនិកនៃ «វប្បធម៌សន្ទនា» ទាំង២មិនទាន់ «ផ្អែម» ដាក់គ្នានោះ ទើបគេគិតថា ប្រហែលជា «ក្ស័យជីវិត» មែនទេដឹង ?
ប៉ុន្តែសម្រាប់អាឡេវនៅគិតថា ដរាបណាមិនទាន់ឮមីក្រូចាក់បទ «សម្លេងខ្លងខែក» ដរាបនោះសង្ស័យថា «វប្បធម៌សន្ទនា» គ្រាន់តែដង្ហើមចង្រិតប៉ុណ្ណោះ។ ថ្ងៃណាមួយត្រូវខ្យល់អុកស៊ីហ្សែន… ទំនងងើបឡើងវិញ… លងគេ លងឯងជាមិនខាន ។
ជីវិតមនុស្ស និងសត្វក៏ដូចជីវិត «វប្បធម៌សន្ទនា» ដែរ… សង្គមបច្ចុប្បន្នមិនចង់ឱ្យដាច់ដង្ហើមទេ… ចង់ឱ្យមានជីវិតបន្តទៀត… សម្រាប់នាំសង្គម ឬនាំនាវា ទៅកាន់ត្រើយសន្តិភាព…
កុំយូរពេក… ប្រសិនបើមិនអាចមានជីវិតរស់នៅទេ… គួរចាក់ផ្សាយ «សម្លេងខ្លងខែក» ឱ្យហើយទៅ… ងាយស្រួលម្ចាស់ឆ្នោតពិចារណា… តើត្រូវបោះឆ្នោតឱ្យបក្សមួយណា ? បោះឆ្នោតឱ្យបក្សកាន់អំណាច ឬបោះឱ្យបក្សជេរ ?
សង្គមខ្មែរយើងសព្វថ្ងៃនេះមិនល្ងង់ទេ… កាន់ខាងបក្សមានអំណាចវាយ៉ាងម៉េច ? កាន់ខាងបក្សជេរវាយ៉ាងម៉េច ? គួរតែពិចារណាឱ្យខ្លាំង… ប្រសិនបើមិនចង់ឃើញល្បែង«រត់ជាន់គ្នា»… ។ ចាស់ៗធ្លាប់រត់ហើយ… ក្មេងៗជាន់ក្រោយឯណេះទេដែលមិនធ្លាប់…
មានទស្សនៈមួយផ្លោងមកថា… អ្នកចាញ់នៅតែចាញ់… គឺចាញ់មួយជីវិត ។ ឯអ្នកឈ្នះនៅតែឈ្នះ… ឈ្នះមួយជីវិត ។ គិតខ្លីពេក… ឱ្យវាអីចឹងទៅចុះ !!
អាឡេវ
ចែករំលែកព័តមាននេះ